ធនាគារឯកទេសវីង និង ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ បានដាក់ដំណើរការ“គណនីសន្សំខ្នាតតូច”

210
ចែករម្លែក

ដោយៈសុផល/ភ្នំពេញ៖លោកអ្នកអាចបើកគណនីសន្សំធនាគារជេ ត្រាស់ រ៉ូយ៉ាល់ ជាមួយទឹកប្រាក់ត្រឹមតែ៥ដុល្លារប៉ុណ្ណោះព្រមទាំងទទួលបាន​អត្រា​ការប្រាក់ខ្ពស់តាមរយៈការប្រើប្រាស់កម្មវិធីស្មាតហ្វូនវីងដែលចំណាយពេលត្រឹមតែប៉ុន្មាននាទីប៉ុណ្ណោះ និងអាចប្រើប្រាស់បានគ្រប់​ពេលវេលា​គ្រប់​ទី​កន្លែង ជាមួយកម្មវិធីស្មាតហ្វូនវីងនិងភ្នាក់ងារវីងទូទាំងប្រទេស

ថ្មីៗនេះ ធនាគារឯកទេសវីង (ខេមបូឌា)លីមីតធីតនិងធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់បាន​​ចាប់ដៃគូសហការដើម្បីផ្ដល់ជូននូវ​ផលិតផលថ្មីដំបូង​បំផុត​មួយ​ដែលអនុញ្ញាតឱ្យអតិថិជ​នបើ​ក​គណនីសន្សំដែលមានការប្រាក់ខ្ពស់តាម​រយៈ​កម្មវិធីស្មាតហ្វូនវីង ដោយចំណាយពេលត្រឹមតែប៉ុន្មាននាទីប៉ុណ្ណោះ និងរីករាយជាមួយអត្រាការប្រាក់ខ្ពស់ ព្រមទាំងអាចធ្វើប្រតិបត្តការតាម​រយៈ​កម្មវិធីស្មាតហ្វូនវីងដ៏ងាយៗ។         

លោក ម៉ានូ រ៉ាចាន់ អគ្គនាយកនៃធនាគារឯកទេសវីងបានមាន​ប្រសាស​ន៍​ថា​​៖«ការសន្សំប្រាក់​មានសារៈសំខាន់បំផុតនៅ​គ្រប់ស្ថានការទាំង​អស់​នៃ​ជីវិ​ត​របស់យើងព្រោះវាអាច​ជួយយើង​បាន​ក្នុងគ្រាមាន​តម្រូវការហិរញ្ញវត្ថុ​ជាបន្ទាន់ហើយពេលខ្លះវាធ្វើឲ្យយើងឈានទៅដល់​សេរីភាពផ្នែក​ហិរញ្ញវត្ថុ​ទៀតផង។ផលិតផលរបស់ធនាគារជេត្រាស់រ៉ូយ៉ាល់មួយនេះត្រូវបាន​បង្កើត​​ឡើង​ដោយ​ផ្តោតជាពិសេសលើអតិធិជនរបស់វីង​ដែលមិនមានគណនី​ធនា​គារ​ក្នុងប្រទេសកម្ពុជា។ពួកគេ​អាច​ចាប់ផ្តើមមានគណនីសន្សំ​ធនា​គារ​ជាមួ​យ​ទឹកប្រាក់ត្រឹមតែ៥ដុល្លារប៉ុណ្ណោះដែលអាច​ទទួល​បានអត្រា​ការ​ប្រា​ក់​ខ្ពស់។ យើងមានទំនុកចិត្តយ៉ាងមុតមាំថា ផលិតផលមួយនេះនឹង​អនុញ្ញាត​ឲ្យអតិធិជនរបស់វីងអាចទទួលបានផលប្រយោជន៍ដ៏ច្រើនពីគណនីរបស់ពួកគេ​ប្រកបដោយប្រសិទ្ធភាព សុវត្ថិភាព និងភាពងាយស្រួល»។

ការផ្ដល់ជូនថ្មីដំបូងបង្អស់ ពីធនាគារឯកទេសវីង និងធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ គឺមិន​ធ្លាប់​មាន​ពីមុនមកនៅទីផ្សារទូទាត់ប្រាក់តាមរយៈស្មាតហ្វូនហើយជួយប្រជាជន​កម្ពុជាដែលមាន​អត្ត​ស​ញ្ញាណប័ណ្ណឲ្យបើកគណនីធនាគាផ្លូវការមួយដោយគ្រាន់តែចុចពីរទៅបីដងលើប៊ូតុងក្នុងកម្មវីធីស្មាតហ្វូនវីង។អតិថិជននឹងទទួលបានការប្រាក់ពីទឹកប្រាក់​ដែលពួកគាត់បានរក្សា​ទុក​នៅ​​ក្នុង​គណនីសន្សំខ្នាតតូចរបស់ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ដែលអាច​ធ្វើ​ប្រតិ​បត្តការបាន​គ្រប់ពេល​វេលាគ្រប់ទីកន្លែងតាមរយៈកម្មវិធីស្មាតហ្វូនវីង។កាន់​តែពិសេសជាងនេះទៀតនោះអតិថិ​ជន​ដែលដាក់ប្រាក់​បញ្ញើទៅក្នុង​គណនី​សន្សំខ្នាតតូច នឹងទទួលបានអត្រាការប្រាក់ពិសេស ១,៣៥ ភាគរយ ក្នុង​មួយឆ្នាំ។

