ទំនាក់ទំនង​ទ្វេភាគី​មាន​ស្ថិរភាព​មួយ​ជា​ផល​ប្រយោជន៍​ល្អ​បំផុត​របស់​ចិន​-​អាម៉េរិក

371
ចែករម្លែក

​ជា​ការឆ្លើយតប​នឹង​សម្តី​របស់​ប្រធានាធិបតី​អាម៉េរិក ដែល​ថា​លោក​អាច​កាត់ផ្តាច់​ទំនាក់ទំនង​ជាមួយ​ចិន ក្រសួងការបរទេស​ចិន​កាលពី​ថ្ងៃ​សុក្រ​ទី​១៥​ឧសភា បាន​និយាយថា​ទំនាក់ទំនង​មាន​ស្ថិរភាព​មួយ​​រវាង​ចិន​និង​អាម៉េរិក​បំរើ​ផលប្រយោជន៍​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ ។​

​អ្នកនាំពាក្យ ចា​វ លី​ជៀន បាន​ប្រាប់​អ្នកយកព័ត៌មាន​ថា អាម៉េរិក​ត្រូវ​សហការ​ជាមួយ​ចិន ដើម្បី​សំរេចបាន​ទំនាក់ទំនង​មាន​ស្ថិរភាព​។​

​សូមបញ្ជាក់​ថា ទំនាក់ទំនង​រវាង​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោ​ននិង​ប៉េកាំង​កាន់តែ​ចុះ​ដុនដាប​ឡើង​នៅ​ប៉ុន្មាន​ខែ​មកនេះ និង​ពួក​មន្ត្រីជាន់ខ្ពស់​អាម៉េរិក​កាន់តែ​បង្កើន​ការរិះគន់​និង​ចោទប្រកាន់​រដ្ឋា​ភិ​​បាល​ចិន រឿង​ដំណោះស្រាយ​របស់​ចិន​ចំពោះ​ការផ្ទុះ​ជំងឺ​ឆ្លងកូវី​ដ​១៩ ហើយ​បាន​គំរាម​ចាត់វិធានការ​ពន្ធ​លើ​ទំនិញ​ចិន​។​

​អាម៉េរិក​ចោទប្រកាន់​ចិន​ជា​ចំហ​ថា​ជា​អ្នកបង្ក​ជំងឺឆ្លង​នេះ​និង​មិន​បាន​ចាត់ការ​គ្រប់គ្រាន់​កាលពី​ដំណាក់កាល​ដំបូង​ដើម្បី​រារាំង​កុំអោយ​វា​រាតត្បាត​ទៅកាន់​ពិភពលោក​ហើយ​ប្រទេស​ខ្លះ​ស្នើសុំ​ស៊ើប​​អង្កេត​។​

​ដូ​ណា​ល់ ត្រាំ បាន​គំរាម​សងសឹក​ចិន​នៅពេល ប្រធាន​គណៈកម្មាធិការ​អឺរ៉ុប គាំទ្រ​ការអំពាវនាវ​អោយ​មាន​ការស៊ើបអង្កេត​រក​ប្រភព​ផ្ទុះ​ជំងឺ តែ​ចិន​បាន​តប​វិញ​ថា «​ខ្លួន​ក៏​ជា​ជនរងគ្រោះ និង​ថា​ពេល​​នេះ​មិនមែន​ជា​ពេល​សមស្រប​សំរាប់​ការស៊ើបអង្កេត​ទេ តែ​ជា​ពេល​ត្រូវ​រួម​គ្នា​ប្រយុទ្ធ​កំចាត់​ជំងឺឆ្លង​នេះ​»​។​

