មន្ត្រីជាន់ខ្ពស់​នគរបាល​ជាតិៈ​ការចោទប្រកាន់​របស់​អង្គការ​លើកលែងទោស​អន្តរជាតិ គឺ​ផ្ទុយ​ពី​ការពិត​!

225
ចែករម្លែក
នាយ​ឧ​ត្ត​ម​សេនីយ៍ ម៉ក់ ជី​តូ អគ្គ​ស្នងការរង​នគរបាលជាតិ​ពេលធ្វើ​សន្និសីទកាសែត​

ដោយៈ មុនី​រ័ត្ន​/​ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់​អគ្គស្នងកា​រដ្ឋា​ន​នគរបាលជាតិ បាន​បដិសេធ​និង​ច្រានចោល​ចំពោះ​ការចោទប្រកាន់​មួលបង្កាច់​គ្មាន​ការពិត​របស់​អង្គការ​លើកលែងទោស​អន្តរជាតិ (Amnesty International)​។ របាយការណ៍​របស់​អង្គការ​នេះ គឺ​គ្មាន​ការពិត​ផ្ទុយ​ពី​បំណងប្រាថ្នា និង​ផ្ទុយ​ពី​ឆន្ទៈ​នៃ​ការប្រឹងប្រែង​របស់​រាជ​រដ្ឋាភិបាល​ក្នុងការ​បង្ក្រាប​គ្រឿងញៀន​កន្លងមក​។​នៅ​កម្ពុជា​គ្មានទេ សង្គ្រាម​ប្រឆាំង​គ្រឿងញៀន​។​របាយការណ៍​របស់​អង្គការ​អន្តរជាតិ​មួយ​នេះ ធ្វើឡើង​គឺមាន​ឧបាយកល​កេងចំណេញ​នយោបាយ បម្រើ​ឲ្យ​អង្គការ​ចាត់តាំង​ដែលមាន​និន្នាការ​ប្រឆាំង​រាជរដ្ឋាភិបាល​កម្ពុជា​តែប៉ុណ្ណោះ​។


​នាយ​ឧ​ត្ត​ម​សេនីយ៍ ម៉ក់ ជី​តូ អគ្គ​ស្នងការរង​នគរបាលជាតិ បាន​ថ្លែង​នៅក្នុង​សន្និសីទកាសែត​កាលពី​ព្រឹក​ថ្ងៃទី​១៥ ខែឧសភា ថា លោក​មាន​ខកចិត្ត និង​សោកស្តាយ​ចំពោះ​របាយការណ៍​របស់​អង្គការ​លើកលែងទោស​អន្តរជាតិ ដែល​ចោទប្រកាន់​គ្មាន​ការពិត​ដោយ​មួលបង្កាច់​សភាពការណ៍​នៅ​កម្ពុជា​។ វាយប្រហារ​មកលើ​រាជរដ្ឋាភិបាល និង​វាយប្រហារ​លើ​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​។ លោក​បាន​ហៅ​របាយការណ៍​នេះ​ផ្ទុយ​ពី​ការពិត​ទាំងស្រុង ផ្ទុយ​ពី​បំណងប្រាថ្នា ផ្ទុយ​ពី​ឆន្ទៈ​នៃ​ការប្រឹងប្រែង​របស់​រាជ​រដ្ឋាភិបាល ក៏ដូចជា​ប្រជាពលរដ្ឋ​គ្រប់​ជាន់ថ្នាក់ មន្ត្រីរាជការ​គ្រប់​ស្ថាប័ន មជ្ឈដ្ឋាន​ជាតិ និង​អន្តរជាតិ ដែល​បាន​អបអរសាទរ រីករាយ​គាំទ្រ និង​ចូលរួម​សហការ​ក្នុងការ​បង្ក្រាប​គ្រឿងញៀន​កន្លងមក​។​


