សម្រេច​បួស​ជា​សង្ឃ​ព្រោះ​គេច​ពី​កំណែន​កងទ័ព​

398
ចែករម្លែក
តា​អ៊ូច កំពុង​ពរ​ចៅ​។ បច្ចុប្បន្ន តា​អ៊ូច រស់នៅ​ភូមិ​កណ្តាល ឃុំ​ព្រះនេត្រព្រះ ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ​។​

ដោយ​៖ ហូ ថុ​នា អ្នកសរសេរ​ទស្សនា​វ​ដ្តី​ស្វែងរក​ការពិត​
​ភ្នំពេញៈ​តា​អ៊ូច អាយុ​៧៣​ឆ្នាំ រស់នៅ​ភូមិ​កណ្តាល ឃុំ​ព្រះនេត្រព្រះ ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ មានប្រសាសន៍ថា «​បន្ទាប់ពី​របប លន់ នល់ ឡើង​គ្រប់គ្រង​ប្រទេស​នៅ​ឆ្នាំ​១៩៧០​ប្រជាជន​ក្នុង​ស្រុកភូមិ​របស់ខ្ញុំ​ចាប់ផ្តើម​មានការ​ព្រួយបារម្ភ​យ៉ាងខ្លាំង​ចំពោះ​ការបង្ខិតបង្ខំ​ឲ្យ​យុវជន​ដែលមាន​កម្លាំង​មាំមួន​ឲ្យ​ចូល​ធ្វើជា​ទាហាន​។​
​ពាក្យ​ចរចា​ម​អារាម​បានឮ​សុះសាយ​នៅ​ទូទាំង​ភូមិ​ថា មាន​ឡាន​ទាហាន​របប​សាធារណរដ្ឋ​ខ្មែរ​របស់លោក លន់ នល់ បាន​បើក​មក​ដឹក​យុវជន​នៅតាម​ភូមិ​ឲ្យ​ចូល​ធ្វើជា​ទាហាន​។ បន្ទាប់ពី​ប្រមែ​ប្រមូលបាន​ច្រើន យុវជន​ទាំងនោះ​នឹង​ត្រូវបាន​បញ្ជូន​ឲ្យ​ទៅ​ឈរជើង​នៅ​ខេត្តកំពង់ធំ ដើម្បី​ប្រយុទ្ធ​តទល់​នឹង​ទាហាន​យៀកកុង ឬ វៀតណាម​ខាងជើង​។ ខ្ញុំ​មានការ​ព្រួយបារម្ភ​យ៉ាងខ្លាំង និង​បាន​សម្រេចចិត្ត​បួស​ធ្វើជា​ព្រះសង្ឃ​នៅ​វត្ត​ពោធិ៍​កែវ​ព្រះនេត្រព្រះ ក្នុង​ឃុំ​ព្រះនេត្រព្រះ នៅ​ឆ្នាំ​១៩៧២​។ ប៉ុន្តែ​ខ្ញុំ​បួស​បាន​រយៈពេល​មួយឆ្នាំ​តែប៉ុណ្ណោះ ក៏​សឹក​មកជួយ​មើលថែ​ឪពុកម្តាយ​របស់ខ្ញុំ​ដែល​ចាស់ជរា និង​ធ្វើ​ការងារ​យកប្រាក់​ដើម្បី​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​ដែល​ខ្វះខាត ព្រោះ​ខ្ញុំ​ជា​កូនប្រុស​ច្បង​ក្នុង​គ្រួសារ​។​

ភ្នំ​អរិយក​ន្ត ឬ ភ្នំ​ព្រះនេត្រព្រះ ក្នុងស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ​។​
(​អន វណ្ណា​រ៉ា​/​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​)


​ថ្ងៃមួយ​ខ្ញុំ​បានទទួល​ដំណឹង​ថា មាន​ឡាន​ទាហាន​របស់​របប​សាធារណរដ្ឋ​ខ្មែរ​បាន​បើក​ចូលមកក្នុង​ភូមិ​របស់​ខ្ញុំ ដូច្នេះ​ខ្ញុំ​និង​យុវជន​ជាច្រើន​នាក់​ទៀត​បាន​រត់​គេចចេញ​ពី​ភូមិ ទៅ​រស់នៅ​វាល​គូ​ដែលមាន​ចម្ងាយ​ឆ្ងាយ​ពី​ភូមិ​។ នាពេលនោះ​គឺ​ស្ថិតនៅក្នុង​រដូវប្រាំង ដូច្នេះ​ខ្ញុំ​ជួប​ការលំបាក​យ៉ាងខ្លាំង​ក្នុង​ការរក​ទឹក​មកប្រើប្រាស់ និង​ដាំ​ស្ល​ប្រចាំថ្ងៃ​។ ខ្ញុំ និង​យុវជន​ទាំង​នោះបាន​ស្នាក់​នៅក្រោម​រទេះគោ​ចំនួន​ប្រមាណ​៣០ ទៅ​៤០​រទេះ ដែល​ក្នុង​មួយ​រទេះ​មាន​យុវជន​ប្រហែល ៣ ទៅ ៤ នាក់​។ ខ្ញុំ និង​យុវជន​ទាំងនោះ​តែងតែ​ទៅ​នេសាទ​ត្រី​ពី​ទន្លេ​យកមក​ធ្វើ​ម្ហូប​ប្រចាំថ្ងៃ​។ រយៈពេល​២​ខែក្រោយ​មក អ្នកភូមិ​របស់ខ្ញុំ​បានផ្តល់​ដំណឹង​ថា ការប្រមែប្រមូល​យុវជន​ឲ្យ​ចូលធ្វើ​ទាហាន​បាន​ស្ង​ត់​ស្ងាត់​ហើយ​។​
​វា​គឺជា​ដំណឹង​ល្អ​សម្រាប់​ខ្ញុំ​។ ខ្ញុំ​និង​យុវជន​ផ្សេងទៀត​បាន​ប្រមែប្រមូល​របស់របរ​ទុកដាក់ និង​បាននាំគ្នា​វិលត្រឡប់​ចូលទៅ​រស់នៅ​ក្នុងភូមិ​វិញ​។


