ការធ្វេសប្រហែសនិងខ្វះការប្រុងប្រយ័ត្ននឹងបណ្តាលឲ្យកើតមាន​រលកទី២នៃកូវីដ.១៩

178
ចែករម្លែក

ដោយ:គង់ហេង/កំពង់ចាម ៖ អាជ្ញាធរខេត្តកំពង់ចាម បានប្រកាសកុំឳ្យប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋានធ្វេសប្រហែស ខ្វះការប្រុងប្រយ័ត្នភ្លេចអនាម័យខ្លួនប្រាណ និងមិនបង្កើនការអប់រំ ផ្សព្វផ្សាយពីវិធានការអនាម័យ ដែលនឹងបណ្តាលឳ្យកើតមានរលកទី២ នៃជំងឺកូវីដ.១៩ លើទឹកដីកម្ពុជា។

នៅក្នុងជំនួបជាមួយគ្រួសារខ្មែរឥស្លាមប្រមាណ ៤៦០ គ្រួសារក្នុងពិធីចែកកញ្ចប់អាហារស្រាយបួសបុណ្យរ៉ម៉ាឌន សាលាតះហ្វីហ្សនៅភូមិទី៣ ឃុំកោះសូទិន ស្រុកកោះសូទិន ខាងទឹកដីកោះប៉ែននៅព្រឹក លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធាន​គណ:កម្មការខេត្តប្រយុទ្ធនឹងជំងឺកូវីដ.១៩ បានថ្លែងថា ខេត្តកំពង់ចាម ពិតជាគ្មានអ្នកជំងឺកូវីដ.១៩ប្រាកដមែន ប៉ុន្តែបែរជាមានប្រជាពលរដ្ឋដើរហាត់ប្រាណតាមសួនច្បារមួយចំនួននៅក្រុងកំពង់ចាម នៅកៀកគ្នា។ ដែលផ្ទុយនឹងបម្រាមរបស់អង្គការសុខភាពពិភពលោក ក៏ដូចក្រសួងសុខាភិបាល។

លោកប្រធានគណ:កម្មការខេត្តប្រយុទ្ធនឹងជំងឺកូវីដ.១៩បានមានប្រសាសន៍ថា ដូច្នេះ​បងប្អូនប្រជាពលរដ្ឋទាំងអស់មិនអាចធ្វេសប្រហែសប្រលែងចោលបានទេ គឺយើងនៅតែបន្តការខិតខំប្រឹងប្រែងក្នុងការការពារខ្លួនប្រាណរបស់យើង កុំឳ្យឆ្លងមេរោគកូវីដ.១៩ពីអ្នកដទៃ គឺយើងខ្លាច«រលកកូវីដ.១៩ទី២ កើតឡើង»។

លោកអភិបាលខេត្តកំពង់ចាមបានមានប្រសាសន៍ទៀតថា ការព្រួយបារម្ភរលកទី២ នៃកូវីដ.១៩មានកត្តាចំនួនពីរគឺ: ប្រជាពលរដ្ឋយើងភ្លេចខ្លួន អាងថាជំងឺមួយនេះលែង និងមិនមានផ្ទុកអ្នកជំងឺក្នុងសហគមន៍មូលដ្ឋានរបស់យើង។ បញ្ហាភ្លេចខ្លួនមិនមានអនាម័យ មិនចេះការពារខ្លួន សម្អាតខ្លួន ការទំនាក់ទំនងមានភាពជិតស្និទ្ធិ និងខ្វះការប្រុងប្រយ័ត្ន។

លោកបានបន្តថា កត្តាទី២ គឺភ្លេចខ្លួនរបស់អាជ្ញាធរមូលដ្ឋាន ដែលមិនបានបង្កើនការអប់រំ ការផ្សព្វផ្សាយ ពីវិធានការអនាម័យឳ្យប្រជាពលរដ្ឋយកចិត្តដាក់ប្រតិបត្តិតាមនោះ។ ដែលនាំឳ្យមានការវាយតម្លៃថា រលកទី២ នៃជំងឺកូវីដ.១៩ នឹងកើតមានឡើងម្តងទៀតក្នុងករណីដែលយើងមានការធ្វេសប្រហែស មិនប្រុងប្រយ័ត្ននោះ៕/B

ទីតាំងផ្សាយពាណិជ្ជកម្ម