ម្ចាស់​កម្ម​សិទ្ធ​ស្របច្បាប់​ចេញមុខ​បំភ្លឺ​បញ្ហា​វិវាទ​ដីធ្លី​នៅ​ចំណុច​ព្រែក​ក្បាល​រមាស​នៅ​ស្រុក​ទឹកឈូ

220
ចែករម្លែក

ខេត្តកំពត​ដោ​យៈស​រិ​ទ្ធ​/​ភ្នំពេញៈ​លោក​ជា​សុខ​ហេង​បានចាត់ទុក​ការបំភ្លឺ​របស់លោក​ប៉ិល កុសល អភិបាលរង​ខេត្តកំពត​ជុំវិញ​បញ្ហា​វិវាទ​ដីធ្លី​នៅ​ចំណុច​ព្រែក​ក្បាល​រមាស​ដែលមាន​ទីតាំង​ស្ថិតនៅ​ភូមិ​ត្រពាំង​សង្កែ ឃុំ​ត្រពាំង​សង្កែ ស្រុក​ទឹកឈូ ខេត្តកំពត​នោះ​មាន​ខ្លឹមសារ​មិនទាន់​ត្រឹមត្រូវ​តាម​នីតិវិធី និង​ការណែនាំ​របស់​ក្រសួងមហាផ្ទៃ​នៅឡើយ ទេ ។​

​ទន្ទឹមនេះ​លោក​ជា​សុខ​ហេង​បាន​សម្តែង​ការងឿងឆ្ងល់​ថា​ក្នុង​ពាក្យបណ្តឹង​គឺ​ប្តឹង​ឈ្មោះ​ម៉ុង​ច័ន្ទ​ណា​រិ​ទ្ធ​ដោយ​ភ្ជាប់​អង្គហេតុ​វិវាទ​ដីធ្លី​នេះ​ជា​ដើមចម​ដាក់បន្ទុក​ដោយ​មិនមាន​ប៉ះពាល់​ដល់​អាជ្ញាធរខេត្ត​ទេ​តែ​បែរជា​លោក​ប៉ិល កុសល​ចេញមុខ​មក​បំភ្លឺ​ទៅវិញ​។​ជាពិសេស​ក្នុង​លិខិត​ជូនដំណឹង​លេខ ៧២៣/១៩ សជណ ចុះ​ថ្ងៃទី​០៩ ខែធ្នូ ឆ្នាំ​២០១៩​របស់​រដ្ឋបាល​ខេត្តកំពត​ទៅជា​ឃើញ​លោក​ប៉ិល កុសល អភិបាលរង​ខេត្តកំពត​ចុះហត្ថលេខា​ក្នុង​ថា​នៈ​ជា​អភិបាល​ខេត្តកំពត​ទៅវិញ​ដែល​បញ្ហា​នេះ​បានធ្វើ​ឲ្យ​លោក​ជា​សុខ​ហេង​មានការ​សង្ស័យ​លើ​ជំហរ​របស់លោក​ប៉ិល​កុសល​ក្នុង​កិច្ច​ដោះស្រាយ​វិវាទ​ដីធ្លី​នេះ​ថា​តើ​ជា​ជំហរ​បុគ្គល​ឬ​ក្នុងនាម​រដ្ឋបាលខេត្ត​។​

​លោក​ជា​សុខ​ហេង​បាន​អះអាងថា​ដោយសារ​ឈ្មោះ​ម៉ុង​ច័ន្ទ​ណា​រិ​ទ្ធ​ចូល​កាន់កាប់​ដី​ចំណី​ព្រែក​ដោយ​ខុសច្បាប់​ដោយ​គ្មាន​ឯកសារ​បញ្ជាក់​ការកាន់កាប់​ជា​ម្ចាស់​កម្មសិទ្ធិ​ត្រឹមត្រូវ​តាមច្បាប់​និង​លិខិត​ទិញ​លក់​គ្មាន​មូលដ្ឋាន​ច្បាប់​ទេ ព្រោះ​មេឃុំ មិនបាន​បញ្ជាក់​លើ​លិខិត​ផ្ទេរសិទ្ធិ​កាន់កាប់​ដីធ្លី​ទេ តែ​បែរជា បោះត្រា​មេឃុំ​និង​ចុះហត្ថលេខា ចុះ​លេខ​រដ្ឋ បាល​ឃុំ លើ​លិខិត​លក់​ទិញ ជា​លិខិតឯកជន​ទៅវិញ ។​

