ក្រុមហ៊ុនថៃអ៊ែរវ៉េដាក់ពាក្យសុំរៀបចំរចនាសម្ព័ន្ធអាជីវកម្មឡើងវិញនៅតុលាការក្ស័យធន

221
ចែករម្លែក

អ្នកនាំពាក្យរដ្ឋាភិបាលថៃបាននិយាយនៅថ្ងៃចន្ទទី១៨ឧសភានេះថា ក្រុមហ៊ុនអាកាសចរណ៍ថៃអ៊ែរវ៉េនឹងរៀបចំផែនការសម្រាប់រៀបចំរចនាសម្ព័ន្ធអាជីវកម្មរបស់ខ្លួនឡើងវិញជាមួយតុលាការអន្តរការីសម្រាប់ការក្ស័យធន។

លោកស្រី ណារុមន ពីនយ៉ូស៊ីនវ៉ាត់ បាននិយាយថា ផែនការដែលបានដាក់ជូនដោយការិយាល័យគោលនយោបាយសហគ្រាសរដ្ឋដើម្បីជួយសង្គ្រោះក្រុមហ៊ុនអាកាសចរណ៍នេះ នឹងត្រូវបានបញ្ជូនទៅថ្ងៃអង្គារស្អែកដើម្បីសុំការយល់ព្រមពីគណៈរដ្ឋមន្រ្តី។ លោកស្រីនិយាយថាលោកស្រីមិនមានព័ត៌មានលម្អិតនៃផែនការនោះទេ។

ក្រុមហ៊ុនអាកាសចរណ៍ថៃអ៊ែរវ៉េបានរងផលប៉ះពាល់ផ្នែកហិរញ្ញវត្ថុ សូម្បីមុនពេលវិបត្តិជំងឺកូវីដ១៩បានធ្វើឱ្យការធ្វើដំណើរនិងវិស័យទេសចរណ៍នៅក្នុងប្រទេសឈានដល់កម្រិតជិតជាប់គាំងទាំងស្រុងទៅទៀត។

ពីដំបូងក្រុមហ៊ុនអាកាសចរណ៍ថៃអ៊ែរវ៉េបានស្វែងរកប្រាក់កម្ចីសង្គ្រោះពីរដ្ឋាភិបាលចំនួន ៥៤ ពាន់លានបាត (១,៧ ពាន់លានដុល្លារ) ។ មានការសន្និដ្ឋានថាការរៀបចំរចនាសម្ព័ន្ធឡើងវិញរបស់ខ្លួនក្រោមការក្ស័យធនអាចទទួលបានចំណែកកម្មសិទ្ធិរបស់រដ្ឋាភិបាលក្រោម ៥០ ភាគរយ ដែលនឹងធ្វើឱ្យប៉ះពាល់ដល់ទម្រង់នៃការធ្វើឯកជនភាវូបនីយកម្ម។ ជម្រើសនៃការជួយសង្គ្រោះទាំងអស់ទំនងជានាំឱ្យមានការកាត់បន្ថយបុគ្គលិក ចំនួនយន្តហោះ និងជើងហោះហើរ។

ក្រុមហ៊ុនថៃអ៊ែរវ៉េបានខាតបង់ទឹកប្រាក់ចំនួន ១២ ពាន់លានបាត (៣៧៤,៣ លានដុល្លារ) ក្នុងឆ្នាំ ២០១៩ ខាត ១១,៦ ពាន់លានបាត (៣៦១,៩ លានដុល្លារ) ក្នុងឆ្នាំ ២០១៨ និង ២,១១ ពាន់លានបាត (៦៥,៨ លានដុល្លារ) ក្នុងឆ្នាំ ២០១៧។

របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយថៃនិយាយថា ក្រុមហ៊ុនកំពុងទទួលបន្ទុកបំណុលជិត ៣០០ ពាន់លានបាត (៩,៤ ពាន់លានដុល្លារ)៕ ដោយ៖ កញ្ញាដាលីស

ក្រុមហ៊ុនថៃអ៊ែរវ៉េកំពុងសុំរដ្ឋជួយសង្គ្រោះខ្លួន

ទីតាំងផ្សាយពាណិជ្ជកម្ម