​ ​នៅ​ថ្ងៃទី​១៧ ខែមេសា ឆ្នាំ​១៩៧៥ របប​ខ្មែរក្រហម​បាន​ឡើង​គ្រប់គ្រង​ប្រទេស​ជំនួស​របប​សាធារណរដ្ឋ​ខ្មែរ​។ ប្រជាជន​នៅ​ក្នុងភូមិ​របស់ខ្ញុំ​សប្បាយ​ត្រេកអរ​យ៉ាងខ្លាំង ព្រោះ​គិតថា​របប​ថ្មី​នេះ​នឹង​ជួយ​ឲ្យ​ប្រជាជន​រស់នៅ​បាន​សុខសាន្ត​។ ប្រជាជន​នៅ​ក្នុងភូមិ​របស់ខ្ញុំ​ខ្លះ​បាន​ច្រៀង និង​ចាក់​ភ្លេង​រាំរែក​យ៉ាង​សប្បាយរីករាយ ព្រោះ​ត្រូវចំ​ថ្ងៃបុណ្យ​ចូលឆ្នាំ​ប្រពៃណី​ខ្មែរ​។ ពេលនោះ​ក៏មាន​យោធា​ខ្មែរក្រហម​បាន​ដើរចូល​ក្នុងភូមិ​របស់​ខ្ញុំ​ដើម្បី​ត្រួតពិនិត្យ​សភាពការណ៍​។ ទោះបីយ៉ាងណា​ប្រជាជន​នៅ​ភូមិ​របស់ខ្ញុំ​នៅតែ​ជឿជាក់ថា យោធា​ខ្មែរក្រហម​ទាំងនោះ​ជាម​នុស្ស​ស្លូតត្រង់​។ មួយរយៈ​ក្រោយមក យោធា​ខ្មែរក្រហម​ចាប់ផ្តើម​អនុវត្ត​គោលនយោបាយ​របស់ខ្លួន ដោយបាន​បង្ខិតបង្ខំ​ឲ្យ​ប្រជាជន​នៅ​ក្នុងភូមិ​របស់ខ្ញុំ​ទៅ​រស់នៅ​ភ្នំ​កូនដំរី ដែលជា​ភ្នំ​មួយ​ស្ថិតនៅ​ចំ​កណ្តាល​វាលស្រែ​ល្វឹងល្វើយ​។ ចំណែកឯ​ផ្ទះសម្បែង​របស់​ប្រជាជន​ត្រូវបាន​ខ្មែរក្រហម​ដុតបំផ្លាញ​ស្ទើរតែ​ទាំងស្រុង​។ ខ្ញុំ​និង​អ្នកភូមិ​របស់ខ្ញុំ​បាន​សាងសង់​ខ្ទម​ស្បូវ​តូចៗ​ដើម្បី​ស្នាក់នៅ​បណ្តោះអាសន្ន​។

ស្លាក​សញ្ញា​សម្គាល់​ផ្លូវ​ទៅ​ភូមិ​ត្រពាំងវែង ស្ថិតនៅក្នុង​ឃុំ​ព្រះនេត្រព្រះ ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ​។​
(​សោម ប៊ុនថន​/​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​)


​រយៈពេល​កន្លះ​ខែក្រោយ​មក កម្មាភិបាល​ខ្មែរក្រហម​បាន​ជម្លៀស​អ្នកភូមិ​របស់ខ្ញុំ​ពី​ភ្នំ​កូនដំរី​ឲ្យ​ទៅ​រស់នៅ​ភូមិ​ស្រេះ​ខាងកើត​វិញ​។ ប្រធានភូមិ​បាន​បែងចែក​ការងារ​ឲ្យ​ប្រជាជន​គ្រប់ៗ​គ្នា​។ ប្រជាជន​ខ្លះ​ដាំដំឡូង ដកស្មៅ និង​ស្ទូងស្រូវ ចំណែក​ខ្ញុំ​ភ្ជួរស្រែ​។ ខ្ញុំ និង​ប្រុសៗ​ជាច្រើន​នាក់ ត្រូវបាន​ខ្មែរក្រហម​បាន​ចាត់តាំង​ឲ្យ​ទៅ​ភ្ជួរស្រែ​នៅ​វាលស្រែ​រនាម​រយៈពេល​មួយខែ​។​


