កម្ពុជា នឹងមាន មជ្ឈមណ្ឌល​ជាតិ​ស្តារនីតិសម្បទា​អនីតិជន នៅ​ចុង​ឆ្នាំនេះ​

161
ចែករម្លែក

​ដោយៈ មេសា​/ភ្នំពេញៈ លោក តូច ចាន់នី អគ្គនាយក​បច្ចេកទេស នៃក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា បានឱ្យដឹងថា “ ប្រសិនបើ​គ្មាន​ការប្រែប្រួល​ធំដុំ​ទេនោះ មជ្ឈមណ្ឌល​ជាតិ​ស្តារនីតិសម្បទា​អនីតិជន នឹង​ត្រូវបាន​ស្ថាបនា​រួចរាល់ និងដាក់ឱ្យ​ដំណើរ​នៅ​ដំណាច់ឆ្នាំ ២០២០​ខាងមុខនេះ ហើយ​នៅពេលនោះពិរុទ្ធជន​ជា​អនីតិជន ពោលគឺ​ជនល្មើស​ដែលមាន​អាយុ​ក្រោម ១៨ ឆ្នាំ នៅ​ទូទាំងប្រទេស ដែល​បច្ចុប្បន្នកំពុង​ដាក់​នៅ​លាយឡំ​ចង្អៀត​ប្រជ្រៀត​គ្នា​នៅតាម​ពន្ធ​នារ​គារ​នានា នឹង​ត្រូវបាន​ផ្លាស់​ទៅ​អប់រំ​កែប្រែ​នៅ​មជ្ឈមណ្ឌល​ជាតិ​ស្តារនីតិសម្បទា​នោះ​ទាំងអស់ ពោលគឺ​មិនមែន​ដាក់​នៅ​លាយឡំ​ជាមួយ​អ្នកទោស​ដទៃ ដូច​បច្ចុប្បន្ននេះ​ទៀត​ទេ “ ។

លោក តូច ចាន់នី អគ្គនាយក​បច្ចេកទេស នៃ ក្រសួង​សង្គមកិច្ច ( រូបៈ មេសា )


​សូមជម្រាបថា បច្ចុប្បន្ននេះ កម្ពុជាមានពិរុទ្ធជន ដែលជា​អនីតិជន​នៅ​ទូទាំងប្រទេស សរុប​ជាង ១៨០០ នាក់ ហើយ​បើតាម​ច្បាប់​ស្តីពី​អនីតិជននៅ​កម្ពុជា តម្រូវឱ្យ​ចាត់ចែង​ពួកគេ​នៅ​ដាច់ដោយឡែក ។ ប៉ុន្តែ​ដោយសារ​កន្លងមក កម្ពុជាមិនទាន់មាន​ទីតាំង​បែប​នោះ ទើប​ពួកគេ​ត្រូវ​បានដាក់​លាយឡំ​គ្នា​ជាមួយ​អ្នកទោស​ផ្សេងៗ​ទៀត ។​


​ហេតុនេះ លោក តូច ចាន់នី បាន​បន្ថែមថា ការសាងសង់មជ្ឈមណ្ឌល​ជាតិ​ស្តារនីតិសម្បទា​អនីតិជននេះ គឺ​ត្រូវបាន​ធ្វើឡើង​តាម​ការកំណត់​របស់​ច្បាប់​លិខិតបទដ្ឋាន​នានា​ស្តីពី​សិទ្ធិ​អនីតិជន ដែលកម្ពុជាគឺជា​ភាគី​ហត្ថលេខី​មួយ​ដែរ ។​


​ជាការ​កត់សម្គាល់ នៅពេល​ត្រូវបាន​ស្ថាបនា​រួចរាល់ មជ្ឈមណ្ឌល​ជាតិ​ស្តារនីតិសម្បទា​អនីតិជន ដែលមាន​ទីតាំង​នៅក្នុង​ភូមិ​បា​គូ ឃុំបា​គូ ស្រុក​កណ្តាលស្ទឹង ខេត្ត កណ្តាល នេះ នឹង​ក្លាយជា​សមិទ្ធផល​ជា​ប្រវត្តិសាស្ត្រ​មួយទៀត​សម្រាប់​បម្រើ​វិស័យ​សង្គមកិច្ច​ជា​លក្ខណៈ​ស្តង់ដារ​បច្ចេកទេស​ត្រឹមត្រូវ បន្ទាប់ពីមជ្ឈមណ្ឌល​ថែទាំ និង ស្តារនីតិសម្បទា​ជន​វិបល្លាស​ស្មារតី ដែលមាន​ទីតាំង​នៅក្បែរគ្នា​នោះដែរនឹងមជ្ឈមណ្ឌល​ជាតិ​ជនពិការ ស្ថិត​ស្រុក​អង្គស្នួល ខេត្តកណ្តាល ៕ Kh/Ha

​មជ្ឈមណ្ឌល​ជាតិ​ស្តារនីតិសម្បទា​អនីតិជន ដែល​កំពុង​ត្រូវបាន​សាងសង់​នៅ ភូមិ បា​គូ ឃុំ បា​គូ ស្រុក កណ្តាលស្ទឹង ខេត្ត កណ្តាល ( រូបៈ មេសា )

ទីតាំងផ្សាយពាណិជ្ជកម្ម