​លោក​ជា​សុខ​ហេង​បានចាត់ទុក​ថា​នេះ​ជា​ភស្តុតាង​បញ្ជាក់​ពី ការឃុបឃិត​គ្នា​លួច​លក់​ដី​ចំណី​ព្រែក ដី​សាធារណៈ​របស់​រដ្ឋ​យ៉ាងច្បាស់​ក្រឡែត​ហើយក៍​ជា​អង្គហេតុ​និង​ជា​ធាតុ​ផ្សំ​នៃ​បទល្មើស​ព្រហ្មទណ្ឌ​ដែល​លោក​បាន​ប្តឹង​នៅ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ផងដែរ ។

​លោក​ជា​សុខ​ហេង​បាន​រំលឹកថា​កន្លងមក​លោក​ធ្លាប់បាន​ប្តឹង​ឈ្មោះ​ម៉ុង​ច័ន្ទ​ណា​រិ​ទ្ធ​នេះ​មួយ​ករណី​រួចមកហើយ​ចំពោះ​ការចូល​កាន់កាប់​ដី​ក្នុង​បរិវេណ​ដី​ប្លង់រឹង​ទំហំ​៧៩១៩៨​ម៉ែត្រក្រឡា​ជាប់​នឹង​ដី​ចំណី​ព្រែក​នេះ តែ​អយ្យការ​អម​សាលាដំបូង​ខេត្តកំពត តម្កល់​រឿង​ទុក​ឥត​ចាត់ការ​តែ​លោក បាន ប្តឹង​ឧ​ទ្ធ​រ​ណ៏​រួចហើយ ។

ចំណែក​ករណី​បណ្តឹង​បំពាន​លើដី​ចំណី​ព្រែក​នេះ​ជា​ករណី​ថ្មី​មួយទៀត​ដែល​រដ្ឋបាល​ខេត្តកំពត​គួរតែ​សហការ​ចូលរួម​អង្កេត​ជាមួយ​ស្ថាប័ន​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ទើប​សម​ហេតុផល​ព្រោះ​ជា​សមត្ថកិច្ច​អាជ្ញាធរ​ក្នុងការ​ការពារ​ដី​សាធារណៈ​របស់​រដ្ឋ​។​ប័ណ្ណ​សម្គាល់​សិទ្ធិ​កាន់កាប់​អចលនវត្ថុ​លេខ ក​.​ព​.០០៥៤៣០ ចុះ​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១១ និង​គំនូស​បង្ហាញ​ទីតាំង​នៃ​ក្បាលដី បញ្ជាក់ថា​ឈ្មោះ ជា សុខ​ហេង និង​ប្រពន្ធ​ឈ្មោះ យ៉ុង ដាំ​ណេង មាន​សិទ្ធិ​កាន់កាប់​អចលនវត្ថុ​ទំហំ ៧៩.១៩៨ ម៉ែត្រក្រឡា មាន​ព្រំប្រទល់​ខាងជើង​ព្រែក ខាងត្បូង​ព្រែក ខាងកើត​ទល់ កែវ ជា និង ឈូក នេន ខាងលិច​ទល់​ព្រែក ដែលមាន​ទីតាំង​ស្ថិតនៅ​ភូមិ​ត្រពាំង​សង្កែ ឃុំ​ត្រពាំង​សង្កែ ស្រុក​ទឹកឈូ ខេត្តកំពត ដែល​ចេញ​ចូលទៅ​ផ្លូវជាតិ​លេខ​៣៣​ស្របតាម​បណ្តោយ​ផ្លូវដី​ចំណី​ព្រែក​ក្បាល​រមាស​មាន​ប្រវែង​ប្រហែល​៨០០​ម៉ែត្រ ។​

