រដ្ឋបាលស្រុកបូទុមសាគរ តម្លើងឧបករណ៍ហាត់ប្រាណចំនួន១២ គ្រឿងជាប្រយោជន៍ផ្នែកសុខភាពដល់ពលរដ្ឋ

114
ចែករម្លែក

ដោយ:សុផានីតា/កោះកុង ៖ ឧបករណ៍ហាត់ប្រាណចំនួន១២គ្រឿង ត្រូវបានអាជ្ញាធរស្រុកបូទុមសាគរបំពាក់តម្លើងនៅលើសួនច្បារមុខអគាររដ្ឋបាលស្រុក ដើម្បីបម្រើប្រយោជន៍លើកកម្ពស់សុខុមាលភាពជូនប្រជាពលរដ្ឋទូទៅ ខណៈបញ្ហាសុខភាពជារឿងចម្បងដែលត្រូវគិតគូរយកចិត្តទុកដាក់ជាប្រចាំ។

ក្រោយពីគៀងគរថវិកាឧបត្ថម្ភពីសប្បុរសជនបន្តបន្ទាប់មក ១ខែមកនេះ ឧបករណ៍ហាត់ប្រាណទំនើបៗចំនួន១២គ្រឿងបានតម្លើងព្រមគ្នាបម្រើជាប្រយោជន៍រួមផ្នែកសុខភាពប្រជាពលរដ្ឋទៅតម្រូវការចង់ប្រើប្រាស់។ ហើយការដាក់ឱ្យប្រើប្រាស់នូវឧបករណ៍ហាត់ប្រាណនេះ ធ្វើឡើងក្រោមវត្តមានលោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង។

លោក ហាក់ ឡេង អភិបាលស្រុកបូទុមសាគរ លើកឡើងកាលពីរសៀលថ្ងៃទី១៣ ខែឧសភា ២០២០ថ្មីៗនេះថា តបតាមការណែនាំរបស់លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង ក្នុងស្មារតីលើកកម្ពស់សុខភាពសាធារណៈតាមរយៈការធ្វើលំហាត់ប្រាណរាល់ពេលព្រឹក ឬល្ងាច។ ក្រុមការងារអាជ្ញាធរស្រុក បានសម្រេចគៀងគរថវិកាពីសប្បុរសជនទិញនិងបំពាក់ឧបករណ៍ហាត់ប្រាណនេះឡើង ក្នុងគោលបំនងដើម្បីឱ្យពលរដ្ឋដើរលំហែកាយ ហាត់ប្រាណបានទៅតម្រូវការ ម៉្យាងទៀតបង្កើនសោភណ្ឌភាពសណ្តាប់ធ្នាប់ទីរួមស្រុកកាន់តែទាក់ទាញពីសំណាក់ភ្ញៀវទេសចរផងដែរ។

ទោះបីជាពេលនេះ ពុំសូវមានពលរដ្ឋចេញមកក្រៅអំឡុងពេលមានជំងឺកូវីដនេះក៏ដោយ លោក ហាក់ ឡេង ជឿជាក់ថា ចាប់ពីថ្ងៃនេះតទៅ ពលរដ្ឋនឹងមកលេងកម្សាន្ត ក៏ដូចជាហាត់ប្រាណទៅតាមឧបករណ៍ដែលលទ្ធភាពពួកគាត់អនុវត្តទៅបាន។

ក្រៅពីតម្លើងឧបករណ៍ហាត់ប្រាណ ក៏មានដែលការបំពាក់បង់អង្គុយកម្សាន្ត ធុងសំរាម ដោយអាជ្ញាធរស្នើដល់ប្រជាពលរដ្ឋទូទៅចូលរួមថែរក្សាអនាម័យសណ្តាប់ធ្នាប់ និងសម្បត្តិសាធារណៈទាំងអស់គ្នា ដើម្បីជាប្រយោជន៍ទៅអនាគតបានគង់វង្ស។

និន្នាការហាត់ប្រាណដើម្បីសុខភាពប្រចាំថ្ងៃ ហាក់ត្រូវបានគេឃើញថា មានទាំងយុវជននិងមនុស្សវ័យចំណាស់ផ្តោតការយកចិត្តទុកដាក់យ៉ាងសំខាន់ នាពេលបច្ចុប្បន្ន។ ដោយសារតែយល់ដឹងពីអត្ថប្រយោជន៍នៃការធ្វើលំហាត់ប្រាណខ្លាចកើតមានជំងឺផ្សេងៗ ជាពិសេសគឺការចំណាយថវិកាច្រើន ដើម្បីទៅរកសេវាពិនិត្យ និងព្យាបាលនៅមន្ទីរពេទ្យ។

ដោយឡែកក្រុមប្រជាពលរដ្ឋដែលរស់នៅក្នុងឃុំអណ្តូងទឹក បានបង្ហាញការសប្បាយចិត្តនៅពេលមានឧបករណ៍ហាក់ប្រាណបែបទំនើបមិនធ្លាប់មាននៅក្នុងមូលដ្ឋានរស់នៅរបស់ពួកគេ ហើយឆ្លៀតពីការងាររកស៊ី គឺពួកគាត់នឹងមកដើរលំហែកាយហាត់ប្រាណរាល់ល្ងាចចាប់ពីថ្ងៃនេះតទៅ ដើម្បីសុខភាពមាំមួនជៀសឆ្ងាយពីជំងឺផ្សេងៗ។

ក្រុមពលរដ្ឋក៏អរគុណដល់អាជ្ញាធរស្រុកបូទុមសាគរណាស់ ដែលគិតគូរពីសុខភាពពលរដ្ឋទូទៅតាមការតម្លើងឧបករណ៍ហាត់ប្រាណមិនគិតថ្លៃអ្វីទាំងអស់ និងសន្យាថា ចូលរួមថែរក្សាការពារសម្បត្តិសាធាណៈនេះឱ្យបានគង់វង្សយូរអង្វែង៕/B

ទីតាំងផ្សាយពាណិជ្ជកម្ម