មន្ត្រី​សុខាភិបាល​ដែល​ត្រូវបាន​ដកចេញ ព្រមាន​ថា​” សហរដ្ឋ​អាម៉េរិក​មិនមានផែនការមេ​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​វីរុស​”

241
ចែករម្លែក

​លោក​រិក ប្រា​យ​( Rick Bright) មន្ត្រី​សុខាភិបាល​អាម៉េរិក ដែល​ត្រូវ​បាន​បណ្តេញចេញ​ពី​តំណែង​នេះ​បាន​ព្រមាន​សភា​អាម៉េរិក​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​១៤​ឧសភា​ថា រដ្ឋបាល​របស់​ប្រធានាធិបតី ដូ​ណា​ល់​ត្រាំ​ មិនមាន​”​ផែនការមេ​”​ដើម្បី​ប្រយុទ្ធប្រឆាំង​ជំងឺ​រាតត្បាត​កូវី​ដ​១៩​ ហើយ​មិន​បាន​ត្រៀម​ទុកជាមុន​ក្នុងការ​ចែកចាយ​និង​ចាក់​វ៉ាក់សាំង​ការពារ​ដល់​ប្រជាជន​អាម៉េរិក​រាប់លាន​នាក់​នោះទេ​។​

​លោក រិក ប្រា​យ បាន​និយាយ​ប្រាប់​សមាជិកសភា​ថា ដោយ​គ្មាន​ផែនការ​ច្បាស់លាស់ ជាមួយនឹង​ការឆ្លើយតប​សមស្រប​និង​ទាន់ពេលនោះ ឆ្នាំ​២០២០ អាច​ជា​ពេលវេលា​ដ៏​ប្រឈម​បំផុត​ជា​ច្រើន​ទសវត្សរ៍​​សម្រាប់​ជនជាតិ​អាម៉េរិក​។​

​លោក​រិក ប្រា​យ ត្រូវបាន​ដកចេញ​ពី​តំណែង​កាលពី​ខែ​មុន​ក្នុងឋានៈ​ជា​ប្រធាន​អាជ្ញាធរ​ស្រាវជ្រាវ​និង​អភិវឌ្ឍន៍​ជីវ​វេជ្ជសាស្ត្រ (BARDA) ដែល​ភ្នាក់ងារ​នេះទទួលបន្ទុក​បង្កើត​វ៉ាក់សាំង​ប្រឆាំង​មេរោ​គឆ្លង​។​

​លោក រិក ប្រា​យ ក៏​បាន​ព្រមាន​ផងដែរ​ថា រយៈពេល​កំណត់​ពី ១២ ទៅ ១៨​ខែ​ដែល​កំពុង​ត្រូវបាន​ពិភាក្សា​សម្រាប់​ការបង្កើត​វ៉ាក់សាំង​នោះ គឺ​អាច​ជា​ការ​ប្រឈម​ខ្លាំងពេក​។​

​លោក​និយាយថា​” ខ្ញុំ​គិតថា​វា​នឹង​ចំណាយ​ពេល​យូរ​ជាង​នេះ​ដើម្បី​ធ្វើ​កិច្ចការ​នេះ​។ ពីព្រោះ​យើង​ត្រូវមាន​ផែនការ​យុទ្ធសាស្ត្រ​និង​ពេលវេលា​សមស្រប​ដើម្បី​ធ្វើ​ឱ្យ​ប្រាកដ​ថា​យើង​មិន​ត្រឹមតែ​អាចបង្កើត​​វ៉ាក់សាំង​និង​ចែកចាយ​វា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ត្រូវ​គ្រប់គ្រង​វា​ដោយ​ផែនការ​ត្រឹមត្រូវ​និង​សមស្រប​ផងដែរ​”​។​

​ក្រុម​អ្នកជំនាញ​រដ្ឋាភិបាល​និង​ឯកជន​ជាច្រើន បាន​សង្កត់ធ្ងន់ថា ជំងឺ​រាតត្បាត​ដែល​រហូត​មកដល់ពេលនេះបាន​ឆ្លង​ដល់​ប្រជ​ន​ជាតិ​អាម៉េរិ​ចំនួន ១,៤ លាន​នាក់​និង​បណ្តាលឱ្យ​មនុស្ស​ស្លាប់​​ជាង ៨៤.០០០ នាក់​នៅ​ទូទាំង​ប្រទេស​អាម៉េរិក​នេះ អាច​ស្ថិត​ក្រោម​ការគ្រប់គ្រង​បាន​ទាំងស្រុង​តាមរយៈ​ថ្នាំ​វ៉ាក់សាំង​៕​ប្រែ​សម្រួល​៖​សុខា​/sn/Ha

លោក​រិក ប្រា​យ បាន​ប្រាប់​សភា​ថា​រដ្ឋា​ភិបាល​នេះ​បាន​បរាជ័យ​ក្នុង​ការចាត់​វិធាន​ការប្រឆាំង​វីរុស​កូវី​ដ​១៩

ទីតាំងផ្សាយពាណិជ្ជកម្ម