បាល់ទាត់អាល្លឺម៉ង់ត្រឡប់មកវិញ ខណៈចំនួនអ្នកស្លាប់នៅអេស្ប៉ាញនិងអង់គ្លេសធ្លាក់ចុះ

263
ចែករម្លែក

ក្រុមជើងឯកបាល់ទាត់អាល្លឺម៉ង់ Bayern Munich បានយកឈ្នះការប្រកួតលើកដំបូងរបស់ខ្លួនក្នុងរយៈពេលជាងពីរខែកាលពីថ្ងៃអាទិត្យទី១៧ឧសភា ខណៈអេស្ប៉ាញនិងអង់គ្លេសបានកត់ត្រាចំនួនអ្នកស្លាប់ដោយសារកូវីដ១៩ប្រចាំថ្ងៃទាបបំផុតចាប់តាំងពីខែមីនា ប៉ុន្តែជំងឺរាតត្បាតនេះបានបន្តបំផ្លិចបំផ្លាញនៅកន្លែងផ្សេងទៀត។

ជាមួយនឹងចំនួនអ្នកស្លាប់ដោយសារមេរោគនេះនៅទូទាំងពិភពលោកកើនលើសពី ៣១៤.០០០ នាក់និងសេដ្ឋកិច្ចពិភពលោកកំពុងរងការខូតខាតដ៏ធំធេងពីការបិទទ្វារសេដ្ឋកិច្ច បណ្តាប្រទេសអឺរ៉ុបជាច្រើនកំពុងដកចេញការរឹតបន្តឹងដើម្បីផ្តល់ដង្ហើមដកចាំបាច់ដល់ប្រជាជនដែលធុញថប់និងអត់ធ្មត់លែងបានរបស់ខ្លួន។

ប៉ុន្តែជំងឺនេះនៅតែបន្តកើនឡើងនៅក្នុងប្រទេសប្រេស៊ីល ដែលចំនួនអ្នកស្លាប់បានកើនឡើងលើសពី ១៥.០០០ នាក់ជាមួយនឹងករណីឆ្លងជាង ២៣០.០០០ នាក់ ដោយធ្វើឱ្យប្រទេសនេះក្លាយជាប្រទេសដែលមានករណីឆ្លងច្រើនជាងគេទី ៤ លើពិភពលោក។

ក្របខ័ណ្ឌ Bundesliga របស់អាល្លឺម៉ង់កាលពីចុងសប្តាហ៍បានក្លាយជាលីកបាល់ទាត់កំពូលដំបូងគេបង្អស់ដែលបានវិលត្រឡប់មកវិញ បន្ទាប់ពីការបិទប្រទេស ដោយនាំមកនូវការធូរស្បើយមិនត្រឹមតែចំពោះអ្នកគាំទ្របាល់ទាត់អឺរ៉ុបប៉ុណ្ណោះទេប៉ុន្តែថែមទាំងចំពោះពិភពដែលកំពុងស្រែកឃ្លានកីឡា។ ក្រុមការពារតំណែងជើងឯក Bayern Munich បានយកឈ្នះលើម្ចាស់ផ្ទះ Union Berlin ក្នុងលទ្ធផល ២-០ នៅខាងក្នុងកីឡដ្ឋានទទេមួយក្នុងរដ្ឋធានីបែរឡាំងកាលពីល្ងាចថ្ងៃអាទិត្យ។

ដោយទាក់ទាញអ្នកទស្សនាតាមទូរទស្សន៍ក្នុងចំនួនឯតទគ្គកម្មរួចហើយនោះ ការចាប់ផ្តើមឡើងវិញនូវបាល់ទាត់អាល្លឺម៉ង់បានស្ថិតនៅក្រោមការពិនិត្យពិច័យយ៉ាងខ្លាំងក្លាដើម្បីធ្វើជាករណីសាកល្បងមួយ។ កម្មវិធីកីឡាកំពូលៗកំពុងព្យាយាមរកវិធីដើម្បីចាប់ផ្តើមឡើងវិញដោយមិនបង្កើនហានិភ័យនៃការឆ្លងរាលដាលកូវីដ១៩ ដែលបានឆ្លងដល់មនុស្សជាង ៤,៦ លាននាក់នៅទូទាំងពិភពលោក។

ទោះយ៉ាងណាមានការអំពាវនាវឱ្យក្របខ័ណ្ឌ Bundesliga រឹតបន្តឹងពិធីសារអនាម័យរបស់ខ្លួនបន្ទាប់ពីកីឡាករមួយចំនួនបានអបអរគ្រាប់បាល់ដោយការឱបគ្នា និងមានពីរនាក់ថែមទាំងថើបថ្ពាល់គ្នាក្នុងអំឡុងពេលប្រកួតកាលពីថ្ងៃសៅរ៍ទៀតផង៕ ដោយ៖ កញ្ញាដាលីស

បាល់ទាត់អាល្លឺម៉ង់វិលត្រឡប់មកវិញក្រោយផ្អាកពីរខែដោយសារកូវីដ១៩

ទីតាំងផ្សាយពាណិជ្ជកម្ម