ទិវា​អន្តរជាតិ​នៃ​គ្រួសារ​: គ្រួសារ មាន​តួនាទី និង​ជា​កន្លែង​សំខាន់បំផុត ក្នុងដំណាក់កាល​កូ​វីដ ១៩

319
ចែករម្លែក

ភ្នំពេញៈ ដើមឡើយ​គេ​យល់ថា “ ការថែទាំ​គ្រួសារ “ គឺជា​ករណី​កិច្ច​ជា​លក្ខណៈ​ឯកជន​របស់​មេផ្ទះ មេ​គ្រួសារ និង​សមាជិកគ្រួសារ​នីមួយៗ​។ ប៉ុន្តែ​ក្រោយមក គេ​ដឹងថា គ្រួសារ និង សង្គម​មាន ទំនាក់ទំនង ដោយ​ទទួលរង​ឥទ្ធិពល​ពីគ្នា ទៅវិញទៅមក យ៉ាងសំខាន់​តម្រូវ​ឱ្យគេ​ត្រូវ​រួមគ្នា យល់ដឹង​ពីគ្នា ឱ្យបាន​ប្រសើរ ទើប​អង្គការសហប្រជាជាតិ បានអនុម័ត យក​ថ្ងៃទី​១៥ ខែ​ឩ​សភា ឱ្យមាន​ទិវា​អន្តរជាតិ​នៃ​គ្រួសារ នៅ​ឆ្នាំ​១៩៩៣ ហើយ​ត្រូវបាន​ពិភពលោក ប្រារព្ធ​ចាប់ពី​ឆ្នាំ​១៩៩៤ ។​

​និយមន័យ​
​ពាក្យ​ថា “ គ្រួសារ “ គឺជា​ក្រុម​នៃ​មនុស្ស​រួម​សម្បាច់​បញ្ចូល​គ្នា​ដោយ​សែស្រឡាយ​សាច់​សា លោហិត (​ពី​កំណើត​) សម្ព័ន្ធ​ដ៏​ស្និទ្ធ (​អាពាហ៍ពិពាហ៍​)​ឬ ក៏​កា​រស់នៅក្នុង​លំនៅ​ជាមួយគ្នា និង (​ឬ ក៏​) រួម​ជីវភាព ។ សមាជិក​ក្នុង​គ្រួសារ​ជាដំបូង អាចជា បុរស ស្ត្រី ជា​ភរិយា ស្វាមី និង ឳ​ពុក ម្តាយ កូនប្រុស កូនស្រី និង​បងប្អូន ប្រុស​ស្រី រីក​ដល់​ជីដូន ជីតា មី ពូ ក្មួយ សាច់​បង្កើត សាច់ថ្លៃ និង ប្រសា ជាដើម ។

​នៅក្នុង​សង្គមមនុស្ស ភាគច្រើនបំផុត គ្រួសារ គឹជា​មូលដ្ឋានគ្រឹះ​សម្រាប់​ការធ្វើ​ស​ង្គ​មូ​ប​និ​យ​កម្ម​របស់​កូន ឬ អ្នក​បន្ត​វង្ស​ត្រកូល​មនុស្ស ។ នៅក្នុង គ្រួសារ​នៃ​វប្បធម៌​ជាតិ​សាសន៍​ខ្លះ ស្ត្រី​ដែលជា​ម្តាយ ឬ ជា​ភរិយា មាន​តួនាទី​ប្រកៀកប្រកើយ​នឹង សមាជិក ក្នុង​គ្រួសារ​ជាង​នរណាៗ​ទាំងអស់ (​មេផ្ទះ​) ខណៈ​បុរស ដែលជា​ឳ​ពុក ឬ ជា​ស្វាមី មាន​កាតព្វកិច្ច​ប្រកបការងារ​ខាងក្រៅ​ច្រើន​បំផុត សម្រាប់​រក​ធនធាន​ផ្គត់ផ្គង់​គ្រួសារ (​បង្គោល ឬ មេ​គ្រួសារ​) ចំណែក​គ្រួសារ​ខ្លះ មាន​ភាពខុសគ្នា​ពីនេះ ចំណែក​គ្រួសារ នៃ​វប្បធម៌​ជាតិ​សាសន៍​ខ្លះ បុរស និង ស្ត្រី ចែករំលែក ឬ រួមចំណែកគ្នា នូវ​រាល់​កិ​ច្ចា​នុ​កិច្ច​តាម​សមគួរ ។