​ក្រោយមក​ប្រជាជន​ក្នុងភូមិ​របស់ខ្ញុំ​ត្រូវបាន​ខ្មែរក្រហម​ជម្លៀស​ឲ្យ​ទៅ​រស់នៅ​ភូមិ​ត្រពាំងវែង​វិញ​។ តាំងពី​យូរយា​ណាស់​មកហើយ ភូមិ​ត្រពាំងវែង គឺជា​តំបន់​ដែលមាន​ព្រៃ​ដុះ​ព័ទ្ធ​ជុំជិត និង​គ្មាន​ប្រជាជន​រស់នៅ​ទេ​។ ភូមិ​នេះ​មាន​ទីតាំង​ស្ថិត​នៅជាប់​នឹង​ជើងភ្នំ​អរិយក​ន្ត ឬ​ភ្នំ​ព្រះនេត្រព្រះ​។ នៅពេល​ខ្មែរក្រហម​ឡើងកាន់​អំណាច ខ្មែរក្រហម​បាន​សាងសង់​ខ្ទម​ស្បូវ​ចំនួន​១៥​នៅ​ភូមិ​ត្រពាំងវែង និង​ឲ្យ​ប្រជាជន​នៅក្នុង​ភូមិ​កណ្តាល​ចំនួន​៣០​គ្រួសារ​ទៅ​ស្នាក់នៅ​ក្នុងភូមិ​ដែល​ទើបតែ​បង្កើត​ថ្មី​នោះ​។ ខ្ទម​នីមួយៗ​មាន​ទទឹង​ទំហំ​៦​ម៉ែត្រ ប្រក់​ស្បូវ និង​សាងសង់​ក្នុង​ចម្ងាយ​ប្រហែល​១៥​ម៉ែត្រ​ឃ្លាត​ពីគ្នា​។ ខ្ទម​នេះ សង់​ជា​ពីរ​ជួរ ទល់មុខ​គ្នា​។​

ព្រះវិហារ​វត្ត​ព្រះនេត្រព្រះ ស្ថិតនៅ​ក្នុងស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ​។​
(​អ៊ូច មករា​/​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​)


​ ​រហូតដល់​ឆ្នាំ​១៩៧៦ ខ្មែរក្រហម​បាន​បញ្ជូន​ប្រជាជន​ថ្មី​ដែល​ជម្លៀស​មកពី​ទីក្រុង​ភ្នំពេញ និង​ពី​ខេត្ត​នានា​កាន់តែច្រើន​ឲ្យ​មក​រស់នៅ​ក្នុងភូមិ​ត្រពាំង​វែង​។ ខ្មែរក្រហម​បានចាប់ផ្តើម​សាងសង់​ខ្ទម​ស្បូវ​បន្ថែមទៀត​សម្រាប់​ប្រជាជន​ថ្មី​ទាំងនោះ​រស់នៅ​។ ខ្ទម​ស្បូវ​ទាំងនោះ​ត្រូវបាន​ខ្មែរក្រហម​សាងសង់​នៅ​ចំ​កណ្តាល​បរិវេណ​គម្លាត​នៃ​ខ្ទម​ស្បូវ​របស់​ប្រជាជន​មូលដ្ឋាន​។ ប្រជាជន​ថ្មី​ដែល​ជម្លៀស​មក​ទាំងនោះ មាន​ចំនួន​ច្រើនជាង​ប្រជាជន​មូលដ្ឋាន​។ ប្រជាជន​ថ្មី និង​ប្រជាជន​មូលដ្ឋាន​បានរស់នៅ និង​ធ្វើការ​លាយឡំ​គ្នា​។ ខ្ញុំ​បានរស់នៅ និង​ធ្វើ​ការងារ​ស្រែចម្ការ​ជាមួយ​ប្រជាជន​នៅក្នុង​ភូមិ​ត្រពាំងវែង រហូតដល់​ឆ្នាំ​១៩៧៩ ទើប​ខ្ញុំ​មក​រស់​ភូមិ​កណ្តាល​វិញ​រហូតមកដល់​សព្វថ្ងៃ ៕srn

ទិដ្ឋភាព​វត្ត​ព្រះនេត្រព្រះ ថត​ពីលើ​អាកាស​។​(​អ៊ូច មករា​/​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​)
ទិដ្ឋភាព​ឃុំ​ព្រះនេត្រព្រះ ថត​ពីលើ​អាកាស​។​
(​អន វណ្ណា​រ៉ា​/​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​)

ទីតាំងផ្សាយពាណិជ្ជកម្ម