​លោក​ជា​សុខ​ហេង​បាន​បញ្ជាក់ថា​ការវាស់វែង និង​ផ្តល់​ប័ណ្ណកម្មសិទ្ធិ ដី​ទំហំ​ប្រហែល ២ ហិច​តា ចាប់ពី​គល់ស្ពាន​ក្បាល​រមាស​រហូតទល់​ដី​របស់ខ្លួន​ធ្វើ​ឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ផលប្រយោជន៍​នៃ​សិទ្ធិ​អាស្រ័យ​ផល​លើដី​ចំណី​ព្រែក​ដែលជា​ទ្រព្យ​សាធារណៈ​របស់​រដ្ឋ​និង​សិទ្ធិ​សេវ​ភាព​ផ្លូវចេញចូល​ដី​កម្មសិទ្ធិ​ស្របច្បាប់​របស់ខ្លួន ដោយហេតុថា​តាំងពី​ខ្លួន​ទិញ​ដី​ពី​ឈ្មោះ កែវ ជា គឺ​ខ្លួន​បាន​ប្រើប្រាស់​ដី​នោះ និង​ចេញចូល​លើដី ដែលមាន​ប្រវែង​ប្រហែល ៨០០ ម៉ែត្រ ហើយ​ខ្លួន​ដាំ​បង្គោល​ភ្លើង​ដើម្បី​អូស​ភ្លើង ចូលទៅ​ដី​របស់ខ្លួន​ផងដែរ​។​

​ម្យ៉ាងវិញទៀត​ដី​ចំណី​ព្រែក​និង​ផ្លូវ​សាធារណៈ​តាម​បណ្តោយ​មាត់​ព្រែក​ក្បាល​រមាស​នេះ​ពុំទាន់​បានកំណត់​ព្រំ​ត្រូវ​ថយ​ពី​មាត់​ព្រែក​និង​ទំហំ​ផ្លូវ​ឲ្យ​បាន​ជាក់លាក់​នៅឡើយ​ទេ​។​បើសិន​ដី​ចំណី​ព្រែក​មិនទាន់​កាត់ចេញ​ផ្លូវ​ដែល​ស្របតាម​មាត់​ព្រែក​ក៏​ពុំ​អាច​កំណត់​បាន​ក្នុង​គំនូស​ប្លង់គោល​បានដែរ​។​បើ​មិនទាន់​ដោះស្រាយ​បញ្ហា​ទាំងពីរ​ខាងលើនេះ​បាន​ចប់​ជា​ស្ថាពរ​ទេ​រដ្ឋបាល​ខេត្តកំពត​មិនអាច​បែងចែក​ដី​ទំនាស់​នេះ​ទៅ​ឲ្យ​ប្រជាពលរដ្ឋ​បានឡើយ​។​

​តំណាង​មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម​សំណង់​និង​សុរិយោដី​ខេត្តកំពត​បញ្ជាក់ថា​យើង​អាច​កំណត់​ដី​ចំណី​ព្រែក​និង​ផ្លូវ​សាធារណៈ​បាន​លុះត្រាតែ​បង្កើត​ក្រុមការងារ​ចម្រុះ​ខេត្ត​មួយ​ដែលមាន​សមាសភាព​ដូចជា មន្ទីរ​ធនធានទឹក មន្ទីរ​សាធារណៈការ​និង​ដឹកជញ្ជូន មន្ទីរ​កសិកម្ម មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម សំណង់ និង​សុរិយោដី និង​មន្ទីរ​បរិស្ថាន ព្រមទាំង​អាជ្ញាធរ​ដែនដី​ចូលរួម​។

