ទើបតែប្រទះឃើញសត្វទន្សោង៧ក្បាល តែបែរជាងាប់វិញអស់ ២ក្បាលទៅវិញ

250
ចែករម្លែក

ដោយៈសាតចាន់បុត្រ/មណ្ឌលគិរី៖លោកនេត្រ ភក្រ្តា រដ្ឋលេខាធិការ និងជាអ្នកនាំ ពាក្យក្រសួងបរិស្ថាន បានបញ្ជាក់កាលពីប៉ុន្មានថ្ងៃមុននេះថា អ្នកវិទ្យាសាស្រ្តខាងសត្វព្រៃរបស់អង្គការ WWF បានប្រទះឃើញសត្វទន្សោងមួយហ្វូងនេះ មានចំនួនសរុប ប្រមាណជា៧ក្បាល ក្នុងនោះមានរាប់បញ្ចូលទន្សោងវ័យជំទង់មួយក្បាល និងទន្សោងបាធំមួយក្បាល រត់ប្រដេញគ្នាទំនងបណ្តាលមកពីពួកវាផ្អើលដោយហ្វូងសត្វដទៃទៀត ឬផ្អើលនឹងវត្តមានរបស់អ្នកតាមដាន និងស្រាវជ្រាវសត្វព្រៃ នៅតំបន់ព្រៃទេសភាព ខាងលើកាលពីចុងខែមេសាកន្លងទៅនេះ។

តែគួរឲ្យសោកស្តាយបំផុត ថនិកសត្វមាឌធំជិតផុតពួជខាងលើនេះ កាលពីថ្ងៃទី១៣​ឧសភា ត្រូវគេប្រទះឃើញងាប់ ហើមស្អុយទៅវិញ នៅលើដីក្រុមហ៊ុនលឹមរ៉ូយ៉ាល់ ដែលមានមូលដ្ឋានជាប់នឹងដែនជម្រកសត្វព្រៃភ្នំព្រេច។

នាយខណ្ឌរដ្ឋបាលព្រៃឈេីខេត្តមណ្ឌលគិរី​ លោក​ អ៊ុំ​ វណ្ណសុភៈ​ ឱ្យ​ដឹងថា​  ក្រុមហ៊ុនលឹម រ៉ូយ៉ាល់បានរាយការណ៍ថា​មានសត្វទន្សោងងាប់នៅក្នុងដីក្រុមហ៊ុន​។  ​ 

ក្រុមការងារខណ្ឌរដ្ឋបាលព្រៃឈេី​ បានចុះទៅពិនិត្យដល់ទីតាំងកើតហេតុ​ដោយសហការជាមួយក្រុមហ៊ុន លឹម រ៉ូយ៉ាល់ ។តាមការពិនិត្យ​ជាក់ស្តែងនៅនឹងកន្លែងកើតហេតុក្រុមការងារបានឃើញសត្វទន្សោងញីចំនួន២ក្បាល​បានងាប់មានសភាពហើមស្អុយ ប្រហែលជាងាប់៣ទៅ ៤ថ្ងៃមកហើយ។ សត្វទន្សោងដែលងាប់នេះ​ ត្រូវបានជនមិនស្គាល់មុខបាញ់នៅក្នុងព្រៃការពារភ្នំព្រេច​ ហើយវាបានរត់មកងាប់នៅក្នុងដីក្រុមហ៊ុនចម្ងាយពីផ្លូវធំប្រហែល៣០ម៉ែត្រ។

បច្ចុប្បន្នក្រុមការងារបានធ្វើការកប់សពសត្វទន្សោងនៅនឹងកន្លែងកើតហេតុតែម្តង។ 

លោក​ កែវ​ សុភក៌​ ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី​  សម្ដែងការសោកស្ដាយ​យ៉ាងខ្លាំងចំពោះការបាត់បង់ប្រភេទសត្វដែលកម្រ​បែបនេះ ។ លោកបន្តថា​ បានចាត់មន្រ្តីជំនាញចុះធ្វេីការស្រាវជ្រាវ​ ករណីបាញ់សត្វទន្សោងនេះហេីយ​ ដេីម្បីវែកមុខរកជនដែលធ្វើទុក្ខបុកម្នេញលើសត្វទាំងខុសច្បាប់នេះ៕សរន/Ha

ទីតាំងផ្សាយពាណិជ្ជកម្ម