ផ្កាយដុះកន្ទុយពណ៌បៃតងហោះកាត់ផែនដីឆ្ពោះទៅព្រះអាទិត្យ មានកន្ទុយដល់ទៅ ១៨ លានគីឡូម៉ែត្រ

785
ចែករម្លែក

ពួកតារាវិទូនិយាយថា ផ្កាយដុះកន្ទុយឈ្មោះ Swan (ក្ងាន) និងកន្ទុយដ៏វែងប្រវែង ១៨ លានគីឡូម៉ែត្ររបស់វា នឹងអាចមើលឃើញច្បាស់នៅលើផ្ទៃមេឃងងឹត ចាប់ពីយប់ថ្ងៃទី១៥ឧសភាតទៅ ហើយអ្នកប្រហែលជាអាចមើលឃើញវាដោយភ្នែកទទេ។

ផ្កាយដុះកន្ទុយដែលជាដុំទឹកកកយក្សនេះ ដែលរកឃើញកាលពីខែមេសាដោយតារាវិទូឈ្មោះ ម៉ៃឃើល ម៉ាត់ធៀសហ្សូ មកពីប្រទេសអូស្ត្រាលី បានឆ្លងកាត់ផែនដីរួចហើយ ប៉ុន្តែវាកាន់តែមានពន្លឺភ្លឺខ្លាំងឡើងនៅពេលវាខិតជិតព្រះអាទិត្យ។

គេអាចមើលឃើញច្បាស់បំផុតពីអឌ្ឍគោលខាងត្បូង ប៉ុន្តែអ្នកនៅអឌ្ឍគោលខាងជើងនឹងនៅតែអាចមើលឃើញវាទាបនៅជើងមេឃមុនពេលថ្ងៃរះ។

យោងតាមទីភ្នាក់ងារអវកាសអឺរ៉ុបបានឱ្យដឹងថា ផ្កាយដុះកន្ទុយ Swan បច្ចុប្បន្នស្ថិតនៅចម្ងាយប្រហែល ៨៥ លានគីឡូម៉ែត្រពីផែនដី ហើយគេរំពឹងថាវាជាផ្កាយដុះកន្ទុយដ៏សំខាន់មួយទាក់ទងនឹងភាពអាចមើលឃើញច្បាស់របស់វា។

ផ្កាយដុះកន្ទុយពណ៌ខៀវនេះចូលមកខាងក្នុងប្រព័ន្ធសុរិយគតិរៀងរាល់ ១១.៥៩៧ ឆ្នាំម្តង ហើយមានកន្ទុយពណ៌បៃតងវែងលាតសន្ធឹង ១៨ លានគីឡូម៉ែត្រនៅពីក្រោយវា។

បច្ចុប្បន្នវាកំពុងរំកិលពីជើងមេឃខាងត្បូងទៅជើងមេឃខាងជើង ហើយតាមការព្យាករណ៍ គេអាចមើលឃើញវាដោយភ្នែកទទេកាន់តែច្បាស់នៅចុងខែឧសភា ប្រសិនបើផ្កាយដុះកន្ទុយនេះអាចរស់បានយូរដល់ចុងខែ៕ ដោយ៖ កញ្ញាដាលីស

ផ្កាយដុះកន្ទុយឈ្មោះ ក្ងាន ចាប់ផ្តើមរះកាលពីយប់ថ្ងៃទី១៥ឧសភា

ទីតាំងផ្សាយពាណិជ្ជកម្ម