​គ្រួសារ ជួនកាល​ក៏ត្រូវ​បាន​គេ​ប្រៀបប្រដូច ជា​សហគមន៍​មួយ ជា​ប្រទេសមួយ ជា​ភូមិ​មួយ នៃ​មនុស្សជាតិ​ផងដែរ ។ គ្រួសារ ក៏​ជា​ស្ថាប័ន​សេដ្ឋកិច្ច​ដ៏​សំខាន់បំផុត​មួយ​ក្នុង​លោក ។ គ្រួសារ ជា​កន្លែង​ផ្តល់កំណើត ជា​កន្លែង​ដែល​មនុស្ស​គ្រប់រូប​ធំធាត់ ចម្រើន​វ័យ ជា​កន្លែង​ទទួលទាន​អាហារ ជា​កន្លែង​ទទួលទានដំណេក ជា​កន្លែង​សិក្សា ជា​កន្លែង​ចែករំលែក និង ទទួលយក​បទពិសោធ​ន៍ និង​សុខទុក្ខ ។​

​មុខងារ​ដ៏​សំខាន់​មួយ ក្នុងចំណោម​មុខងារ​សំខាន់ៗ​ជាច្រើន នៃ​គ្រួសារ គឺពាក់ព័ន្ធ​នឹង​គម្រោង ផលិតកម្ម និង​ការបន្ត​ពូជ​មនុស្ស និង​សង្គម ហើយក៏​ជា​អ្នកថែរក្សា​ការពារ​លើកតម្កើង​ប្រពៃណី វប្បធម៌ អរិយធម៌​របស់​មនុស្ស​ជាតិ​ផងដែរ​។ គ្រួសារ គឺជា​កន្លែង​ផ្តល់ឱ្យ និង​ជា​កន្លែង​ទទួលបាន​នូវ ការ​បីបាច់​ថែរក្សា​ការពារ យកចិត្តទុកដាក់​បណ្តុះ​បណ្តាល​អប់រំ និង ទំនុកបម្រុង ទាំង​ផ្លូវកាយ ផ្លូវ​អារម្មណ៍ និង​ស្មារតី បើទោះជា​ការពិត វា​មាន​សភាព​ខុសៗ​គ្នា​ជា​អនេក​ក៏ដោយ ។​

​មូលហេតុ​ឱ្យមាន​ទិវា​គ្រួសារ​
​កាលដើមឡើយ មនុស្ស​ភាគច្រើន យល់ថា គ្រួសារ គឺជា​ករណី​កិច្ច​របស់​បុគ្គល​ឯកជន​ពោលគឺ វា​ពុំមែន​ជា​បញ្ហា​សាធារណៈ ឬ​សង្គម​ឡើយ ។ ប៉ុន្តែ​គេ​សុទ្ធតែ​បានដឹងថា គ្រួសារ​នឹង​ទទួលបាន សុខទុក្ខ ពុំមែន​ដោយសារតែ​បុគ្គល ឬ​សមាជិក​ក្នុង​គ្រួសារ​នីមួយៗ​តែ​ម្យ៉ាង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​គ្រួសារ គឺជា​ស្ថាប័ន​ទទួលរង​ផលប៉ះពាល់ ពី​បរិយាកាស​ជុំវិញ ឬ​ពី​សហគមន៍ ពី​សង្គម ពី​ជាតិ ពី​អន្តរជាតិ និង​ពី​ពិភពលោក​ទាំងមូល​ផងដែរ ហើយ គ្រួសារ ក៏​ជា​ប្រភព ឬ​ជា​មូលដ្ឋាន នៃ​ការបញ្ចេញ ឥទ្ធិពល ឬ លទ្ធកម្ម ទៅ​បរិយាកាស​ជុំវិញ ឬ សហគមន៍ ទៅ​សង្គម ទៅ​ជាតិ​ទៅ​អន្តរជាតិ និង​ទៅ​ពិភពលោក ទាំងមូល វិញ​ផងដែរ ។​

