រុស្ស៊ីមានអ្នកឆ្លងកូវីដឡើងដល់ ២៦២.៨៤៣ នាក់ ជាប់លំដាប់លេខ២លើលោក ក្រោយឆ្លងជាង១ម៉ឺននាក់រាល់ថ្ងៃ

157
ចែករម្លែក

រុស្ស៊ីបានចុះបញ្ជីករណីឆ្លងថ្មីចំនួនជាង ១ ម៉ឺននាក់កាលពីថ្ងៃសុក្រ ទី១៥ ឧសភា ខណៈដែលទីក្រុងមូស្គូបង្ហាញការធ្វើតេស្តអង្គបដិប្រាណទ្រង់ទ្រាយធំនិងការបន្ធូរបន្ថយវិធានការបិទប្រទេស។

មន្ត្រីសុខាភិបាលបានរាយការណ៍ថាមានអ្នកឆ្លងថ្មីចំនួន ១០.៥៩៨ នាក់ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយ ដែលធ្វើឱ្យចំនួនឆ្លងសរុបនៅរុស្ស៊ីកើនដល់ ២៦២.៨៤៣ នាក់ ដែលជាចំនួនឆ្លងខ្ពស់បំផុតទី ២ នៅលើពិភពលោកបន្ទាប់ពីសហរដ្ឋអាម៉េរិក។

រុស្ស៊ីនិយាយថាចំនួនករណីឆ្លងខ្ពស់របស់ខ្លួនគឺបណ្តាលមកពីការធ្វើតេស្តទ្រង់ទ្រាយធំ ពោលគឺបានតេស្តលើប្រជាជនជាង ៦ លាននាក់មកហើយ។

ទីក្រុងមូស្គូមានចំនួនឆ្លងប្រហែលពាក់កណ្តាលនៃចំនួនឆ្លងសរុប ហើយទីក្រុងនេះបាននិយាយថាខ្លួននឹងចាប់ផ្តើមធ្វើតេស្តស្ម័គ្រចិត្តទ្រង់ទ្រាយធំរកមើលអង្គបដិប្រាណចាប់ពីថ្ងៃសុក្រនេះតទៅ។

ប្រធានាធិបតីរុស្ស៊ីវ្លាឌីមៀរ ពូទីននៅសប្តាហ៍នេះបានប្រកាសថា ការបិទទ្វារប្រទេសក្នុងគោលបំណងបន្ថយការរីករាលដាលនៃកូវីដ១៩ នឹងត្រូវបានបន្ធូរបន្ថយ ទោះបីមន្ត្រីសុខាភិបាលកត់ត្រាការកើនឡើងករណីថ្មីជាលំដាប់ក៏ដោយ។

ទោះបីជាមានករណីឆ្លងខ្ពស់ក៏ដោយ ក៏ប៉ុន្តែអត្រាមរណភាពផ្លូវការរបស់រុស្ស៊ីមានកម្រិតទាបខ្លាំងបើធៀបទៅនឹងបណ្តាប្រទេសដូចជាសហរដ្ឋអាម៉េរិកអង់គ្លេសអ៊ីតាលីនិងអេស្ប៉ាញ។

រុស្ស៊ីរាយការណ៍អ្នកស្លាប់ថ្មី ១១៣ នាក់នៅថ្ងៃសុក្រ ដោយនាំឱ្យអ្នកស្លាប់សរុបកើនដល់ ២.៤១៨ នាក់៕ ដោយ៖ កញ្ញាដាលីស

នៅរុស្ស៊ីមានអ្នកឆ្លងកូវីដសរុប២៦២.៨៤៣ នាក់​គិតត្រឹមថ្ងៃសុក្រ

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