ជ័​យោ ! កម្ពុជា ឈ្នះ កូ​វីដ ១៩ ដំណាក់កាល​ទី ១ ហើយ​

258
ចែករម្លែក

​ដោយៈ មេសា​/ភ្នំពេញៈ គឺជា​ដំណឹង​ល្អ​ដែល​មនុស្ស​គ្រប់គ្នា​រង់ចាំ​យូរហើយ ពេលនេះ ក្រសួងសុខាភិបាល អះអាងថា គិត​ត្រឹម​ម៉ោង ៧ និង ០០ នាទី ព្រឹក​ថ្ងៃទី ១៦ ខែ ឧសភា ឆ្នាំ ២០២០ នេះ អ្នកជំងឺ​កូ​វីដ ១៩ ម្នាក់ ដែលជា​អ្នកជំងឺ​ចុងក្រោយ​គេ​នៅ កម្ពុជា បានជា​សះស្បើយ​ហើយ ហេតុនេះស្ថានភាព​ជំងឺ​កូ​វីដ ១៩ នៅ​កម្ពុជា គឺជា​សះស្បើយ​អស់ហើយ ដោយមាន​សេចក្តីលម្អិត​ដូចតទៅ ៖

១.​អ្នក​ព្យាបាល​ជាសះស្បើយ​សរុប​ឡើងដល់ ១២២ នាក់ ( ស្មើនឹង ៩៩ , ១៨ ភាគរយ ធៀប​នឹង​អ្នក​ឆ្លង​ទាំងអស់ ក្នុងនោះ ស្ត្រី ៣៧ នាក់ និង បុរស ៨៣ នាក់ ) ដែលមាន​បុរស​ជនជាតិ ចិន ០១ នាក់ , ស្ត្រី​ជនជាតិ ចិន ០២ , ស្ត្រី​ជនជាតិ អង់គ្លេស ០៣ នាក់​, បុរស​ជនជាតិ អង់គ្លេស ០២ នាក់ , បុរស​ជនជាតិ អាមេរិកាំង ០១ នាក់ , ស្ត្រី​ជនជាតិ អាមេរិកាំង ០១ នាក់ , បុរស​ជនជាតិ ប៊ែ​ល​ហ្សិ​ក ០១ នាក់ , បុរស​ជនជាតិ បារាំង ១៩ នាក់ ( ក្នុងនោះ​មាន​ទារក​អាយុ ០៤ ខែ ម្នាក់ ) ស្ត្រី​ជនជាតិ បារាំង ២១ នាក់ , បុរស​ជនជាតិ កាណាដា ០២ នាក់ , បុរស​ជនជាតិ ម៉ាឡេស៊ី ១៣ នាក់ , បុរស​ជនជាតិ ឥណ្ឌូនេស៊ី ០២ នាក់ , ស្ត្រី​ជនជាតិ វៀតណាម ០៣ នាក់ , បុរស​ជនជាតិ ខ្មែរ ៤៣ នាក់ និង ស្ត្រី​ជនជាតិ ខ្មែរ ០៨ ( គិត​ចាប់ពី​ខែ មករា មកដល់​បច្ចុប្បន្ន ) នាក់ ។​

២. អ្នក​កំពុង​សម្រាក​ព្យាបាល ៖ គ្មាន​

៣. អ្នក​ដែល​បាន​រកឃើញ​មាន​វីរុស កូ​វីដ ១៩ ទាំងអស់ ( ទាំង​អ្នក​ដែល​បាន​ព្យាបាល​ជាសះស្បើយ​ហើយ​ផង ) សរុប ១២២ នាក់​ ( ស្ត្រី ៣៨ នាក់ និង បុរស ៨៤ នាក់ )​។​

៤. ករណី​ជាសះស្បើយ​ថ្មី​៖ ០១ នាក់

៥. ករណី​ឆ្លង​ថ្មី នៃ ជំងឺ​កូ​វីដ ១៩ ៖ គ្មាន​

៦. វត្ថុ​សំណាក​ដែល​បានធ្វើ​វិភាគ​សរុប ៖ ១៤ ៦៨៤ ( ម្សិល​ម៉ិ​ញ ១៤ ៦១៥ ) សំណាក ស្មើនឹង ៩០៣ ( ម្សិល​ម៉ិ​ញ ៨៩៩) សំណាក ក្នុងចំណោម​ប្រជាជន ១ លាន​នាក់ គឺជា​ចំនួន​ច្រើនជាង​បណ្តា​ប្រទេស​មួយចំនួន​នៅក្នុង​តំបន់ ។