​ទាក់ទង​ការលើកឡើង​របស់​អង្គការ​លើកលែងទោស​អន្តរជាតិ​ថា “​សង្គ្រាម​ប្រឆាំង​គ្រឿងញៀន​នៅ​កម្ពុជា​” ត្រូវបាន​នាយ​ឧ​ត្ត​ម​សេនីយ៍ ម៉ក់ ជី​តូ បញ្ជាក់ថា “​ជាការ​មួលបង្កាច់​ភូតកុហក​ទាំងស្រុង នៅ​កម្ពុជា​គ្មានទេ សង្គ្រាម​ប្រឆាំង​គ្រឿងញៀន​នៅ​កម្ពុជា​យើង​នេះ​សំណាង​ណាស់​ដែល​ប្រមុខ​រាជរដ្ឋាភិបាល​ប្រកបដោយ​គតិបណ្ឌិត​មាន​ព្រហ្ម​វិហារធម៌​សណ្តោស​ប្រណី​ដល់​ប្រជាពលរដ្ឋ​គឺ​លោក​មិន​ចាត់តាំង​ឲ្យ​មាន​សោះការ​ធ្វើសង្គ្រាម​ប្រឆាំង​គ្រឿងញៀន​ដែល​ប៉ះពាល់​ដល់​អាយុជីវិត​មនុស្ស​។​ក្នុង​យុទ្ធនាការ​កន្លងមកនេះ ចាប់តាំងពី​ឆ្នាំ​២០១៧ រហូតមកដល់​ពេលនេះ គឺមាន​ចំនួន​ប្រាំ​លើក​ហើយ គឺ​មិនមាន​ពលរដ្ឋ​ណា​ម្នាក់ ឬក៏​ជនណាម្នាក់​ស្លាប់​ដោយសារ​ការបង្ក្រាប​គ្រឿង​ញៀន​នេះ​ទេ​។​យើង​គ្មានទេ សង្គ្រាម​គ្រឿងញៀន ហើយ​រដ្ឋធម្មនុញ្ញ​បានកំណត់​ច្បាស់​ហើយ គឺ​គ្មានទេ​ទោស​ប្រហារជីវិត​។ ប៉ុន្តែ​ហេតុ​អី​បានជា​រដ្ឋាភិបាល​ចាត់តាំង និង​ប្រកាស​ឲ្យ​មាន​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ជារួម​សភាពការណ៍​គ្រឿងញៀន​នៅលើ​ពិភពលោក និង​ក្នុង​តំបន់​អត់​មានការ​ថយចុះ​ទេ ទាំង​ការផលិត ដាំ​ដុះ ជួញដូរ ប្រើប្រាស់​ក៏ដូចជា​ដឹកជញ្ជូន ហើយ​កម្ពុជា​នៅតែ​ជា​ប្រទេស​រងគ្រោះ​ដោយសារ​ការដឹកជញ្ជូន​ឆ្លងកាត់​។ ក្នុងនោះដែរ យើង​មើលឃើញ​ចំណុច​ប្រឈម​របស់​យើង​ដែរ គឺ​ការប្រើប្រាស់​គ្រឿងញៀន​នៅ​កម្ពុជា​យើង​នេះ​។ ប៉ុន្តែ​ទោះបីជា​យ៉ាងណាក៏ដោយ​យើង​ឃើញថា កម្ពុជា​យើង​មានការ​ធូរស្រាល​ជាង​បណ្តា​ប្រទេស​ផ្សេងៗ​ទៀត ប្រឈម​បញ្ហា​នេះហើយ ដែល​រាជរដ្ឋាភិបាល​សម្តេច​តេ​ជោ ហ៊ុន សែន ជា​ប្រមុខ​បានសម្រេច​ផែនការ​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ខុសច្បាប់ ដែល​ដឹកនាំ​ផ្ទាល់​ដោយ​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​ឯកឧត្តម កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី និង​ជា​ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​។ យុទ្ធនាការ​នេះ គឺជា​ចលនា​ជាតិ ដែល​មនុស្ស​គ្រប់រូប​ទាំងអស់​រួមគ្នា​គិត រួមគ្នា​ធ្វើ រួមគ្នា​ទទួលខុសត្រូវ ហើយ​ចាប់ពី​យុទ្ធនា​ការលើក​ទី​១ ឆ្នាំ​២០១៧ រហូតមកដល់​ឥឡូវនេះ យុទ្ធនា​ការលើក​ទី​៥ យើង​ទទួលបាន​ជោគជ័យ​ធំធេង និង​ត្រូវបាន​មជ្ឈដ្ឋាន​ជាតិ និង​អន្តរជាតិ អបអរសាទរ និង​គាំទ្រ រហូតដល់​មាន​ប្រទេស​ខ្លះ គេ​យក​ប្រទេស​កម្ពុជា​ធ្វើជា​គំរូ​ថែមទៀត​។ ក្នុងនោះដែរ​យើង​ឃើញ​មន្ត្រី​អនុវត្ត​ច្បាប់​គ្រប់​ជាន់ថ្នាក់​បាន​ខំប្រឹងប្រែង​តស៊ូ​ប្តូរផ្តាច់​លះបង់​ជីវិត ប្រកបដោយ​ឆន្ទៈ​មោះមុត និង​ស្មារតី​អង់អាច​ក្លាហាន​ពង្រឹង​ការអនុវត្ត​ច្បាប់ និង​គោរព​សិទ្ធិមនុស្ស ក្នុងការ​អនុវត្ត​ឲ្យ​បានសម្រេច​នូវ​ផែនការ​ប្រយុទ្ធ​គ្រឿងញៀន​ខុសច្បាប់ ដែល​កិច្ចខិតខំ​ប្រឹងប្រែង​ទាំងនេះ បាន​ជះឥទ្ធិពល​ធ្វើ​ឲ្យ​បទល្មើស​ព្រហ្មទណ្ឌ​ថមថយ​ចុះ ញាំ​ង​ឲ្យ​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ និង​សុវត្ថិភាព​សង្គម មាន​ភាពល្អប្រសើរ​។ ហើយ​ក្នុងនោះដែរ កម្ពុជា​យើង​ក៏​នៅតែ​បន្ត​បន្ត​សហប្រតិបត្តិការ​ជាមួយ​បណ្តា​ប្រទេស​នៅក្នុង​តំបន់ ក៏ដូចជា​ក្នុង​សកលលោក គឺមាន​ដូចជា អាមេរិក ជប៉ុន អូស្ត្រាលី បារាំង កូរ៉េ ចិន ជាដើម ក្នុងនោះ គឺ​យើង​បាន​សហការ​បង្ក្រាប​ក្រុម​ឧក្រិដ្ឋជន​គ្រឿងញៀន​អន្តរជាតិ​និង​ទប់ស្កាត់​បង្ក្រាប​បទល្មើស​គ្រឿងញៀន​ពី​ចម្ងាយ​ថែមទៀត​”​៕សរន

នាយ​ឧ​ត្ត​ម​សេនីយ៍ ម៉ក់ ជី​តូ អគ្គ​ស្នងការរង​នគរបាលជាតិ​ពេលធ្វើ​សន្និសីទកាសែត​

ទីតាំងផ្សាយពាណិជ្ជកម្ម