ក្រសួងមហាផ្ទៃ​ប្រជុំ​ពិនិត្យ​ខ្លឹមសារ​សេចក្តីព្រាងច្បាប់​ស្តីពី​ការបង្កើត​គណៈកម្មការ​ជាតិ​ប្រឆាំង​ទារុណកម្ម​

290
ចែករម្លែក
​លោក​ប៊ុន ហុន រដ្ឋលេខា ធិ​ការ​ក្រសួងមហាផ្ទៃ

ដោយៈ មុនី​រ័ត្ន​/​ភ្នំពេញៈ ក្រសួងមហាផ្ទៃ​បាន​បន្ត​បើក​កិច្ចប្រជុំ​ពិនិត្យ និង​កែសម្រួល​ខ្លឹមសារ​សេចក្តីព្រាងច្បាប់ ស្តីពី​ការបង្កើត​គណៈកម្មាធិកា​រ​ជាតិ​ប្រឆាំង​ទារុណកម្ម ក្រោម​អធិបតីភាព​លោក​ប៊ុន ហុន រដ្ឋលេខា ធិ​ការ​ក្រសួងមហាផ្ទៃ និង​លោក នុត សាអាន ប្រធាន​គណៈកម្មាធិការ​ជាតិ​ប្រឆាំង​ទារុណកម្ម អំពើ​ឃោរឃៅ អំពើ​អមនុស្សធម៌ អំពើ​ធ្វើ​ទុក​បុក​ម្នេញ ឬ​ទណ្ឌកម្ម និង​ជា​ប្រធាន​គណៈ កម្ម​ការ រៀបចំ​សេចក្តីព្រាងច្បាប់​ស្តីពី​ការបង្កើត​គណៈ​កម្ម​ធិ​ការ​ជាតិ​ប្រឆាំង​ទារុណកម្ម​។
​កិច្ចប្រជុំ​នេះ បានធ្វើ​ឡើង​កាលពី​រសៀល​ថ្ងៃទី​១៨ ខែឧសភា​នេះ នៅ​ទីស្តីការ​ក្រសួងមហាផ្ទៃ ដោយមាន​ការចូលរួម​ពី​សមាជិក សមាជិកា​ថ្នាក់ដឹកនាំ​ក្រសួង និង​អង្គភាព​ពាក់ព័ន្ធ ជាច្រើន​។​
​លោក ប៊ុន ហុន បាន​មានប្រសាសន៍​ឱ្យដឹងថា កិច្ចប្រជុំ​នេះ​ធ្វើឡើង ដើម្បី​ពិភាក្សា​ទៅលើ ច្បាប់​នៃ​បង្កើត​គណៈកម្មាធិការ​ជាតិ​ប្រឆាំង​ទារុណកម្ម ដោយសារ​ពាក់ព័ន្ធ​ជាមួយ​កម្ពុជា ជា​រដ្ឋ​ភាគី ហត្ថលេខី​នៃ​អនុសញ្ញា​ស្តីពី​ការប្រឆាំង​ការធ្វើ​ទារុណកម្ម យោងតាម​ស្មារតី​នេះ សម្តេច​អគ្គ​មហា សេនាបតី​តេ​ជោ​ហ៊ុនសែន​ក៏បាន​អនុញ្ញាតឱ្យ​បង្កើត​គណៈកម្មាធិការ​មួយ​ដែល​យើង​នឹង​ពិភាក្សា​បន្តិចទៀតនេះ​។​

