កូរ៉េខាងជើង​កំពុង​ជីក​រូង​ក្រោម​ដី​ដើម្បី​ត្រៀម​ការសាកល្បង​នុយក្លេអ៊ែរ​មួយទៀត​

3440
ចែករម្លែក

​ជប៉ុន​បាន​ព្រមាន​ថា កូរ៉េខាងជើង​កំពុង​ត្រៀម​ការសាកល្បង​នុយក្លេអ៊ែរ​មួយទៀត​ដោយសារតែ​ការកាយ​រូង​ក្រោម​ដី​។​

​រដ្ឋមន្ត្រី​ក្រសួងការបរទេស​លោកតា​រ៉ូ កូ​ណូ បាន​និយាយថា កូរ៉េខាងជើង​កំពុង​ធ្វើ​អ្វីដែល​អាចជា​ការត្រៀម​សំរាប់​ការសាកល្បង​នុយ​ក្លេ​អែរ​​បន្ទាប់​។​លោក​បន្ថែមថា «​វា​កំពុង​ជីក​កាយ​ដី​ចេញពី​រូង​ក្រោម​ដី​មួយ កន្លែងធ្វើការ​សាកល្បង​កាលពីមុន​»​។​

​កាលពីមុន​លោក​កូ​ណូ​បាន​ចោទប្រកាន់​របប​ក្រុង​ព្យុងយ៉ាង​ថា​មិន​បង្ហាញ​បំណង​របស់ខ្លួន​ទៅកាន់​ពិភព​ខាងក្រៅ​អំពី​ការរំលាយចោល​​សព្វាវុធ​នុយក្លេអ៊ែរ​។​

​ព័ត៌មាន​អំពី​ការត្រៀម​សាកល្បង​នេះ​កើតឡើង​បន្ទាប់ពី​មេដឹកនាំ​កូរ៉េខាងជើង​លោក​គីម ជុង​អ៊ុន បាន​និយាយថា​លោក​នឹង​រំលាយចោល​​សព្វាវុធ​នុយក្លេអ៊ែរ​រ​បស់​ប្រទេស​លោក ប្រសិនបើ​លែងមាន​ការ​គំរាម​យោធា​មកពី​អាមេរិក​។​

​លោក​គីម កាលពី​ឆ្នាំមុន បានប្រកាសថា ប្រទេស​លោក​ជា​មហាអំណាច​នុយក្លេអ៊ែរ​មួយ ក្រោយ​ការបាញ់​បង្ហោះ​កាំជ្រួច​ថ្មី​មួយ​ដែល​លោក​​អះអាងថា​អាច​វាយប្រហារ​កន្លែង​ណាមួយ​ក៏បាន​នៅលើ​ពិភពលោក​។​

​សូមបញ្ជាក់ថា សព្វាវុធ​នុយក្លេអ៊ែរ​តាម​ទម្លាប់​ត្រូវគេ​ធ្វើការ​សាក​ពិសោធន៍​ក្រោម​ដី​ដើម្បី​ធានាថា​សារធាតុ​វិទ្យុសកម្ម​មិនអាច​បាចសាច​​លើដី​និង​ក្នុង​អាកាស​ដែលជា​ការបំផ្លាញ​បរិស្ថាន​។​វា​ក៏៏​ធានា​ការសម្ងាត់​ពី​ការ​ស៊ើបការណ៍​ពី​ផ្កាយរណប ដែល​តាមដាន​សកម្មភាព​របស់​កូ​​រ៉េ​ខាងជើង​ផងដែរ​។​

​អាវុធ​នេះ ត្រូវគេ​ដាក់​ក្នុង​រន្ធ​ឬ​រូង​ក្រោម​ដី ជំរៅ​២០០-៨០០​ម៉ែត្រ​។​

​រូង​ក្រោម​ដី​នៅ​ទីតាំង​សាកល្បង​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង​មួយ ត្រូវបាន​គេ​និយាយថា បានរ​លំបាក់​កាលពី​ឆ្នាំមុន ដោយ​សម្លាប់​​មនុស្ស​ដល់​ទៅ​២០០​នាក់​។​គ្រោះថ្នាក់​នេះ​ត្រូវគេ​ជឿថា​បណ្តាលមកពី​ការសាកល្បង​នុយក្លេអ៊ែរ​លើក​ទី​៦​ដែលនាំអោយ​ភ្នំ​មួយ​លែង​រឹងមាំ​៕​ដោយ​៖​វាសនា​

រូបភាពពីផ្កាយរណប បង្ហាញទីតាំងសាកល្បងនុយក្លេអ៊ែររបស់កូរ៉េខាងជើង

ទីតាំងផ្សាយពាណិជ្ជកម្ម