រាប់រយ​នាក់​ប្រឆាំង​បទបញ្ជា​ស្នាក់​នៅផ្ទះ នៅ​ក្រៅ​សភា​រដ្ឋ​មី​ស៊ី​ហ្គែ​ន​

195
ចែករម្លែក

​ជនជាតិ​អាម៉េរិក​រាប់រយ​នាក់​ដែល​ពោរពេញ​ដោយ​កំហឹង​និង​ការខកចិត្ត​ដោយសារតែ​បទបញ្ជា​អោយ​ស្នាក់​នៅ​ក្នុងផ្ទះ បាន​នាំគ្នា​ធ្វើ​ការតវ៉ា​ប្រឆាំង​នៅ​ក្រៅ​សភា​ប្រចាំ​រដ្ឋ​មី​ស៊ី​ហ្គែ​ន​កាលពី​ថ្ងៃ​ព្រហស្បតិ៍​​ទី​១៤​ឧសភា ដោយ​ពួកគេ​ឈរ​ទាំង​កណ្តាល​ភ្លៀង​និង​អំពាវនាវ​អោយ​បន្ធូរបន្ថយ​ការ​រឹតត្បិត ហើយ​បើក​ការលក់ដូរ​រកស៊ី​ឡើងវិញ ដោយ​ផ្គើន​នឹង​បំរាម​របស់​អភិបាលរដ្ឋ​លោកស្រី ហ្គ្រេ​ឆិន វ៉ា​យ​មឺ​។​

​បាតុកម្ម​នេះ​មាន​ទ្រង់ទ្រាយ​តូច​ជាង​ការជួបជុំ​តវ៉ា​ស្រដៀង​គ្នា​កាលពី​មុនៗ​។​

​ការប្រឆាំង​តវ៉ា​ចុងក្រោយ​នេះ ដឹកនាំ​ធ្វើ​ដោយ​ក្រុម​មួយ​ឈ្មោះថា Michigan United for Liberty ជា​ក្រុម​សកម្មជន​អភិរក្ស​មួយ​ដែល​បាន​ប្តឹង​អភិបាលរដ្ឋ ហ្គ្រេ​ឆិន វ៉ា​យ​មឺ និង​បាន​រៀបចំ​ការប្រឆាំង​​តវ៉ា​ជា​ច្រើន​នា​ពេលកន្លងមក​។​

​មនុស្ស​ដែល​ចូលរួម​បាតុកម្ម​នេះ​បាន​ស្រែក​ថា «​គ្រប់​កម្មករ​មាន​សារសំខាន់​។​ធ្វើអោយ​មី​ស៊ី​ហ្គែ​ន​ដំណើរការ​ឡើងវិញ ។​បញ្ឈប់​អំពើ​ផ្តាច់ការ​…»​។​

​បាតុករ​ម្នាក់​ឈ្មោះ ដា​វីត សាក់ថុន បាន​និយាយថា​លោក​បាន​បាត់បង់​ការងារ​ធ្វើ និង​កំពុង​ទទួល​ប្រាក់ឧបត្ថម្ភ​សំរាប់​ភាព​អត់​ការងារ​ធ្វើ​តែ​លោក​បញ្ជាក់ថា​«​យើង​ចង់អោយ​អាជីវកម្ម​ខ្លះ​បើក​ដំណើរ​​ការ​វិញ​។​វ៉ាក់សាំង​ប្រឆាំង​កូវី​ដ​១៩​នឹង​មិន​មាន​ប្រើ​ទេ​នៅ​១​ឆ្នាំ​កន្លះ​ទៀត ហើយ​ការ​បន្ត​បិទ​មិន​ជា​ការល្អ​ទេ​។​អ្នកនឹង​សម្លាប់​រដ្ឋ​នេះ ..»​។​

​ទោះ​ជា​ប៉ូលិស​រដ្ឋ​និង​រដ្ឋ​អាជ្ញា​បាន​ព្រមាន​អំពី​ការនាំ​កាំភ្លើង​មក​ធ្វើ​ការតវ៉ា​និង​ការមិន​គោរព​ការណែនាំ​អោយ​នៅ​ឃ្លាត​ពីគ្នា​៦​ហ្វ៊ុត​(១,៨​ម៉ែត្រ​)​ក៏​គេ​មិនឃើញ​មាន​ការចាប់ខ្លួន​អ្នក​ប្រឆាំង​តវ៉ា​ណា​ម្នាក់​ទេ​៕​ប្រែ​សម្រួល​៖​វាសនា​

ក្នុង​បាតុកម្ម​ប្រឆាំង​ការបិទ​រដ្ឋ​កាលពី​ថ្ងៃ​១៤​ឧសភា​នៅ​មី​ស៊ី​ហ្គែ​ន បាតុករ​បាន​ឈរ​នៅ​កៀក​គ្នា​និង​ខ្លះ​នាំ​កាំភ្លើង​មក​ជាមួយ​ផង ដោយ​បំពាន​នឹង​បំរាម​របស់​អាជ្ញាធរ

ទីតាំងផ្សាយពាណិជ្ជកម្ម