អាងប្រព្រឹត្តកម្មទឹកកខ្វក់នឹងជួយ​ឲ្យបរិស្ថានក្រុងកំពតកាន់តែប្រសើរឡើង

214
ចែករម្លែក

ដោយ:បូកគោ/កំពត ៖ ការសាងសង់អាងប្រព្រឹត្តកម្មទឹកកខ្វក់នៅក្រុងកំពតមានបំណងធ្វើឱ្យបរិយាកាស និងបរិស្ថានកាន់តែប្រសើរឡើង ពិសេសដើម្បីបង្កើនការចាប់អារម្មណ៍សម្រាប់ភ្ញៀវជិតឆ្ងាយ។ អាងចម្រោះទឹកនេះមានទីតាំងជាប់នឹងសួនកុមារឆ្នេរព្រែកកំពង់បាយស្ថិតក្នុងភូមិកំពង់បាយខាងត្បូង សង្កាត់កំពង់បាយ ក្រុងកំពត។

លោកធន់ សុរ៉ាវុធ អនុប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពតបានប្រាប់ឱ្យដឹងថា អង្គភាពគ្រប់គ្រងគម្រោងអភិវឌ្ឍន៍ក្រុងរបៀងមហាអនុតំបន់ទន្លេមេគង្គទីពីរសម្រាប់ក្រុងកំពតមានអនុគម្រោងបីជាសំខាន់។ អនុគម្រោងទាំអនោះគឺ ប្រព័ន្ធរំដោះទឹកភ្លៀង បណ្តាញលូបង្ហូរទឹកស្អុយ និងអាងចម្រោះទឹកចំនួនបីដែលស្ថាបនាសាងសង់ក្រោមប្រាក់កម្ចីពីធនាគារអភិវឌ្ឍន៍។

លោកអនុប្រធានមន្ទីរបានបញ្ជាក់ថាអាងចម្រោះទឹកកខ្វក់ទីមួយជាផ្នែកនៃអនុ​គម្រោង ដែលបានចាប់ផ្តើមដំណើរការសាងសង់តាំងពី​ខែតុលា ឆ្នាំ២០១៩ ហើយនឹងត្រូវបញ្ចប់នាខែតុលាឆ្នាំ២០២១ ក្នុងទំហំទឹកប្រាក់ប្រមាណប្រាំបួនលានដុល្លារ។ អាងចម្រោះនេះមានសារសំខាន់ក្នុងការបញ្ចៀសភាពលិចលង់ក្រុង ការបំពុលទឹក បំពុលបរិយាកាស និងបំពុលបរិស្ថានក្រុងកំពត។

ក្រោយពេលធ្វើហើយរួចរាល់ ទឹកកខ្វក់ដែលហូរចេញពីផ្ទះប្រជាពលរដ្ឋជាងពីរពាន់ខ្នងនឹងត្រូវចូលក្នុងអាងប្រព្រឹត្តកម្មនោះ។

លោ កធន់ សុរ៉ាវុធ បានបន្តថាអាងប្រព្រឹត្តកម្មទឹកកខ្វក់ទីមួយ នឹងជួយឱ្យលំនៅស្ថានប្រជាពលរដ្ឋក្នុងតំបន់មួយចំនួនដែលធ្លាប់រងការលិចលង់ដោយសារទឹកភ្លៀង និងគ្មានប្រព័ន្ធលូត្រឹមត្រូវនោះមានភាពប្រសើរឡើងវិញ។ និយាយារួម ស្ថានភាពនៃការរស់នៅរបស់ប្រជាពលរដ្ឋនឹងលែងមានក្លិនអសោចិ៍ បរិយាកាស និងបរិស្ថានល្អប្រសើរ ពិសេសមិនប៉ះពាល់ដល់សុខភាពពលរដ្ឋ និងភ្ញៀវដែលមកកម្សាន្តទៀតឡើយ។ បន្ថែមលើនោះ អាងប្រព្រឹត្តកម្មទឹកកខ្វក់នឹងរួមចំណែងក្នុងការបង្កើនសោភ័ណភាព អនាម័យសម្រាប់ការរស់នៅ ក៏ដូចជាកន្លែងប្រកបអាជីវកម្មនានាក្នុងក្រុងឱ្យកាន់តែមានភាពទាក់ទាញបន្ថែមទៀត៕/B

ទីតាំងផ្សាយពាណិជ្ជកម្ម