ចំណែកឯការប្រើប្រាស់ផលិតផលថ្មីនេះ រឹតតែមានភាពងាយស្រួល​ជាទី​បំផុត។ អតិថិជនរបស់​វីង​គ្រាន់តែចុចបើកកម្មវិធីស្មាតហ្វូនវីងនៅទូរស័ព្ទ​ដៃរបស់ពួកគាត់រួចចូលទៅកាន់ប៊ូតុងផលិត​ផល​សន្សំនិងជ្រើសរើស​ចំនួ​ន​ទឹកប្រាក់បញ្ញើដែលចង់បានជាការស្រេច។ សមតុល្យអប្បបរមា​គឺត្រឹម​តែ ៥ ដុល្លារតែប៉ុណ្ណោះ។ភ្លាមៗនោះគណនីសន្សំរបស់ពួកគាត់នឹង​ចាប់ផ្ដើម​ទទួ​ល​​បាន​ការប្រាក់ផងដែរ។ ពួកគាត់ក៏អាចដកប្រាក់សន្សំ​នេះចេញគ្រប់​ពេល ដោយគ្រាន់តែ​ផ្ទេរវា​ទៅ​គណនីវីងរបស់ពួកគាត់វិញហើយដកប្រាក់ពីភ្នាក់ងារភ្នាក់ងារវីងជាង៧៥​០០ កន្លែងនៅ​ទូទាំង​ប្រទេស។ ការផ្ទេរប្រាក់ទៅមករវាង​គណនីវីងនិងគណនីធនាគារជេត្រាស់ រ៉ូយ៉ាល់ អាចធ្វើ​ឡើង​បានយ៉ាង​ងា​យ​ស្រួល មានសុវត្ថិភាព និងឆាប់រហ័ស។

លោក Toru Myochin នាយកប្រតិបត្តិនៃធនាគារជេត្រាស់ រ៉ូយ៉ាល់ មាន​​ប្រសាសន៍ថា៖ “ក្នុងចំណោមការប្ដេជ្ញាចិត្តរបស់ ធនាគារ ជេត្រាស់ រ៉ូយ៉ាល់ គឺការផ្ដល់ជូននូវសេវាកម្មហិរ​ញ្ញ​វត្ថុមានប្រកបដោយគុណភាពខ្ពស់ និង​ត្រូវ​បានប្រើប្រាស់បានយ៉ាង​ទូលំទូលាយ​នៅក្នុង​ព្រះ​រាជាណាចក្រកម្ពុជា។វា​ជា​ឯកសិទ្ធរបស់យើង ដែលបានសហការជាមួយ ធនាគារ​ឯកទេស​វីងទៅ​លើ​ការផ្ដល់ជូនប្រកបដោយភាពច្នៃប្រឌិតមួយនេះដែលមានជាលើក​ដំបូង​បង្អស់​​នៅលើទីផ្សារ”។

ផលិតផលរបស់ធនគារឯកទេសវីងដែលប្រកបដោយភាពច្នៃ​ប្រឌិត​មួយ​នេះ ត្រូវបាន​បង្កើត​ឡើង​ក្រោមការគាំទ្រពីសំណាក់ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់។ស្ថិតក្រោមការបណ្ដាក់​ទុនរួម​ពី​សំណាក់ក្រុមហ៊ុន J Trust Group​(ដែល​មានទីតាំងនៅទីក្រុងតូក្យូ)និងក្រុមហ៊ុនRoyal Groupធនាគារ ជេត្រាស់រ៉ូយ៉ាល់មានទស្សនៈវិស័យហិរញ្ញវត្ថុដូចគ្នាទៅនឹងធនាគារ​ឯក​ទេ​សវីង ព្រម​ទាំងចក្ខុវិស័យក្នុងការផ្ដល់ជូនទៅដល់ប្រជាជនកម្ពុជា​គ្រប់រូបនូវសេវាកម្មដ៏មាន​ភាពងាយ​ស្រួលតាមរយៈសេវាហិរញ្ញវត្ថុតាមទូរស័ព្ទដៃដើម្បីកែប្រែជីវភាពប្រចាំថ្ងៃរបស់ពូកគាត់ឱ្យកាន់​តែប្រសើរ៕

ទីតាំងផ្សាយពាណិជ្ជកម្ម