​ពួក​អ្នកវិនិយោគ​ព្រមាន​ថា ភាព​តានតឹង​ក្នុង​លោក​ជុំវិញ​ការចោទប្រកាន់​ចិន​អំពី​ការដោះស្រាយ​ជំងឺឆ្លង​នេះ បង្ក​«​ហានិភ័យ​ធំ​»​មួយ​ចំពោះ​ការ​ងើប​ឡើងវិញ​សេដ្ឋកិច្ច​និង​ថែម​ទាំង​អាច​បង្ក​ជា​សង្គ្រាម​ពាណិជ្ជកម្ម​អន្តរជាតិ​មួយ​ផង​។​

​សូមបញ្ជាក់​ថា​ក្រុម​មេដឹកនាំ​អាម៉េរិក និង​ប្រទេស​ក្នុង​សម្ពន្ធមិត្ត​អាម៉េរិក​ខ្លះ រួម​មាន​អូស្ត្រាលី កំពុង​ជំរុញ​អោយ​មាន​ការស៊ើបអង្កេត​រក​ប្រភព​នៃ​ការផ្ទុះ​ជំងឺឆ្លង​សកល​នេះ ហើយ​មន្ត្រី​អាម៉េរិក​ថែមទាំង​​ចោទប្រកាន់​ទាំង​មិន​បញ្ជាក់​ភស្តុ​ង​តាង​ថា វីរុស​នេះ​ចេញពី​កន្លែង​ពិសោធន៍​វីរុស​មួយ​កន្លែង​ក្នុង​ក្រុង​វូ​ហាន ប្រទេស​ចិន​។​អ្នកជំនាញ​ខ្លះ​មាន​ការព្រួយបារម្ភ​ថា​ការ​ដែល​គេ​នាំគ្នា​បន្ទោស​ចិន​ទាំង​ងងឹត​​ងងុល​បែប​ប​នេះ វា​អាច​បង្ក​ប្រតិកម្ម​ដែល​រារាំង​ដល់​ការបើក​ដំណើរការ​សេដ្ឋកិច្ច​ឡើងវិញ ។​

​ចិន​បាន​ស្នើ​យកពន្ធ​៨០​ភាគរយ​លើ​ស្រូវ​សាឡី​អូស្ត្រាលី និង​បាន​ផ្អាក​នាំចូល​សាច់គោ​ពី​ក្រុមហ៊ុន​អូស្ត្រាលី​៤ បន្ទាប់​ពី​រដ្ឋាភិបាល​ក្រុង​ប៉េកាំង ចោទប្រកាន់​ពួក​សមាជិក​សភា​នៅ​កង់​បេរ៉ា​(​អូស្ត្រាលី​)​ថា​ផ្សព្វ​​ផ្សាយ​«​ការ​មួលបង្កាច់​» និង​និយាយ​ឡើងវិញ​«​ការចោទប្រកាន់​ក្លែងក្លាយ​»​ពី​ពួក​អ្នកនយោបាយ​អាម៉េរិក​ខ្លះ​។​

​សេដ្ឋកិច្ចពិភពលោក​ជាប់​គាំង​នៅ​ខែ​មីនា​និង​មេសា នៅ​ពេល​ប្រទេស​ជាច្រើន​បិទ​ខ្ទប់ ដូចជា​បិទ​ព្រំដែន​និង​បិទ​អាជីវកម្ម​មិន​ចាំបាច់​នានា ដើម្បី​ទប់ស្កាត់​ការ​រីកសាយ​នៃ​វីរុស​កូរ៉ូណា ។​រហូតដល់​បច្ចុប្បន្ន កូវី​ដ​១៩​ឬ​វីរុស​កូរ៉ូណា​ថ្មី​នេះ បាន​ចម្លង​ទៅ​មនុស្ស​ជាង​៤,៤​លាន​នាក់​និង​សម្លាប់​មនុស្ស​ជាង​៣០២.០០០​នាក់​នៅ​ទូទាំង​ពិភពលោក​៕​ដោយ៖​វាសនា​

ដូ​ណា​ល់ ត្រាំ បាន​គំរាម​សងសឹក​ចិន​ដោយសារតែជំងឺវាយលុកខ្លាំង

ទីតាំងផ្សាយពាណិជ្ជកម្ម