អ្នកជំនាញ​ចិន​ព្រមាន​ការផ្ទុះ​វីរុស​ដ៏​ខ្លាំង​លើក​ទី​២

246
ចែករម្លែក

​ទីប្រឹក្សា​វេជ្ជសាស្ដ្រ​ជាន់ខ្ពស់​របស់​រដ្ឋាភិបាល​ចិន​បាន​ព្រមាន​ថា ប្រទេស​ចិន​ប្រឈម​មុខ​នឹង​ការឆ្លង​វីរុស​ដ៏​ខ្លាំង​លើក​ទី​២ ដោយសារ​កង្វះ​ភាពស៊ាំ​នឹង​មេរោគ​នៅក្នុង​ចំណោម​ប្រជាជន​របស់​ខ្លួន​។​

​បន្ទាប់​ពី​ការបិទ​ប្រទេស​និង​ហាម​ធ្វើដំណើរ​ចេញ​ចូល​ប្រទេស​ចិន​អស់​រយៈពេល​ជា​ច្រើន​ខែ​មក​នោះ ប្រទេស​ចិន​អាច​គ្របគ្រង​ការឆ្លង​ជំងឺ​នេះ ប៉ុន្តែ​ការភ័យខ្លាច​នៃ​ការផ្ទុះ​វីរុស​ជា​លើក​ទី​២ បាន​កើន​​ឡើង នៅពេល​ដែល​ការឆ្លង​វីរុស​ជា​ចង្កោម​បាន​កើតឡើង​នៅ​បណ្តា​ខេត្ត​ភាគ​ឦសាន​និង​ទីក្រុង​វូ​ហាន​នៃ​ប្រទេស​នេះ​។​

​លោក​ហ្សុ​ង ណាន់​សាន អ្នកជំនាញ​ជាន់ខ្ពស់​រដ្ឋាភិបាល​ខាង​ការឆ្លើយ​ត​ជំងឺ​រាតត្បាត​នេះ​បាន​និយាយ​ប្រាប់​សារព័ត៌មាន​CNN​ថា ” ភាគច្រើន​នៃ​ជនជាតិ​ចិន​នៅ​ពេល​នេះ​គឺ​នៅតែ​ងាយ​នឹង​ឆ្លង​​ជំងឺ​កូវី​ដ​១៩​ពីព្រោះ​ខ្វះ​ភាពស៊ាំ​នឹង​មេ​រោង​នៅក្នុង​ខ្លួន​”​។​

​លោក​បាន​បន្ថែមថា​”​យើង​កំពុង​ប្រឈម​នឹង​បញ្ហា​ប្រឈម​ធំ​។ វា​មិន​ប្រសើរ​ជាង​ប្រទេស​បរទេស​ទេ តាម​ដែល​ខ្ញុំ​គិត​នៅពេលនេះ​”​។​

​លោក​ហ្សុ​ង ណាន់​សាន ដែល​បាន​ជួយ​ស្រាវជ្រាវ​រក​មេរោគ​ជំងឺ​ផ្លូវដង្ហើម​SARS​ឆ្នាំ ២០០៣ ក៏​បាន​និយាយ​ផងដែរ​ថា ក្រុម​អាជ្ញាធរ​នៅ​ក្រុង​វូ​ហាន​ដែល​គ្មាន​ករណី​ឆ្លង​នៅពេលនេះ​មិន​បាន​រាយការណ៍​​ទាន់ពេលវេលា​អំពី​ករណី​ឆ្លង​វីរុស​កំឡុង​ពេល​ដំបូងៗ​នៃ​ការឆ្លង​ជំងឺ​រាតត្បាត​នេះ​។​

​ប៉ុន្តែ​លោក​បាន​បន្ថែមទៀតថា​លោក​ជឿជាក់​លើ​ទិន្នន័យ​ដែល​ត្រូវ​បាន​ចេញផ្សាយ បន្ទាប់​ពី​ក្រុង​វូ​ហាន​ត្រូវ​បាន​បិទ​កាលពី​ចុង​ខែ​មករា​នៅពេល​ដែល​រដ្ឋាភិបាលកណ្តាល​ចូល​គ្រប់គ្រង​ដឹកនាំ​ការឆ្លើយ​​តប​នឹង​ជំងឺ​នេះ​។​

​វីរុស​នេះ​បាន​សម្លាប់​មនុស្ស​យ៉ាង​តិច​ចំនួន ៣០៩.២៩៦​នាក់​នៅ​ទូទាំង​ពិភពលោក ខណៈ​ដែល​ក្រុម​អ្នកវិទ្យាសាស្ត្រ​នៅ​ជុំវិញ​ពិភពលោក​បង្កើន​ការស្រាវជ្រាវ​ថ្នាំ​វ៉ាក់សាំង​៕​ប្រែ​សម្រួល​៖​សុខា​/sn

លោក​ហ្សុ​ង ណាន់​សាន​និយាយថា ប្រទេស​ចិន​មិន​ទាន់​ចេញ​ផុត​ពី​ស្ថានភាព​គ្រោះថ្នាក់​នៃ​ជំងឺ​នេះ​នៅឡើយ​ទេ

ទីតាំងផ្សាយពាណិជ្ជកម្ម