​ចំពោះ​ដី​ម្តុំ​ពយ​ក្បាល​រមាស​ខ្លួន​មិនទាន់​ទទួលបាន​ព័ត៌មាន​ឬ​របាយការណ៍​របស់​គ​ណៈ​កម្ម​ការ​ចម្រុះ​ដែល​កំណត់ថា​ដី​ណា​ជា​ដី​ចំណី​ព្រែ​កដីណា​ជា​ដី​សាធារណៈ​របស់​រដ្ឋ​និង​ដី​ណា​ជា​របស់​ឯកជន​នៅឡើយ​ទេ​។​តាមរយៈ​របាយការណ៍​ស្តីពី​លទ្ធផល​ស្រាវជ្រាវ​ករណី​សំណើ​អនុញ្ញាត​គោលការណ៍​តំបន់​ពយ​ក្បាល​រមាស បាន​បញ្ជាក់ថា គឺ​ស្ថិតនៅ​ឃុំ​ត្រពាំង​សង្កែ​មាន​ចំនួន ០២ ទីតាំង គឺ​ទី​តាំងទី​១ ទំហំ​ប្រហែល ៨​ហិច​តា​ដែល​រាជរដ្ឋាភិបាល​បានសម្រេច​យល់ព្រម​ផ្តល់​កម្មសិទ្ធិ​ហើយ​ត្រូវបាន​មន្ទីរ​រៀបចំ​នគរូបនីយកម្ម សំណង់ និង សុរិយោដី​ខេត្ត បានចេញ​ប័ណ្ណ​សម្គាល់​សិទ្ធិ​កាន់កាប់​អចលនវត្ថុ ជូន​លោក កែវ ជា ដែលមាន​ផ្ទៃដី​ទំហំ ៧៩.១៩៨​ម៉ែត្រក្រឡា​( ក្រោយមក​លក់​ឲ្យ​លោក​ជា​សុខ​ហេង )​។
​ប៉ុន្តែ​ចំពោះ​ដី​ទី​តាំងទី​២​មិនទាន់មាន​សេចក្តីសម្រេច​របស់​រាជ​រដ្ឋាភិបាល​សម្រេច​ផ្តល់​ប័ណ្ណកម្មសិទ្ធិ​ឡើយ ហើយ​ត្រូវបាន​ប្រជាពលរដ្ឋ​លក់​ដី​ទាំងនេះ​ទៅ​ក្រុមហ៊ុន ថា​ហ្គី​ត អ៊ី​ស្ទេ​ត អេ​ន អ៊ែ​សិត មេ​នេ​ម៉ិ​ន វិញ​។​លោក​ជា​សុខ​ហេង​បាន​អះអាងថា​តាម​លិខិត​លេខ ២៨៥ សជណ ចុះ​ថ្ងៃទី​១៥ ខែកុម្ភៈ ឆ្នាំ​២០១៩ របស់​ក្រសួងមហាផ្ទៃ​ដែលមាន​កម្មវត្ថុ​ស្នើ​រដ្ឋបាល​ខេត្តកំពត​ធ្វើការ​សិក្សា​និង​វាយតម្លៃ​អំពី​ផលប៉ះពាល់​បរិស្ថាន និង​សង្គម​ឱ្យបាន​ច្បាស់លាស់ ការប្រមូល​ធាតុ​បន្ថែម ការរក​ដំណោះស្រាយ​លើ​បញ្ហា​ប្រឈម និង​បាតុភាព​នានា ដែល​អាច​កើតមានឡើង​ពាក់ព័ន្ធ​សំណើសុំ​អភិវឌ្ឍន៍​លំនៅដ្ឋាន​ឆ្នេរ​ព្រែក ស្ថិតនៅ​តំបន់​ពយ​ក្បាល​រមាស ។
​ក្រោយមក​រដ្ឋបាលខេត្ត​កំពត​ធ្វើ​សេចក្តីរាយការណ៍​ជូន​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​តាម​លិខិត​លេខ​០៧៩/១៩ ចុះ​ថ្ងៃទី​១៧ ខែឧសភា ឆ្នាំ​២០១៩ អំពី ប្រវត្តិ និង​ការកាន់កាប់​ដី គូវិវាទ​នៃ​ដី​ទំនាស់ (​ប្រជាពលរដ្ឋ លោក​ជា​សុខ​ហេង​និង​ក្រុមហ៊ុន​ថា​ហ្គី​ត​អ៊ី​ស្ទេ​ត​អេ​ន​អ៊ែ​សិត​មេ​នេ​ច​ម៉ិ​ន​)​សេចក្តីសន្និដ្ឋាន​និង​ការលើក​យោបល់​។