លោក នុត សាអាន


​ចំណែក​លោក​នុត សាអាន ប្រធាន​គណៈកម្មការ​រៀប​ចំ​សេចក្តីព្រាងច្បាប់​ស្តីពី​ការ បង្កើត​គណៈ​កម្ម​ធិ​ការ​ជាតិ​ប្រឆាំង​ទារុណកម្ម មាន​ថ្លែងប្រាប់​រស្មី​កម្ពុជា​ថា គោលបំណង​នៃ ការធ្វើរ​សេចក្តីព្រាងច្បាប់​ស្តីពី​ការបង្កើត​គណៈកម្មាធិកា​រ​ជាតិ​ប្រឆាំង​ទារុណកម្ម គឺ​ធ្វើ​ច្បាប់​មួយ បង្កើត​អង្គភាព​មួយ គឺ​គណៈកម្មាធិការ​ជាតិ​ប្រឆាំង​ទារុណកម្ម​។ ឥឡូវ​កំពុងតែ​អនុវត្ត តាម​ព្រះរាជក្រឹត្យ​ស្តីពី​ការបង្កើត​គណៈកម្មាធិកា​រ​ជាតិ​ប្រឆាំង​ទារុណកម្ម​។ សំណូមពរ​ខាង យូ​អិន (UN) ឲ្យ​យើង​កសាង​ជា​ច្បាប់ ហើយ​លោក​ក៏​សុំ​គោលការណ៍​ទៅ​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ។​សម្តេច​ក្រឡាហោម​ក៏បាន​ឯកភាព និង​សុំ​គោលការណ៍​ទៅ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​។ សម្តេច​ក៏​ឯកភាព​ឲ្យ​ធ្វើ ទើប​លោក​បានរៀបចំ​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​ការបង្កើត​គណៈកម្មាធិកា​រ​ជាតិ​ប្រឆាំង​ទារុណកម្ម​។
​លោក​បន្តថា នៅពេល​បាន​សេចក្តីព្រាងច្បាប់​ស្តីពី​ការបង្កើត​គណៈកម្មាធិកា​រ​ជាតិ​ប្រឆាំង​ទារុណកម្ម​មកហើយ បានដាក់​ប្រជុំ​ដើម្បី​ពិនិត្យ​ខ្លឹមសារ នៃ​សេចក្តីព្រាង​នេះ ប៉ុន្តែ​នៅ​មិនទាន់បាន​សម្រេច​យ៉ាងណា​នៅឡើយ​ទេ​។​


​សូមជម្រាបថា ច្បាប់​នេះ​មាន​គោលបំណង​បង្កើត​គណៈ​កម្ម​ធិ​ការ​ជាតិ​ប្រឆាំង​ទារុណកម្ម ដើម្បី​ធានា​ការពារ​ជន​ទាំងឡាយ​ដែល​ត្រូវបាន​ដកហូត​សេរីភាព​ឱ្យ​រួច​ផុតពី​ការធ្វើ​ទារុណកម្ម និង​ការប្រព្រឹត្ត​មកលើ​ខ្លួន ឬ​ទណ្ឌកម្ម​ដទៃទៀត ដែល​ឃោ​ឃៅ អមនុស្សធម៌ ឬ​បន្ថោក​បន្ទាប​ដោយ​ដាក់​វិធានការ​ត្រួតពិនិត្យ​ជា​ទៀងទាត់ នៅ​កន្លែង​ឃុំឃាំង​នានា និង​ទីកន្លែង​ដែល​ជន​ទាំងឡាយណា ត្រូវបាន ឬ​អាច​ត្រូវបាន​ដកហូត​សេរីភាព​។​
​ជាងនេះទៅទៀត ច្បាប់​នេះ​មាន​វិសាលភាព​អនុវត្ត​នៅ​គ្រប់​ទីកន្លែង​ឃុំឃាំង​ជន​ទាំងឡាយណា ត្រូវបាន​ឬ​អាច​ត្រូវបាន​ដកហូត​សេរីភាព​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​៕​សរន​

ក្រសួងមហាផ្ទៃ​ប្រជុំ​ពិនិត្យ​ខ្លឹមសារ​សេចក្តីព្រាងច្បាប់​ស្តីពី​ការបង្កើត​គណៈកម្មការ​ជាតិ​ប្រឆាំង​ទារុណកម្ម​

ទីតាំងផ្សាយពាណិជ្ជកម្ម