​គិត​ត្រឡប់​សា​ឡើងវិញ គេ​នឹង​បាន​ឃើញថា បើ​គេ​ត្រូវការ ថែរក្សា ការពារ អភិរក្ស ឬ អភិវឌ្ឍន៍ សហគមន៍ សង្គមជាតិ ឬ ពិភពលោក​ទាំងមូល នោះ គេ​មិនអាច​មើលរំលង គ្រួសារ បានឡើយ ឬ ក៏​ថា គ្រួសារ និង សហគមន៍ សង្គម ជាតិ អន្តរជាតិ និង ពិភពលោក​ទាំងមូល រមែង​បញ្ចេញ និង ទទួលរង​ផលប៉ះពាល់​ដល់​គ្នា​ទៅវិញទៅមក ពោល​គឺថា ការមើល​ថែទាំ​គ្រួសារ​ពុំមែន​ធ្វើទៅបាន តាមរយៈ​ការខិតខំ​យកចិត្តទុកដាក់​របស់​មេផ្ទះ មេ​គ្រួសារ និង សមាជិកគ្រួសារ​នីមួយៗ​រៀងៗ ខ្លួន​ឡើយ ប៉ុន្តែ​វា​ត្រូវមាន​ការថែទាំ​សហគមន៍ សង្គម ជាតិ អន្តរជាតិ ផងដែរ​ដែល​តម្រូវឱ្យ​មាន ការយល់ដឹង​និង​ចែករំលែក​ពី​គ្រួសារ​មួយ​ទៅ​គ្រួសារ​មួយ​ជា​ទៀងទាត់ ដ្បិត​គឺ​គ្រួសារ​នេះឯង​ហើយ បង្កើតបានជា​សង្គម ដែល​នឹង​នាំឱ្យមាន​វប្បធម៌ និង សេដ្ឋកិច្ច​ជាដើម ។​

​ដោយ​យល់ឃើញថា គ្រួសារ មាន​សារសំខាន់ និង មាន​ឥទ្ធិពល​ខ្លាំងក្លា​ដូច​បាន​ពោល​យ៉ាង​សង្ខេប ខាងលើ ទើប​នៅ​ថ្ងៃទី​១៥ ខែ​ឩ​សភា ឆ្នាំ​១៩៩៣ អង្គការសហប្រជាជាតិ​អនុម័ត​ទទួលយក​ទិវា​ស្តី ពី​គ្រួសារ ឱ្យទៅជា ទិវា​អន្តរជាតិ នៃ​គ្រួសារ ។ មួយឆ្នាំ​ក្រោយមក ពោលគឺ​នៅ​ថ្ងៃទី​១៥ ខែ​ឩ​សភា ឆ្នាំ​១៩៩៤ ទើប​ទិវា​នេះ ត្រូវបាន​គេ​ប្រារព្ធ ជា​រៀង​រហូតមក ។​

​ទិវា​អន្តរជាតិ​នៃ​គ្រួសារ ត្រូវបាន​ប្រារព្ធ​ឡើង ដើម្បី​ឆ្លុះបញ្ចាំង​ពី​សារសំខាន់​របស់​សហ​គម​ន៍​អន្តរជាតិ ផ្សាភ្ជាប់​ទៅនឹង​គ្រួសារ ។ ទិវា​អន្តរជាតិ​នេះ ផ្តល់ឱ្យ​នូវ​ឱកាស​ដើម្បី​លើកកម្ពស់​ការយល់ដឹង​អំពី​បញ្ហា​នានា​ដែល​ជះឥទ្ធិពល​ប៉ះពាល់​ដល់ គ្រួសារ និង​បង្កើន​ការយល់ដឹង​អំពី​ដំណើរការ​របស់​សង្គម សេដ្ឋកិច្ច និង​ប្រជាសាស្ត្រ​ដែល​ផ្សា ភ្ជាប់​នឹង​គ្រួសារ ។​

