​ក្រសួងមហាផ្ទៃ​សម្រេច​ចុះឈ្មោះ​គណបក្ស​កម្លាំង​ប្រជាធិបតេយ្យ​ក្នុង​បញ្ជី​

293
ចែករម្លែក

ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ​ក្រសួងមហាផ្ទៃ​បានសម្រេច​ចុះឈ្មោះ​គណបក្ស​កម្លាំង​ប្រជាធិបតេយ្យ​ក្នុង​បញ្ជី​គណបក្សនយោបាយ​នៅ​ក្រសួងមហាផ្ទៃ​។​នេះ​បើ​យោងតាម​ប្រកាស​ស្តីពី​ការចុះឈ្មោះ​ក្នុង​បញ្ជី​គណបក្សនយោបាយ​ដែល​ចុះហត្ថលេខា​ដោយ​សម្តេច​ក្រឡាហោម​សខេង​ឧបនាយករដ្ឋមន្ត្រី​រដ្ឋ​មន្ត្រី​ក្រសួងមហាផ្ទៃ​កាលពី​ថ្ងៃទី​១៣​ខែឧសភា​ឆ្នាំ​២០២០​ដែល​ទទួលបាន​នៅ​ថ្ងៃទី​១៥ ខែឧសភា ឆ្នាំ​២០២០​។​

​ការសម្រេច​ចុះឈ្មោះ​គណបក្ស​កម្លាំង​ប្រជាធិបតេយ្យ​ក្នុង​បញ្ជី​គណបក្សនយោបាយ​នៅ​ក្រសួងមហាផ្ទៃ គឺ​បន្ទាប់ពី​គណបក្ស​នេះ បានដាក់​ពាក្យសុំ​បង្កើត​គណបក្ស​ទៅ​ក្រសួងមហាផ្ទៃ កាលពី​ថ្ងៃទី​៣០ ខែធ្នូ ឆ្នាំ​២០១៩​។​

សម្តេច​ក្រឡាហោម​សខេង​បាន​បញ្ជាក់ថា​គណបក្ស​ក​ម្លាំ​ង​ប្រជាធិបតេយ្យ​ត្រូវធ្វើ​សកម្មភាព​ស្របតាម​ច្បាប់​ស្តីពី​គណបក្សនយោបាយ​លិខិតបទដ្ឋាន​គតិយុត្ត​នានា​ជា​ធរមាន​និង​លក្ខន្តិកៈ​គណបក្ស​ដែល​បាន​តម្កល​លើ​ទុក​នៅ​ក្រសួងមហាផ្ទៃ​។​គណបក្ស​កម្លាំង​ប្រជាធិបតេយ្យ​សរសេរ​ជា​អក្សរ​កាត់​(​គ​.​ក​.​ប​)​មាន​អាសយដ្ឋាន​នៃ​ទីស្នាក់ការ​កណ្តាល​នៅផ្ទះ​លេខ​៦៦៧E​ផ្លូវលំ​ភូមិ​៧​បុរី​សន្តិភាព​សង្កាត់​ចោមចៅ​១​ខណ្ឌ​ពោធិ​សែន​ជ័យ​រាជធានី​ភ្នំពេញ​។​

​លោក​អ៊ុង​សា​ម៉េ​ត​តំណាង​ស្ថាបនិក​គណបក្ស​កម្លាំង​ប្រជាធិបតេយ្យ​បាន​ថ្លែងថា​បន្ទាប់ពី​ក្រសួងមហាផ្ទៃ​បានសម្រេច​ចុះឈ្មោះ​គណបក្ស​កម្លាំង​ប្រជាធិបតេយ្យ​ក្នុង​បញ្ជី​គណបក្សនយោបាយ​នៅ​ក្រសួងមហាផ្ទៃ​កាលពី​ថ្ងៃទី​១៣​ខែឧសភា​ឆ្នាំ​២០២០​រួចហើយ​។​គឺ​នៅ​សប្តាហ៍​ក្រោយ​លោក​នឹងដាក់​លិខិត​ទៅ​គណបក្សនយោបាយ​នានា​ដើម្បី​ស្វែងយល់​សិក្សា​ពីគ្នា​ទៅវិញទៅមក​និង​បន្ទាប់មក​ពិភាក្សាគ្នា​អំពី​ការ​ចងសម្ព័ន្ធភាព​អ្នកប្រជាធិបតេយ្យ​។

​លោក​សា​ម៉េ​ត​បាន​បញ្ជាក់ថា​“​សកម្មភាព​ដំបូង​ដែល​យើង​នឹងធ្វើ​នេះ​យើង​នឹងដាក់​លិខិត​ចូលទៅ​គណបក្សនយោបាយ​ផ្សេងៗ​ដើម្បី​យើង​ស្វែងយល់​ពី​គាត់​សិន​យើង​មិនទាន់​ដាក់​ស្នើសុំ​ដើម្បី​ចងសម្ព័ន្ធភាព​ប្រជាធិបតេយ្យ​ភ្លាមៗ​ទេ និង​សិក្សា​ពីគ្នា​ទៅវិញទៅមក ហើយ​ការចង​ជា​សម្ព័ន្ធ​វា​ត្រូវតែមាន​លក្ខន្តិកៈ ប៉ុន្តែ​ឈានដល់​ការចង​ជា​សម្ព័ន្ធ​យើង​ត្រូវ​សិក្សា​ពីគ្នា​ទី​វិញ​ទៅមក​សិន​”​។​

​លោក​បន្តថា​លោក​បានរៀបចំ​របាយការណ៍​មួយ​ពាក់ព័ន្ធ​លទ្ធិប្រជាធិបតេយ្យ​នៅក្នុង​ប្រទេស​កម្ពុជា​ដើម្បី​ដាក់​ចូលទៅ​រដ្ឋាភិបាល​និង​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បីឱ្យ​គាត់​ពិនិត្យមើល​៕S/

​រូបថត​៖​លោក​អ៊ុង​សា​ម៉េ​ត​តំណាង​ស្ថាបនិក​គណបក្ស​កម្លាំង​ប្រជាធិបតេយ្យ​រូប​សញ្ញា​គណបក្ស​កម្លាំង​ប្រជាធិបតេយ្យ​

ទីតាំងផ្សាយពាណិជ្ជកម្ម