ត្រាំ​និង​អ្នកជំនាញនិយាយថា វ៉ាក់សាំង​ប្រឆាំង​វីរុស​កូរ៉ូណា​នឹង​ត្រូវ​ផលិត​ចេញនៅ​យ៉ាងយូរ​ត្រឹម​ចុងឆ្នាំ​

437
ចែករម្លែក

​ប្រធានាធិបតី​អាម៉េរិក លោក​ដូណាល់ ត្រាំ កាលពី​ថ្ងៃ​សុក្រ​ទី​១៥​ឧសភា បាន​សម្តែង​ក្តីសង្ឃឹម​ថា វ៉ាក់សាំង​ប្រឆាំង​វីរុស​កូរ៉ូណា​មួយ​នឹង​អាច​ត្រូវផលិត​ចេញនៅ​យ៉ាងយូរ​ត្រឹម​ចុង​ឆ្នាំ​នៅ​ពេល​អាម៉េរិក​​កាន់តែ​ទទួល​ដំណឹង​សេដ្ឋកិច្ច​អាក្រក់ៗ ហើយ​អឺរ៉ុប​បើក​ដំណើរការ​សេដ្ឋកិច្ច​និង​ចរាចរណ៍​ឡើងវិញ​នៅ​ផ្នែក​ជាច្រើន ទោះជា​មាន​ការ​ព្រមាន​អំពី​ការផ្ទុះ​ជំងឺ​នេះ​នៅ​រលក​ទី​២​ក្តី​។​

​ប្រទេស​ជាច្រើន​បាន​បន្ធូរបន្ថយ​ការ​រឹតត្បិត​ដើម្បី​កុំ​អោយ​ប៉ះពាល់​សេដ្ឋកិច្ច​ខ្លាំងពេក នៅពេល​ភាគច្រើន​នៃ​ពិភពលោក​កំពុង​រស់នៅ​ក្រោម​ស្រមោល​នៃ​ជំងឺឆ្លង​ដែល​បាន​សម្លាប់​មនុស្ស​ជាង​៣០៤.០០០​នាក់​នៅ​ទូទាំង​ពិភពលោក និង​ចម្លង​មនុស្ស​ជាង​៤,៥​លាន​នាក់​។​

​នៅពេល​ការឆ្លង​នៅ​អឺរ៉ុប​ថយចុះ​តែ​ផ្នែក​ផ្សេង​ទៀត​បន្ត​កើនឡើង ការខិតខំ​ស្វែងរក​វ៉ាក់សាំង​មួយ​សំរាប់​ជំងឺ​នេះ ក៏​បាន​ក្លាយ​ជា​ប្រភព​តានតឹង​មួយ​រវាង​អ្នកមាន​និង​មិន​មាន​វ៉ាកសាំង​។​

ប្រធានាធិបតី​អាម៉េរិក លោក​ដូណាល់ ត្រាំ អមដោយ​មន្ត្រី​សុខាភិបាល បានចាប់ផ្តើម​ប្រតិបត្តិការ​Operation Warp Speed​ដែល​លោក​និយាយថា អាច​ផ្តល់​វ៉ាក់សាំង​មួយ​នៅ​យ៉ាងយូរ​ត្រឹម​ចុងឆ្នាំ​

​ត្រាំ​បាន​ប្រាប់​អ្នកយកព័ត៌មាន​នៅ​សេត​វិមាន​ថា រដ្ឋាភិវាក​អាម៉េរិ​កកំពុងធ្វើការ​ជាមួយ​ប្រទេស​ដទៃ​ទៀត​ដើម្បី​បង្កើត​វ៉ាក់សាំង​ប្រឆាំង​វីរុស​កូរ៉ូណាដ៏​ឆាប់រហ័​សមួយ និង​ក៏​ត្រៀម​ចែកចាយ​វា​ដែរ​នៅ​​ពេល​វ៉ាក់សាំង​មួយ​ត្រូវបាន​ផលិតឡើង និង​ថា​« យើង​រំពឹងថា​នឹង​ទទួលបាន​វា​នៅ​ចុង​ឆ្នាំ​យ៉ាងយូរ និង​អាច​មុននេះ​»​។​

​ត្រាំ​បានបញ្ជាក់​ថា រដ្ឋាភិបាល​អាម៉េរិក​នឹង​វិនិយោគ​ទាំងស្រុង​លើ​វ៉ាក់សាំង​ប្រឆាំង​វីរុស​កូរ៉ូណា និង​ថា​បេក្ខជន​វ៉ាក់សាំង​មួយ​ជួរ​ត្រូវបាន​ជំ​រុះ​មក​នៅត្រឹមតែ​១៤ និង​អាច​ជំ​រុះ​ចោល​បន្ថែមទៀត​ដោយ​ទុក​​តែ​វ៉ាក់សាំង​ដែល​មាន​ប្រសិទ្ធភាព​ជាង​គេ​។​

​កាលកំណត់​ចេញ​វ៉ាក់សាំង​របស់​ត្រាំ​ពេល​នេះ​ហាក់​លឿន​ជាង​សេណា​រី​យ៉ូ​១​ឆ្នាំ ដែល​កំណត់​ដោយ​ពួក​អ្នកវិទ្យាសាស្ត្រ​អឺរ៉ុប​។​

​ទោះជា​យ៉ាងណា អតីត​នាយក​ក្រុមហ៊ុន​ឱសថ GlaxoSmithKline លោក​ម៉ុង​សេ​ហ្វ ស្លា​អូ​អ៊ី ដែល​ត្រាំ​ស្នើ​អោយ​ជួយ​ការងារ​ស្វែងរក​វ៉ាក់សាំង បាន​សម្តែង​សុទិដ្ឋិនិយម ថា​នឹង​មាន​ការរីកចំរើន​ក្នុងការ​​ស្រាវជ្រាវ​រក​វ៉ាក់សាំង​នៅ​មុន​ដំណាច់​ឆ្នាំ​នេះ ។​

​បើ​តាម​លោក​ម៉ុង​សេ​ហ្វ ស្លា​អូ​អ៊ី វ៉ាក់សាំង​រាប់​លាន​ដូស​នឹងត្រូវ​ផលិត​ចេញ​នៅត្រឹម​ចុងឆ្នាំ​២០២០ បន្ទាប់ពី​លោក​បាន​ឃើញ​ទិន្នន័យ​មកពី​កន្លែង​ពិសោធន៍​វ៉ាក់សាំង​កូរ៉ូណា​៕​ប្រែ​សម្រួល​៖​វាសនា​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