ផ្អាក​ការងារ​នាយការិយាល័យ​ចរាចរណ៍​ផ្លូវគោក​ខេត្តកំពង់ធំ​ម្នាក់ ដែល​ស្រវឹង​ផង ជេរ​អភិបាលខេត្ត​ផង​

331
ចែករម្លែក
លោក រុំ សុវិជ្ជា នាយការិយាល័យ​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ធំ​

ដោយៈ មុនី​រ័ត្ន​/​ភ្នំពេញៈ អគ្គស្នងការ​នគរបាល​ជាតិ នាយ​ឧ​ត្ត​ម​សេនីយ៍​សន្តិ​បណ្ឌិត នេ​ត សាវឿន បាន​ថ្លែងប្រាប់ រស្មី​កម្ពុជា​កាលពី​ល្ងាច​ថ្ងៃទី​១៦ ខែឧសភា ថា លោក​បានសម្រេច​ផ្អាក​ការងារ​បន្ទាន់​របស់លោក រុំ សុវិជ្ជា នាយការិយាល័យ​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ធំ និង​ស្នើសុំ​ទៅ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ដើម្បី​ដក​ឋានៈ នាយការិយាល័យ​ចរាចរណ៍​ផ្លូវគោក​ចោល​តែម្តង និង​ផ្ទេរ​មក​នាយកដ្ឋាន​បុគ្គលិក​។​
​ ​ការសម្រេច​ផ្អាក​ការងារ​បន្ទាន់​របស់លោក រុំ សុវិជ្ជា នាយការិយាល័យ​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ធំ​បានធ្វើ​ឡើង​បន្ទាប់ពី​បុគ្គល​រូបនេះ កាលពី​យប់​ថ្ងៃទី​១៥ ខែឧសភា បាន​ផឹកស្រា​ស្រ​រឹង​រួច​បើករថយន្ត​ទៅបុក​រនាំង​បរិវេណ​រូបសំណាក​លោកតា​អាចារ្យ​លាក់ បណ្តាលឱ្យ​ខូចខាត និង​បាន​ស្រែកជេរ និង​ប្រមាថ​យ៉ាង​ធ្ងន់ៗ​ទៅ​អភិបាល​ខេត្តកំពង់ធំ​ថែម ទៀត ផង​។​


​ ​នាយ​ឧ​ត្ត​ម​សេនីយ៍​សន្តិ​បណ្ឌិត នេ​ត សាវឿន បាន​មានប្រសាសន៍ថា ទាក់ទង​ករណីនេះ វិធានការ​ទី​១ លោក​បាន​ចុះហត្ថលេខា (១៦ ឧសភា​) ដើម្បី​ផ្អាក​ការងារ​បន្ទាន់ និង​ទី​២. នៅ​ថ្ងៃទី​១៨ ខែឧសភា​លោក​ធ្វើសំណើ​ទៅ​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ដើម្បី​ដក​ឋានៈ​នាយការិយាល័យ​ចរាចរណ៍​ផ្លូវគោក​ចោល​តែម្តង និង​ផ្ទេរ​មក​ប្រចាំ​នៅ នាយកដ្ឋាន​បុគ្គលិក​។​ពីព្រោះ​បុគ្គល​នេះ​ធ្លាប់ធ្វើ​ខុស និង​ត្រូវ​ក្រសួងមហាផ្ទៃ​ធ្វើលិខិត​ព្រមាន​ម្តង រួចមកហើយ និង​មិន​គោរព​ទៅ​និង​គោលការណ៍ និង​បទបញ្ជា​របស់​អគ្គស្នងកា​រដ្ឋា​ន​នគរបាលជាតិ ក្នុងពេលដែល​ពង្រឹង​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក គឺ​លោក​បានដាក់​បទបញ្ជា និង​អំពាវនាវ​ឲ្យ​កង កម្លាំង​នគរបាល​ទាំងអស់ ធ្វើ​គំរូ​ក្នុង​ការគោរព​ច្បាប់ ប៉ុន្តែ​បុគ្គល​នេះ​បែរជា​ប្រព្រឹត្តល្មើស​យ៉ាង គឃ្លើន​ដូចនេះ គឺ​មិនអាច​អត់អោន​ឲ្យ​បានទេ​។​


​ ​អគ្គស្នងការ​នគរបាល​ជាតិ​បាន​បញ្ជាក់ថា “​នៅ​ថ្ងៃ​ចន្ទ ទី​១៨ ខែឧសភា ឆ្នាំ​២០២០ ខ្ញុំ​ធ្វើសំណើ​ទៅ​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ម​ហ​ហា​ផ្ទៃ ដើម្បី​ដក​ឋានៈ​នាយការិយាល័យ​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ធំ​។ ទាំង​សម្តេច​ក្រឡាហោម ទាំង​យើងខ្ញុំ គឺ​ដាច់ខាត​ហើយ យើង​ត្រូវ​វះកាត់​ចំពោះ​បុគ្គល​ដែល​ធ្វើ​ខុស បុគ្គល​ដែល​មិន​គោរព​ច្បាប់ និង​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​ឥទ្ធិពល​កងកម្លាំង​នគរបាល​”​។​