​របៀប​ប្រារព្ធ​
​នៅតាម​បណ្តា​ប្រទេស​មួយចំនួន លើ​ពិភពលោក ទិវា​អន្តរជាតិ​នៃ​គ្រួសារ គឺជា​ថ្ងៃ​សម្រាក សាធារណៈ ចំណែក​ប្រទេស​ខ្លះ ដូចជា​នៅ​កម្ពុជា ជាដើម ពុំបាន​យក​ទិវា​នេះ ជា​ថ្ងៃ​សម្រាក​ឡើយ ប៉ុន្តែ​ពួកគេ បាន​ប្រារព្ធ​ទិវា​ជា​រៀងរាល់ឆ្នាំ ។ សកម្មភាព​ដែល​គេ​ធ្វើ​នៅថ្ងៃនេះ​មានការ​រៀបចំ ឱ្យមាន​ការជួបជុំ​ជា​សាធារណៈ ឬ​ជា​លក្ខណៈ​បើកចំហរ ដើម្បី​ជជែក​ដេញដោល​ឬ​លើក​ជា​សំណួរ ពាក់ព័ន្ធ​បញ្ហា​នានា ក្នុង​សហគមន៍ សង្គមជាតិ និង អន្តរជាតិ ដែល​អាច​ជះ​ផលប៉ះពាល់​ដល់​គ្រួសារ ហើយ​ការជួបជុំ​ទាំងនោះ​អាចជា​សិក្ខាសាលា ជា​សន្និសីទ​សារព័ត៌មាន ផលិតកម្ម​វិធី​តាម​វិទ្យុ តាម​ទូរទស្សន៍ អត្ថបទ​កាសែត និង​កម្មវិធី​វប្បធម៌​នានា​ដែល​អាច​ឆ្នុះ​បញ្ចាំង​នូវ​ហេតុការណ៍ ដែល​ពាក់ព័ន្ធ​នឹង​គ្រួសារ ។​

​នៅ​ឆ្នាំ​២០១៨ ទិវា​អន្តរជាតិ នៃ គ្រួសារ​របស់​អង្គការសហប្រជាជាតិ​ប្រព្រឹត្តទៅ​ក្រោម​ប្រធានបទ “​គ្រួសារ​មាន​តួនាទី​សំខាន់ ក្នុងការ​លើកកម្ពស់ សីលធម៌​សង្គម និង ការអភិវឌ្ឍ​ប្រទេសជាតិ “ ។​

​រាជរដ្ឋាភិបាល​កម្ពុជា បានចេញ​អនុក្រឹត្យ ស្តីពី​ទិវា​អន្តរជាតិ នៃ គ្រួសារ ១៥ ឧសភា ដើម្បី​រួមគ្នា អនុវត្ត​សេចក្តីសម្រេច​របស់​អង្គការ​សហ​ប្រជា​តិ​ជាតិ​ហើយ​បានប្រគល់​ភារកិច្ច​នេះ​ទៅឱ្យ​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា ជា​សាមីក្រសួង ។

​នៅ​ឆ្នាំ ២០១៨ នេះ គឺជា​ឆ្នាំ​ទី ២៨ ហើយ​ដែល​កម្ពុជា រួមជាមួយ​ពិភពលោក​ប្រារព្ធ​ទិវា អន្តរជាតិ នៃ គ្រួសារ ។​