​បន្ទាប់ពី​ទទួលបាន​របាយការណ៍​របស់​រដ្ឋបាល​ខេត្តកំពត​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បានចេញ​លិខិត​លេខ​១៩៥៣​សជណ​ចុះ​ថ្ងៃទី​០៩​ខែសីហា​ឆ្នាំ​២០១៩​មានកម្ម​វត្ថុ​ស្នើ​ឲ្យ​អគ្គនាយក​ក្រុមហ៊ុន​ថា​ហ្គី​ត​អ៊ី​ស្ទេ​ត​អេ​ន​អ៊ែ​សិត​មេ​នេ​ច​ម៉ិ​ន​ធ្វើ​ការផ្អាក​សកម្មភាព​ទាំងឡាយ​ពាក់ព័ន្ធ​គម្រោង​អភិវឌ្ឍន៍​ខាងលើ​ដើម្បី​ឲ្យ​រដ្ឋបាល​ខេត្តកំពត​ពិនិត្យ​និង​សម្របសម្រួល​ដោះស្រាយ​ករណី​ទំនាស់​ផ្សេងៗ​ជាមុនសិន​និង​រង់ចាំ​ដល់​មាន​សេចក្តីសម្រេច​ថ្មី​។​លុះដល់​ថ្ងៃទី​២៥​ខែវិច្ឆិកា​ឆ្នាំ​២០១៩​រដ្ឋបាល​សាលា​ខេត្តកំពត​បានរៀបចំ​កិច្ចប្រជុំ​ស្តីពី​សំណើសុំ​អភិវឌ្ឍន៍៍​លំនៅដ្ឋាន​ឆ្នេរ​ព្រែក​ស្ថិតនៅ​តំបន់​ពយ​ក្បាល​រមាស​តាមរយៈ​លិខិត​ជូនដំណឹង​លេខ​៧២៣/១៩​សជណ​ចុះ​ថ្ងៃទី​០៩​ខែធ្នូ​ឆ្នាំ​២០១៩​ដោយបាន​សម្រេច​ជាគោលការណ៍ៈ​

​ទី​១.​រដ្ឋបាល​ខេត្តកំពត​នឹង​អញ្ជើញ​ភាគី​ពាក់ព័ន្ធ​មក​ធ្វើការ​សម្របសម្រួល​ដោះស្រាយ​តាម​នីតិវិធី​ទី​២.​ចំពោះ​ផ្ទៃដី​ដែល​ស្ថិត​នៅក្រៅ​ទំហំ ៧៩១៩ ម៉ែត្រការ៉េ ដែល​គ្មាន​ទំនាស់ ជូន​ការិយាល័យ​រៀបចំ​ដែនដី នគរូបនីយកម្ម​សំណង់​និង​ភូមិបាល​ស្រុក​ទឹកឈូ​ធ្វើការ​វាស់វែង​ចេញ​ប័ណ្ណកម្មសិទ្ធិ​ជូន​បងប្អូន​ប្រជាពលរដ្ឋ​និង​ទី​៣.​ចំពោះ​លោក ជា សុខ​ហេង ដែល​បានដាក់​កុងតឺន័រ​របាំ​ង​ផ្លូវចេញចូល​របស់​ប្រជាជន ជូន​លោក​អភិបាលស្រុក​ទឹកឈូ ធ្វើការ​សម្របសម្រួល​តា​ម​នីតិវិធី ដើម្បី​យក​កុងតឺន័រ​ចេញ​។​