​ ​ចំណែក​លោក​សុខ លូ អភិបាលខេត្ត​កំពង់ធំ​បាន​ថ្លែងប្រាប់​រស្មី​កម្ពុជា​ថា លោក រុំ សុវិជ្ជា នាយការិយាល័យ​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ធំ បើកបរ​ក្នុងស្ថានភាព ស្រវឹង​ខ្លាំង ទៅបុក​រនាំង​បរិវេណ​រូបសំណាក​លោកតា​អាចារ្យ​លាក់ និង​បាន​ជេរប្រមាថ​លើ រូបលោក​។ ប៉ុន្តែ​លោក​មិន​ដាក់ពាក្យ​ប្តឹង​ទេ ដោយសារ​គាត់​បាន​សុំទោស ទុក​ឲ្យ​ថ្នាក់ដឹកនាំ​សម្រេច ចុះ​។
​ ​លោក​បញ្ជាក់ថា ទីតាំង​ដែល​លោក រុំ សុវិជ្ជា បើករថយន្ត​ទៅបុក គឺ​មិនមែន​កន្លែង​ធ្វើ​ថ្មី​ទេ គឺជា​ទីតាំង​ច្រមុះជ្រូក​តាំងពី​យូរ​មកហើយ និង​បានដាក់​ភ្លើង​បំភ្លឺ​តាម​ដងផ្លូវ និង​ភ្លើង​បំភ្លឺ​ក្នុង​សួនច្បារ​នោះ​ថែម​ទៀតផង ប៉ុន្តែ​ដោយសារតែ​គាត់​ផឹក​ស្រវឹង​ខ្លាំង គាត់​បាត់​ម្ចាស់ការ​។​


​សូមជម្រាបថា កាលពី​វេលា​ម៉ោង ៩:១២​យប់ ថ្ងៃទី​១៥ ខែឧសភា លោក រុំ សុវិជ្ជា នាយការិយាល័យ​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ធំ​បាន​ផឹកស្រា​ស្រ​រឹង​បើករថយន្ត​ទៅបុក​រនាំង​បរិវេណ​រូបសំណាក​លោកតា​អាចារ្យ​លាក់ បណ្តាលឱ្យ​ខូចខាត និង​បាន ស្រែកជេរ និង​ប្រមាថ​យ៉ាង​ធ្ងន់ៗ​ទៅ​អភិបាល​ខេត្តកំពង់ធំ​ថា នៅ​ទី​តាំ​កើតហេតុ​មិនមាន​ដាក់​ភ្លើង​បំភ្លឺ និង​ដាក់​ចំណាំងផ្លាត ទើប​ឱ្យ​គាត់​ជួប​គ្រោះថ្នាក់​បែបនេះ​. ប៉ុន្តែ​តាម​ការពិត​នៅ​ទីតាំង​កើតហេតុ មាន​ភ្លើង​បំភ្លឺ​គ្រប់គ្រាន់ និង​មាន​ចំណាំងផ្លាត​។​
​យោងតាម​របាយការណ៍​បាន​បញ្ជាក់ថា មន្ត្រីនគរបាល​ដែលជា​បក្ខពួក ហើយ​បាន​រំដោះ យក​លោក រុំ សុវិជ្ជា ចេញ​មិន​ឲ្យ​សមត្ថកិច្ច​ក្រុង​ស្ទឹងសែន អនុវត្ត​ច្បាប់ មានដូចជាៈ ១. លោក​វរសេនីយ៍ត្រី ហួ គឹម​ហ៊​ត នាយរង​ការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​។ ២. លោក​អនុសេនីយ៍ឯក សេង សុខ​ចំរើន នាយរង​ផ្នែក​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​។ ៣. លោក​អនុសេនីយ៍ទោ វ៉ាន់ កុសល មន្ត្រី​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​។​
​គួរ​បញ្ជាក់ថា កាលពី​ថ្ងៃទី​២៦ ខែមីនា ឆ្នាំ​២០២០ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បានចេញ​លិខិត​ព្រមាន​លើក​ទី​១ លើ​លោក រុំ សុវិជ្ជា នាយការិយាល័យ​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ធំ ដោយសារតែ​ធ្វេសប្រហែស​ក្នុងការ​អនុវត្ត​ភារកិច្ច​របស់ខ្លួន​។ ដោយ​សម្តេច​ក្រឡាហោម បាន​សង្កត់ធ្ងន់ថា បើ​នៅតែ​ប្រព្រឹត្ត​ផ្ទុយ​ពី​ការណែនាំ​នេះ នឹង​ចាត់វិធានការ​តាម​វិន័យ​របស់​កងកម្លាំង​នគរបាលជាតិ ជាក់​ជាពុំខាន​៕សរន

ទីតាំងផ្សាយពាណិជ្ជកម្ម