​ទោះ​យ៉ាងនេះ ខណៈ​ក្រសួងសុខាភិបាល និង អ្នកពាក់ព័ន្ធ​អះអាងថា កម្ពុជា នៅតែ​មិន​បន្ធូរបន្ថយ​ដៃ ដូចជា​នៅតែ​ពិនិត្យ​តាមដាន​អ្នកដំណើរ និង ធ្វើតេស្ត​ជា​បន្តបន្ទាប់ សម្តេច​តេ​ជោ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល និង អង្គការ​សុខភាព​ពិភពលោក នៅតែ​អំពាវនាវ​ដល់​សាធារណជន​នៅ​កម្ពុជា ប្រុងប្រយ័ត្ន និង អនុវត្ត​ឱ្យបាន​ខ្ជាប់ខ្ជួន​នូវ​ការណែនាំ​របស់​រាជរដ្ឋាភិបាល និង ក្រសួងសុខាភិបាល ជាដើម ជា​អ្វីដែល​ក្រសួងសុខាភិបាល ហៅថា សភាព​ធម្មតា តាមបែប​គន្លង​ថ្មី ក្នុង​បរិបទ​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​-១៩ នៅ កម្ពុជា ដូចជា អនាម័យ​ដៃ​ស្អាត ពាក់​ម៉ាស់ ( ករណី​ចាំបាច់ ) គម្លាត​សុវត្ថិភាព​សង្គម និង គ​ម្ល​តា​សុវត្ថិភាព​បុគ្គល ចៀសវាង​ការរៀបចំ​កម្មវិធី​ផឹកស៊ី​ដែលមាន​គ្នាច្រើន ។ ល ។ ពោលគឺ សាធារណជន កម្ពុជា ត្រូវតែ​បន្ត​ប្រុងប្រយ័ត្ន​តទៅទៀត ពុំ​នោះទេ កម្ពុជា អាច​នឹងរង​ការវាយប្រហារ​ដោយ​រលក​ទី ២ នៃ ជំងឺ​កូ​វីដ ១៩ ដែល​អាចជា​រលក​ខ្លាំងក្លា​ជាង​អ្វីដែល​កម្ពុជា បាន​រង​នាពេលនេះ ។​


​ចំណែក​អង្គការ ចលនា ដើម្បី សុខភាព​កម្ពុជា ហៅ​កាត់​ថា CMH យល់ថា កម្ពុជា គួរតែ​ផ្អាក​ការលក់ និង ផ្សព្វផ្សាយ​គ្រឿង​ស្រវឹង​មួយរយៈ​សិន ព្រោះ​ភាព​ងាយ​រកបាន នៃ គ្រឿង​ស្រវឹង ធ្វើឱ្យ​ការសេព​គ្រឿង​ស្រវឹង​មានការ​កើនឡើង ហើយ​ការសេព​គ្រឿង​ស្រវឹង គឺជា​មូលហេតុ​ដ៏​ចម្បង​មួយ​ងាយ​ប្រឈម​នឹង​ការឆ្លង​ជំងឺ​កូ​វីដ ១៩ ។​


​ក្រសួងសុខាភិបាល ក៏បាន​ប្រកាសថា សន្និសីទ​ព័ត៌មាន​ប្រចាំ​សប្តាហ៍ ក៏ត្រូវ​បាន​ផ្អាក​បណ្តោះអាសន្ន​សិន​ចាប់ពី​ថ្ងៃទី ១៧ ខែ ឧសភា ឆ្នាំ ២០២០ នេះ ហើយនឹង​ជម្រាបជូន​នៅពេល​ក្រោយ ប្រសិនបើ​មានការ​ប្រែប្រួល ហើយ​ក្រសួង​បញ្ជាក់​យ៉ាង​ទទូចថា ការផ្អាក​នេះ មិនមែន​មានន័យថា ការឆ្លង​ជំងឺ​កូវ​ដី ១៩ នៅ​កម្ពុជា បាន​ចប់សព្វគ្រប់​ទេ ហេតុនេះ គឺ​ត្រូវ​បន្ត​ការប្រុងប្រយ័ត្ន​តទៅទៀត​ជាដាច់ខាត ៕ Kh

ទីតាំងផ្សាយពាណិជ្ជកម្ម