​ប៉ុន្តែ​លោក​ជា​សុខ​ហេង​បាន​ចាត់ទុកថា​ការសម្រេចសេចក្តី​របស់​រដ្ឋបាល​ខេត្តកំពត​ធ្វើ​មិនទាន់​ត្រឹមត្រូវ​តាម​នីតិវិធី​និង​ការណែនាំ​របស់​ក្រសួងមហាផ្ទៃ​នៅឡើយ​ដោយហេតុថា​រដ្ឋបាលខេត្ត​មិនបាន​អញ្ជើញ​ខ្លួន​ទៅ​ប្រជុំ​សម្របសម្រួល និង​ដោះស្រាយ​ទេ តែ​បែរជា​សម្រេច​ឲ្យ​ធ្វើការ​វាស់វែង​តែម្តង​។​

​ជាងនេះទៀត​លិខិត​ជូនដំណឹង​លេខ​៧២៣/១៩​សជណ​ចុះ​ថ្ងៃទី​០៩​ខែធ្នូ​ឆ្នាំ​២០១៩​មាន​ខ្លឹមសារ​ខុសពី​លិខិត​លេខ ០៧៩/១៩ របក ចុះ​ថ្ងៃទី​១៧ ខែឧសភា ឆ្នាំ​២០១៩ ត្រង់ចំណុច សេចក្តីសន្និដ្ឋាន ដោយ​រដ្ឋបាលខេត្ត​បានស្នើ​សុំឱ្យ​មានការ​សម្របសម្រួល គឺ ចំណុច​ទី​១ ស្នើសុំ​ឲ្យ​ក្រុមហ៊ុន ថា​ហ្គី​ត អ៊ី​ស្ទេ​ត​អេ​ន​អ៊ែ​សិត​មេ​នេ​ច​ម៉ិ​ន​ផ្អាក​សកម្មភាព​ទាំងឡាយ​និង​រុះរើ​សំណង់​ទាំងឡាយ​។​ដើម្បី​ទុក​លទ្ធភាព​ឱ្យ​អាជ្ញាធរ​សិក្សា​ផលប៉ះពាល់​នានា​ឲ្យ​បានច្បាស់លាស់​ជាមុនសិន ចំណុច​ទី​២ ឱ្យមាន​ការសម្របសម្រួល​ក្រុមហ៊ុន ថា​ហ្គី​ត អ៊ី​ស្ទេ​ត អេ​ន អ៊ែ​សិត មេ​នេ​ច​ម៉ិ​ន និង ឈ្មោះ ជា សុខ​ហេង​ដើម្បី​ផលប្រយោជន៍​ទាំងសងខាង​និង​ចំណុច​ទី​៣​ក្នុងករណី​កំពុងមាន​វិវាទ​ស្នើសុំ​ឲ្យ​មានការ​សម្របសម្រួល​ជាមុនសិន​។​

​សរុបមក​សេចក្តីសម្រេច​របស់​រដ្ឋ​បាល​ខេត្តកំពត​តាមរយៈ​លិខិត​ជូនដំណឹង​លេខ ៧២៣/១៩ សជណ ចុះ​ថ្ងៃទី​០៩​ខែធ្នូ​ឆ្នាំ​២០១៩​ដែល​ចុះហត្ថលេខា​ដោយ​លោក​ប៉ិល​កុសល​នេះ​ប៉ះពាល់​សិទ្ធិ​អាស្រ័យ​ផល​លើដី​ចំណី​ព្រែក​ដែលជា​ទ្រព្យសម្បត្តិ​សាធារណៈ​របស់​រដ្ឋ​និង​សិទ្ធ​សេវ​ភាព​លើដី​ផ្លូវចេញចូល​ដី​កម្មសិទ្ធិ​ស្របច្បាប់​របស់លោក​ជា​សុខ​ហេង និង​មិនទាន់ បាន​សិក្សា និង​វាយតម្លៃ​អំពី​ផលប៉ះពាល់​បរិស្ថាន និង​សង្គម ព្រមទាំង​ដោះស្រាយ​វិវាទ​នានា នៅឡើយ​ទេ ៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម