ស្រុកបង្កើតថ្មីនៅជាប់ព្រំដែនកម្ពុជា​និងឡាវចាប់ផ្តើមស្តារអភិវឌ្ឍន៍

167
ចែករម្លែក

ដោយ:សុខុម/ស្ទឹងត្រែង ៖ ស្ពានឈើមួយកន្លែងនិងផ្លូវចាក់បេតុង ជិត៣០០ម៉ែត្រគ្រោងស្ថាបនាក្នុងពេលឆាប់ៗខាងមុខនេះនៅស្រុកបុរីអូរស្វាយសែនជ័យ ដែលទើបតែបង្កើតថ្មីជាប់ព្រំដែនកម្ពុជានិងឡាវ។

ស្រុកបុរីអូរស្វាយសែនជ័យខេត្តស្ទឹងត្រែង មានចំនួន៣ឃុំ គឺឃុំអូរស្វាយឃុំព្រះរំកិលនិងឃុំកោះស្នែង។ប្រជាពលរដ្ឋរស់នៅជាង៣ពាន់គ្រួសារ នៅលើដីកោះ តាមដងទន្លេនិងជាប់ព្រំប្រទល់កម្ពុជា ឡាវ ។

សូមរំលឹកបន្តិចផងថា ស្រុកចុងកាត់មាត់ញកមួយនេះសម្តេចព្រះបរមរតនកោដ្ឋ សម្តេចនរោត្តមសីហនុវរ្ម័ន នៃព្រះរាជាណាចក្រកម្ពុជា ដែលជាព្រះបិតាជាតិខ្មែរបានយកប្រជាពលរដ្ឋមករស់នៅបង្កបង្កើនផលនិងការពារព្រំដែនព្រមទាំង បានដាក់ឈ្មោះថា បុរីអូរស្វាយ នាសម័យទស្សវត្ស៦០ ដោយបន្សល់ទុកនៅរូបសំណាកស្តូប របស់ព្រះអង្គជានិត្តរូប នៅក្រោមដើមពោធិ៍ដ៍ធំមួយមានម្លប់ត្រឈឹងត្រឈៃ។

លោក លី មីណា អភិបាលស្រុក បុរីអូរស្វាយសែនជ័យបានឲ្យដឹងថា លោកមានគម្រោងនឹងធ្វើផ្លូវបេតុង ជិត៣០០ម៉ែត្រនៅជុំវិញសួនច្បារ តែនៅមិនទាន់សម្ភោធបើកការដ្ឋាននៅឡើយទេ។ពេលចាប់ផ្តើមស្ថាបនានឹង មានបំពាក់ភ្លើងសូឡាបំភ្លឺផ្លូវ ក្នុងទីរួមស្រុកទាំងមូលដើម្បីទាក់ទាញការចាប់អារម្មណ៍ ពីមហាជន ភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិផង។

ជាមួយនោះក៏មានសាងសង់ស្ពានឈើមួយកន្លែងទៀត ពីព្រោះថាស្ពានឈើសហគមន៍សាមគ្គីកើតចេញ ពីកម្លាំងសាមគ្គីរបស់ពលរដ្ឋក្នុងឃុំ ហើយសហការគ្នាជាមួយអាជ្ញាធរស្រុក ចាស់ទ្រុធទ្រោមទៅហើយ។ ប្រជាពលរដ្ឋរស់នៅឃុំអូរស្វាយសម្តែងនូវក្តីរីករាយបើសិនជាមានស្ពាននិងមានការកែប្រែស្រុកមុខមាត់ថ្មីនេះ៕/B

ទីតាំងផ្សាយពាណិជ្ជកម្ម