លោកមហាធៀរិះគន់រដ្ឋាភិបាលចំពោះការបំព្រួញពេលប្រជុំសភា ដោយយកលេសខ្លាចឆ្លងកូវីដ១៩

210
ចែករម្លែក

សភាម៉ាឡេស៊ីបានបើកកិច្ចប្រជុំរយៈពេលកន្លះថ្ងៃខុសពីធម្មតាកាលពីថ្ងៃចន្ទទី១៨ឧសភា ដែលត្រូវបានបំព្រួញពេលដោយសារតែជំងឺកូវីដ១៩ និងបានអនុញ្ញាតឱ្យលោកនាយករដ្ឋមន្រ្តី មូយីតឌីន យ៉ាសស៊ីន រួចផុតពីការបោះឆ្នោតសម្តែងការមិនទុកចិត្ត បន្ទាប់ពីបានកាន់តំណែងជាង ២ ខែ។

សមាជិកសភាជាង ២០០ នាក់រួមទាំងអតីតមេដឹកនាំ មហាធៀ មហាម៉ាត់ បានពាក់ម៉ាសនិងអង្គុយដាច់ឆ្ងាយពីគ្នានៅក្នុងវិមានសភា ខណៈពួកគេស្តាប់ព្រះរាជ្យសុន្ទរកថារបស់ព្រះមហាក្សត្រ។ ការប្រជុំត្រូវបានរំសាយភ្លាមៗបន្ទាប់ពីសុន្ទរកថារបស់ស្តេច ដោយការពិភាក្សាអំពីគោលនយោបាយនិងការជជែកដេញដោលគ្នាត្រូវបានទុកចោលរហូតដល់សម័យប្រជុំបន្ទាប់នៅក្នុងខែកក្កដា។

រដ្ឋាភិបាលបាននិយាយថាការប្រជុំដ៏ខ្លីនេះគឺដើម្បីការពារកុំឱ្យឆ្លងកូវីដ១៩ ព្រោះប្រទេសទើបដកកំហិតបិទទ្វារ ប៉ុន្តែសមាជិកសភាគណបក្សប្រឆាំងបានចោទប្រកាន់លោកមូយីតឌីនថាខ្លាចប្រឈមមុខនឹងការបោះឆ្នោតសម្តែងការមិនទុកចិត្តប្រឆាំងនឹងរូបលោកដែលត្រូវស្នើឱ្យធ្វើឡើងដោយលោកមហាធៀ។

ក្រោយមក លោកមហាធៀបានប្រាប់សន្និសីទសារព័ត៌មានថា “យើងមិនអាចទទួលយកបានឡើយនូវលេសថា យើងអាចជួបគ្នាបានតែពីរម៉ោង ដោយសារជំងឺរាតត្បាត”។

នាយករដ្ឋមន្រ្តីពីរលើករូបនេះបាននិយាយថា សភាគួរតែបន្តប្រជុំព្រោះវិធានការសុខភាពត្រូវបានគេសង្កេតយ៉ាងហ្មត់ចត់ រួមទាំងការស្ទង់កម្តៅ និងការរក្សាគម្លាតពីគ្នា។ លោកមហាធៀនិយាយថា ការជជែកដេញដោយក៏មានសារៈសំខាន់ដែរ ព្រោះជំនួយរបស់រដ្ឋាភិបាលដើម្បីជួយប្រជាជនក្រីក្រដើម្បីទប់ទល់នឹងជំងឺរាតត្បាតមិនបានឈានដល់ដៃក្រុមប្រជាជនគោលដៅទេ។

ម៉ាឡេស៊ី ដែលមានករណីឆ្លងកូវីដចំនួន ៦.៨៩៤ នាក់និងស្លាប់ ១១៣ នាក់ ថ្មីៗនេះបានអនុញ្ញាតឱ្យអាជីវកម្មភាគច្រើនបើកឡើងវិញ ប៉ុន្តែការប្រមូលផ្តុំគ្នាធំៗនៅតែត្រូវបានហាមឃាត់៕ ដោយ៖ កញ្ញាដាលីស

សភាម៉ាឡេស៊ីប្រជុំតែពីរម៉ោងរំសាយបាត់ នាំឱ្យលោកមហាធៀរិះគន់យ៉ាងខ្លាំង

ទីតាំងផ្សាយពាណិជ្ជកម្ម