គោលជំហរបស់អាជ្ញាធរខេត្តជុំវិញករណីដីតំបន់មេទឹកកណ្តៀងស្រុកបាធាយ

148
ចែករម្លែក

ដោយ:គង់ហេង/កំពង់ចាម ៖ ជំហរបស់អាជ្ញាធរខេត្តកំពង់ចាមជុំវិញករណីដីតំបន់មេទឹកកណ្តៀងជាង ២០ហិកតា គឺនឹងរក្សាដីនោះទុកជាប្រយោជន៍ប្រជាពលរដ្ឋក្នុង​សហគមន៍ ចុះកំណត់ផែនទីឳ្យបានច្បាស់លាស់ស្របតាមគោលការណ៍របស់ក្រសួងធនធានទឹក បដិសេធន៍រាល់ការទិញ លក់ និងអនុវត្តតាមនីតិវិធីរបស់តុលាការ។

នេះជាការលើកឡើងរបស់លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមក្នុងការប្រជុំត្រួតពិនិត្យបណ្តឹងជាមួយមន្រ្តីជំនាញពាក់ព័ន្ធជុំបណ្តឹងរបស់ប្រជាពលរដ្ឋលើ ករណីដីតំបន់មេទឹកកណ្តៀង ស្ថិតក្នុងភូមិអកទៀង ឃុំតាំងក្រាំង ស្រុកបាធាយ នាព្រឹកថ្ងៃទី ១៨ ខែឧសភា ឆ្នាំ២០២០ ក្នុងសាលាខេត្តនេះ។

លោកអភិបាលខេត្តកំពង់ចាមបានមានប្រសាសន៍ថា រឿងដីតំបន់មេទឹកកណ្តៀងនេះ មានពីរ ត្រូវចែកឳ្យដាច់ ទំនាស់រវាងប្រជាពលរដ្ឋ និងប្រជាពលរដ្ឋក្នុងសហគមន៍ គឺរឿងនេះបានចូលដល់តុលាការហើយ និងមួយទៀតការគ្រប់គ្រងការប្រើប្រាស់ទឹករបស់ជំនាញយើងត្រូវធ្វើ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី ១១ ខែកក្កដា ឆ្នាំ២០១៩ ប្រជាពលរដ្ឋចំនួន ៥៣០ គ្រួសារក្នុងសហគមន៍មេទឹកកណ្តៀង រស់នៅភូមិអកទៀង ឃុំតាំងក្រាំង ស្រុកបាធាយបានប្តឹងទៅឧត្តមក្រុមប្រឹក្សាពិគ្រោះយោបល់ ឳ្យជួយអន្តរាគមន៍ដោះស្រាយដីទំនាស់នៅតំបន់នោះ។ ដោយបានចោទប្រកាន់ថា មានឃុបឃិតគ្នាជាប្រព័ន្ធលក់-ទិញដីសហគមន៍មេទឹកនេះ។

ក្នុងនោះអ្នករងការចោទប្រកាន់មានឈ្មោះ អ៊ឹម សំអៀង ជាមេភូមិ សុត ប៉ាង ជាបញ្ជាការពារភូមិ និងជាអ្នកគក់ជេរ លឿង ម៉ាលី និងឈ្មោះ គឹម លាវ ជាអតីតសកម្មជនរបស់គណបកប្សសង្រ្គោះជាតិរស់នៅភូមិអកទៀងនេះ។

នៅថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ២០១៩ មន្រ្តីឧត្តមក្រុមប្រឹក្សាពិគ្រោះយោបល់បានចុះជួបផ្ទាល់ជាមួយប្រជាពលរដ្ឋចំនួន ២០០គ្រួសារ នៃភាគីដើមបណ្តឹងចំនួន ៥៣០គ្រួសារ។ ដោយតំណាងសហគមន៍ម្នាក់បានប្រាប់ក្រុមមន្រ្តីក្រុមប្រឹក្សាពិគ្រោះយោបល់ថា ប្រជាពលរដ្ឋដែលរស់នៅអាស្រ័យផលក្នុងសហគមន៍មេទឹកកណ្តៀងត្រូវបានលោក អ៊ឹម សំអឿន និងលោក សុត ប៉ាង ប្រាប់ថាដីឡើងថ្លៃ គឺពួកគាត់បានប្រមូលទិញយក។

ក្រោយពីមេភូមិអកទៀង និងបញ្ជាការពារភូមិប្រមូលទិញដីជាប់មាត់បឹងកណ្តៀងពីប្រជាពលរដ្ឋកំពុងអាស្រ័យផលប្រមាណ ២០គ្រួសារបានដីទំហំ ២០,៧ ហិកតារួចហើយ ក៏បានលក់បន្តទៅឳ្យស្រ្តីឈ្មោះ សុខ ហៀង និងស្រ្តីម្នាក់នេះក៏លក់បន្តទៅឳ្យបុរសឈ្មោះ ចាន់ សុខឃាង ជាមន្រ្តីតុលាការរាជធានីភ្នំពេញ។ ដោយមានការចុះហត្ថលេខាទិញលក់ដីខាងលើពីអាជ្ញាធរភូមិ ឃុំ និងលោក កៅ ប៊ុន ណាត ជាអភិបាលស្រុកបាធាយមុន កាលពីថ្ងៃទី ១១ ខែមេសា ឆ្នាំ២០២០៕/B

ទីតាំងផ្សាយពាណិជ្ជកម្ម