គណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍ពិភាក្សាពីស្រូបទាញភ្ញៀវទេសចរជាតិដើម្បី ជួយប៉ះប៉ូវដល់អាជីវកម្មទេសចរណ៍ដែលកំពុងរងផលប៉ះពាល់ដោយ សារកូវីដ១៩

130
ចែករម្លែក

ដោយ:អង្គរតូច/សៀមរាប ៖ ស្របពេលដែលវិបត្តិនៃជំងឺកូវីដ១៩ កំពុងបន្តជះឥទ្ធិពលយ៉ាងអាក្រក់ដល់ដំណើរការអាជីវកម្មនានាដែលពាក់ព័ន្ធនឹងវិស័យទេសចរណ៍ ដូចជា វិស័យសណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន និងសេវាដឹកជញ្ជូនជាដើម គណៈ កម្មការអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាបបានដាក់ចេញនូវផែនការគន្លឹះមួយចំនួន ទាក់ទាញភ្ញៀវទេសចរជាតិមកទស្សនានៅខេត្តសៀមរាប ដើម្បីជួយជ្រោមជ្រែងដល់អ្នកពាក់ព័ន្ធនឹងវិស័យទេសចរណ៍។

យន្តការគន្លឹះដែលគណៈកម្មការគ្រោងដាក់ចេញ ដើម្បីទាក់ទាញទេសចជាតិមានដូចជា ជំរុញឲ្យបណ្តាស្រុក ជាពិសេស ស្រុកដែលមានសក្តានុពលទេសចរណ៍ធ្វើការផ្សព្វផ្សាយឲ្យបានទូលំទូលាយនូវគោលដៅទេសចរណ៍របស់ខ្លួនតាមរយៈមធ្យោបាយងាយៗដូចជាបណ្តាញហ្វេសបុកជាដើម។ ការជំរុញឲ្យមានកម្មវិធីទេសចរណ៍ខ្នាតតូចដូចជា បោះតង់ ជិះកង់កម្សាន្ត ការរៀបចំសម្អាតបរិស្ថាន ហេដ្ឋារចនាសម្ព័ន្ធ និងស្តង់ដារចំណីអាហារដែលធានាសុវត្ថិភាពដល់អ្នកប្រើប្រាស់ជាដើម។

កិច្ចប្រជុំស្វែងរកយន្តការទាក់ទាញភ្ញៀវទេសចរជាតិកាលពី ព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ ២០២០ នៅសាលាខេត្តសៀមរាប លោក ពៅ ពិសិដ្ឋ អភិបាល រងខេត្តសៀមរាប បានថ្លែងថា ស្ថានភាពបច្ចុប្បន្ន យើងមិនអាចរង់ចាំភ្ញៀវទេសចរអន្តរជាតិនោះទេ។ តែត្រូវរិះរកវិធីសាស្ត្រយ៉ាងណាឲ្យភ្ញៀវជាតិមកទស្សនាតំបន់ទេសចរណ៍ឲ្យបានច្រើន។ ទោះមិនអាចជំនួសភ្ញៀវទេសចរអន្តរជាតិបាន តែភ្ញៀវទេសចរជាតិអាចជួយជំរុញឲ្យសេវាកម្មទេសចរណ៍នានាឲ្យដំណើរការបានមួយចំនួនផងដែរ។

ជាមួយគ្នានោះ លោកសុខ សង្វារ អគ្គនាយករងអាជ្ញាធរជាតិអប្សរា និងជាអនុប្រធានគណៈកម្មការបានគាំទ្រនូវយន្តការ ដែលអង្គប្រជុំបានលើកឡើង ដើម្បីជំរុញឲ្យចលនាទេសចរណ៍ ក្នុងចំណោមភ្ញៀវជាតិ។ ទោះជាយ៉ាងណាលោកក៍បានក្រើនរំឭកដល់អង្គប្រជុំអំពីការរៀបចំព្រឹត្តិការណ៍ទេសចរណ៍ គឺត្រូវគិតគូរដល់ការបង្ការពីការរីករាលនៃជំងឺកូវីដ១៩ ស្របតាមគោលការណ៍របស់រាជរដ្ឋាភិបាល ដោយ សារ តែជំងឺនេះមិនទាន់ស្ងប់ស្ងាត់ទាំងស្រុងនោះទេ។

លោកអគ្គនាយករង ក៏បានជំរុញឲ្យបង្កើតក្រុមការងារតូចមួយក្នុងចំណោមគណៈកម្ម​ការនេះ ដើម្បីសិក្សាស្រាវជ្រាវបទពិសោធន៍ពីបណ្តាប្រទេសផ្សេងៗ ដែលគេបានរៀបចំឡើងក្នុងវិបត្តិកូវីដនេះដែរ។ ជាពិសស ឆ្លៀតឱកាសប្រែក្លាយបញ្ហានេះទៅជាឱកាសដើម្បីរៀបចំគោលដៅទេសចរណ៍របស់យើង ដូចជា បញ្ហាបរិស្ថាន ហេដ្ឋារចនាសម្ព័ន្ធ ការបណ្តុះបណ្តាលបុគ្គលិក មគ្គុទ្ទេសក៍ទេសចរណ៍ជាដើម៕/B

ទីតាំងផ្សាយពាណិជ្ជកម្ម