WHO កំពុងសិក្សាអាការៈកម្រមួយចំពោះកុមារដែលឆ្លងកូវីដ១៩ ដែលអាចបណ្តាលឱ្យក្មេងស្លាប់ដោយគាំងបេះដូង

190
ចែករម្លែក

ក្រុមអាជ្ញាធរសុខាភិបាលបានរាយការណ៍កាលពីថ្ងៃសុក្រ ទី១៥ ឧសភាថា អឺរ៉ុបនិងសហរដ្ឋអាម៉េរិកមានការកើនឡើងយ៉ាងខ្លាំងក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះនៃវិបល្លាស់ប្រព័ន្ធភាពស៊ាំធ្ងន់ធ្ងរចំពោះកុមារ ដែលកើតជំងឺកូវីដ១៩។

យ៉ាងហោចណាស់មានកុមារ ៥ នាក់ ក្នុងនោះ ៣ នាក់នៅញូវយ៉កនិងម្នាក់នៅក្នុងប្រទេសបារាំងនិងអង់គ្លេស បានស្លាប់ដោយសារអាការៈនេះ ហើយយ៉ាងហោចណាស់មានក្មេងពីរនាក់ផ្សេងទៀតបានស្លាប់ដោយសង្ស័យកើតវិបល្លាស់នេះដែរ។

រហូតមកទល់បច្ចុប្បន្ននេះ កូវីដ១៩ ដែលឆ្លងទៅមនុស្ស ៤,៥ លាននាក់និងសម្លាប់មនុស្សជាង ៣០ ម៉ឺននាក់ ភាគច្រើនមិនមានគ្រោះថ្នាក់ចំពោះកុមារតូចៗនិងក្មេងជំទង់ទេ ទោះបីភាគច្រើនត្រូវគេគិតថាឆ្លងដោយមិនបង្ហាញរោគសញ្ញាក៏ដោយ។

ប៉ុន្តែជំងឺនេះឥឡូវសបញ្ជាក់ថាឆ្លងមិនប្រកាន់អាយុទេ។

មជ្ឈមណ្ឌលបង្ការនិងគ្រប់គ្រងជំងឺអឺរ៉ុប (ECDC) បាននិយាយកាលពីថ្ងៃសុក្រថា អឺរ៉ុបបានសង្កេតឃើញមានករណីសង្ស័យចំនួន ២៣០ នៃរោគសញ្ញាហៅថាអាការៈរលាកប្រព័ន្ធចម្រុះចំពោះកុមារ (PIMS) ដែលកើតឡើងចំពោះកុមារអាយុរហូតដល់ ១៤ ឆ្នាំ។

វេជ្ជបណ្ឌិតនៅទីក្រុងបឺហ្គាម៉ូនៅភាគខាងជើងប្រទេសអ៊ីតាលីបានរាយការណ៍អំពីការកើនឡើង ៣០ ដងនៃឧបទ្ទហេតុនៃវិបល្លាស់រលាកធ្ងន់ធ្ងរនេះក្នុងចំណោមកុមារតូចៗ ក្នុងនោះមាន ១០ ករណីបានកើតឡើងចាប់ពីពាក់កណ្តាលខែកុម្ភៈដល់ពាក់កណ្តាលខែមេសា បើប្រៀបធៀបទៅនឹង ១៩ ករណីក្នុងអំឡុងពេល ៥ ឆ្នាំមុននេះ នេះយោងតាមការសិក្សាមួយនៅសប្តាហ៍នេះនៅក្នុងទស្សនាវដ្តី The Lancet។

នៅសហរដ្ឋអាម៉េរិក កន្លែងដែលជាង ១០០ ករណីត្រូវបានរកឃើញនៅក្នុងតំបន់ញូវយ៉ក អាជ្ញាធរសុខាភិបាលបានចេញការព្រមានអំពីអាការៈអាថ៌កំបាំងនេះ។

ប្រធានអង្គការសុខភាពពិភពលោកលោក​ តេត្រូស អាដាណុម ហ្គេប្រេយ៉េស៊ូស បានប្រាប់សន្និសីទកាសែតតាមរយៈវីដេអូកាលពីថ្ងៃសុក្រទី១៥ឧសភាថា “របាយការណ៍ដំបូងៗសន្មត់ថាអាការៈនេះអាចទាក់ទងទៅនឹងកូវីដ១៩” ដោយអំពាវនាវឱ្យក្រុមគ្រូពេទ្យជុំវិញពិភពលោកជួយ “ស្វែងយល់ឱ្យបានប្រសើរអំពីអាការៈនេះចំពោះកុមារ”។

ដូចជំងឺ Kawasaki ដែរ ដែលជាជំងឺកម្រកើតឡើងចំពោះកុមារតូចៗ អាការៈ PIMS អាចបណ្តាលឱ្យក្មេងក្តៅខ្លួនជាប់រហូត ឈឺពោះខ្លាំង ឡើងកន្ទួល និង ហើមអណ្តាត។

បើប្រៀបធៀបទៅនឹងរោគសញ្ញាពុលវិញ អាការៈ PIMS នាំឱ្យមានការរលាកសរសៃឈាម ហើយក្នុងករណីខ្លះគឺធ្វើឱ្យខូចបេះដូង។

ក្មេងប្រុសអាយុ៩ឆ្នាំ ដែលស្លាប់នៅទីក្រុងម៉ាកសីរបស់បារាំង ត្រូវគេនិយាយថា របួសសរសៃប្រសាទទាក់ទងនឹងការគាំងបេះដូង៕ ដោយ៖ កញ្ញាដាលីស

អាការៈ PIMS នាំឱ្យមានការរលាកសរសៃឈាម ហើយក្នុងករណីខ្លះគឺធ្វើឱ្យខូចបេះដូង

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