​គ្រួសារ ក្នុងដំណាក់កាល​កូវ​ដី ១៩
​ដោយសារ​ស្ថានភាព​ជំងឺ​កូ​វីដ ១៩ មិនទាន់​អាច​ទុកចិត្តបាន​នៅឡើយ ទើប​ឆ្នាំ​២០២០ នេះ កម្ពុជា មិន​ប្រារព្ធ​ទិវា​នេះឡើយ ។ ទោះយ៉ាងណា ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា ដោយមាន​នាយកដ្ឋាន សុខុមាលភាព​សង្គម ជា​សេនាធិការ បាន​ចាត់ចែង​សេចក្តីណែនាំ​ផ្សេងៗ ឱ្យ​គិតគូរ​យកចិត្តទុកដាក់ ថែទាំ​គ្រួសារ​ឱ្យបាន​ល្អ ។​

​លើសពីនេះ​ទៅ លោក ឈួ​រ សុ​បញ្ញា ប្រធាន​នាយកដ្ឋាន​សុខុមាលភាព​សង្គម បាន​ពន្យល់ថា គ្រួសារ​មាន​តួនាទី​សំខាន់បំផុត ក្នុងដំណាក់កាល​ដែល​ពិភពលោក​និយាយ​ជារួម និង​ប្រទេស​កម្ពុជា និយាយ​ដោយឡែក កំពុង​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ ១៩ ! គ្រួសារ​មាន​តួនាទី​សំខាន់បំផុត ដោយហេតុថា មានតែ​គ្រួសារ​ទេ ទើប​ជា​កន្លែង​ដែលមាន​សុវត្ថិភាព​បំផុត​ជាង​ទីណាៗ​ទាំងអស់ ទូទាំង​ពិភពលោក ។ គ្រួសារ​គឺជា​មូលហេតុ ដ៏​សំខាន់បំផុត​ក្នុងការ​រក្សា​ឱ្យបាន​នូវ​សុវត្ថិភាព ពី​ជំងឺ​កូ​វីដ ១៩ ហើយក៏​មានតែ​គ្រួសារ​ដែរ ដែល​ផ្តល់​ភាពកក់ក្តៅ ទាំង​ផ្លូវកាយ និង ផ្លូវចិត្ត នៅក្នុង​ដំណាក់កាល​ដ៏​មាន​បម្រាម​យ៉ាងច្រើន​នេះ ។​

​ក្នុងន័យនេះ លោក ឈួ​រ សុ​បញ្ញា ចង់​បន្ថែមថា ដំណាក់កាល កំពុង​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ ១៩ នេះ គឺជា​ពេលដែល​មនុស្ស​គ្រប់គ្នា ត្រូវ​គិតគូរ​យកចិត្តទុកដាក់​ជាង​ពេលណាៗ​ទាំងអស់​ក្នុងការ ថែរក្សា​ការពារ​គ្រួសារ​របស់ខ្លួន​ឱ្យមាន​សុវត្ថិភាព និង កក់ក្តៅ ហើយ​កាតព្វកិច្ច នៃ​ការថែទាំ គ្រួសារ​នោះ​ទៀតសោត មិនមែនជា​កាតព្វកិច្ច​ផ្តាច់មុខ​របស់​មេ​គ្រួសារ មេផ្ទះ ឬ​បុគ្គល​សំខាន់​ណា តែ​ម្នាក់​ឡើយ ប៉ុន្តែ​វា​ជា​កាតព្វកិច្ច​របស់​មនុស្ស​គ្រប់ៗ​គ្នា ហើយ​ថា​លុះណាតែ​គ្រួសារ​មាន សុវត្ថិភាព ទើប​សហគមន៍ និង ប្រទេសជាតិ ក៏ដូចជា​ពិត​ភព​លោក​ទាំងមូល មាន​សុវត្ថិភាព និង ជោគជ័យ​លើ​ជំងឺ​កូ​វីដ ១៩ ទៅបាន ៕

​លោក ឈួ​រ សុ​បញ្ញា ប្រធាន​នាយកដ្ឋាន​សុខុមាលភាព​សង្គម នៃ ក្រសួង​សង្គមកិច្ច
គំនូរ​ពិ​ព័​ណ​នា​អំពី​ទិវា​អន្តរជាតិ​នៃ​គ្រួសារ

ទីតាំងផ្សាយពាណិជ្ជកម្ម