ទិវា​រដ្ឋធម្មនុញ្ញ នៃ​ប្រជាជន​ន័​រវេ​ស​

192
ចែករម្លែក

ភ្នំពេញៈ រដ្ឋាភិបាល និង​ប្រជាពលរដ្ឋ​ន័​រវេ​ស ប្រារព្ធ​ទិវា​រដ្ឋធម្មនុញ្ញ​របស់​ពួកគេ នៅ ថ្ងៃទី​១៧ ខែឧសភា ដើម្បី​រំឭក​ដល់​កាលដែល​ប្រទេស​ន័​រវេ​ស ប្រកាស​ផ្តាច់ខ្លួន​ចេញពី​ការរួបរួម​ជាមួយ ដា​ណឺ​ម៉ាក ហើយ​បង្កើតជា​អាណាចក្រ​ឯករាជ្យ​មួយ កាល​ឆ្នាំ​១៨១៤ ហើយ​នៅក្នុង​ប្រទេស ពិធី​នេះ​ប្រារព្ធ​ឡើង ដោយ​ក្បួន​ដង្ហែ​របស់​កុមារ ស្ទើរតែ​ពុំមាន​កងទ័ព ឬ​នគរបាល ហើយ​ពិធី​នេះ ក៏​ប្រារព្ធ​ផងដែរ នៅ​តំបន់​សហគមន៍​ជនជាតិ​ន័​រវេ​ស នៅ​ទូទាំង​ពិភពលោក​។​

ភូមិសាស្ត្រ​-​ប្រជាសាស្ត្រ​
​ព្រះរាជាណាចក្រ​ន័​រវេ​ស ស្ថិតនៅក្នុង​ទ្វីបអឺរ៉ុប​ខាងជើង មាន​ផ្ទៃដី ៣៨៥.២៥២ គីឡូម៉ែត្រ​ក្រឡា មាន​ព្រំដែន​ជាប់​នឹង​ប្រទេស​ស៊ុយអែត ហ្វាំ​ង​ឡង់ រុស្ស៊ី ខ្សែ Skagerrak Strait ដែល​នៅ​ម្ខាង​ទៀត គឺជា​ប្រទេស​ដា​ណឺ​ម៉ាក ហើយ​នៅ​ឆ្នាំ​២០២០ មាន​ប្រជាពលរដ្ឋ ជាង ៥,៤​លាន​នាក់ ភាគច្រើន ជា​អ្នក​កាន់សាសនា​គ្រិស្ត និកាយ​ប្រូ​តិ​ស្តង់ ។ ន័​រវេ​ស មាន​ឆ្នេរ​សមុទ្ទ​ដ៏​វែង​អន្លាយ​ជាប់​នឹង​មហា សមុទ្ទ​អា​ត្ល​ង់​ទិ​ក និង​សមុទ្ទ​បា​រ៉ែ​ន​ត៍ ភាសាផ្លូវការ គឺ​ភាសា​ន័​រវេ​ស រដ្ឋធានី គឺ​ទីក្រុង​អូ​ស្លូ ។​

​ប្រវត្តិសាស្ត្រ​
​នា​អំឡុង​សតវត្សរ៍​ទី​១០-១៣ មាន​អាណាចក្រ ៣ គឺ ដា​ណឺ​ម៉ាក ន័​រវេ​ស និង ស៊ុយ អែត បាន​រួប រួមគ្នា ជា​សម្ព័ន្ធ​មួយ​ឈ្មោះថា សហភាព​កាល់​ម៉ា នៅ​ឆ្នាំ​១៣៩៧ ។ ប៉ុន្តែ​នៅក្នុង​សម្ព័ន្ធ​នេះ អាណាចក្រ​ដា​ណឺ​ម៉ាក មាន​ឥទ្ធិពល​ជាងគេ ធ្វើឱ្យ ស៊ុយអែត ដកខ្លួន​ចេញរួច​ហើយក៏​ចូលក្នុង សម្ព័ន្ធ​វិញ ជា​ហូរហែ ហើយ​នៅ​ទីបំផុត ស៊ុយអែត បាន​ដកខ្លួន​ចេញ​ជា​លើកចុងក្រោយ នៅ​ឆ្នាំ​១៥២១ ដោយ​បន្សល់ទុក នូវ​សម្ព័ន្ធ​មួយ ដែលមាន​ឈ្មោះថា ដា​ណឺ​ម៉ាក​-​ន័​រវេ​ស ។​

​សម្ព័ន្ធ​ដា​ណឺ​ម៉ាក​-​ន័​រវេ​ស នា​អំឡុង​ពេលនោះ គឺ ដា​ណឺ​ម៉ាក នៅតែ​ជា​អ្នក​ជះឥទ្ធិពល​លើ​ន័​រវេ​ស ទាំង​ផ្នែក​រដ្ឋបាល និង​សេដ្ឋកិច្ច ប៉ុន្តែ​ន័​រវេ​ស ពុំដែល​មានគំនិត​ចង់​បែក​ចេញពី​សម្ព័ន្ធ​នេះ​ទេ ហើយ​ពេលខ្លះ ត្រូវបាន​ស្តេច​របស់ ន័​រវេ​ស ប​ញ្ជើ​ត​ហៅ​សម្ព័ន្ធ​នេះ​ថា “ អាណាចក្រ​ភ្លោះ “ គឺ​ចាត់ទុក ដា​ណឺ​ម៉ាក និង ន័​រវេ​ស ជា​បងប្អូន​ភ្លោះ ។​

​សម្ព័ន្ធ​នេះ ធ្វើឱ្យ​អាណាចក្រ​ទាំង ២ (​ដា​ណឺ​ម៉ាក​-​ន័​រវេ​ស​) មាន​ឥទ្ធិពល​រីកសាយ​ទៅ​ឆ្ងាយ​រហូត បង្កើតបានជា​តំបន់​អាណានិគម នៅ​ជុំវិញ​ប្រទេស​ឥណ្ឌា និង​បង្កើតបានជា​តំបន់ឆ្នេរ​មាស​នៅ អាហ្វ្រិក​ខាងលិច នា​អំឡុង​សតវត្សរ៍​ទី ១៧-១៩ ។​

​ស៊ុយអែត ចាក​ចេញពី​សម្ព័ន្ធ សហភាព​កាល់​ម៉ា ធ្វើឱ្យ ដា​ណឺ​ម៉ាក ដែលជា​បងធំ​មិន​សប្បាយចិត្ត ជាខ្លាំង ហើយ​តែងតែ​ចង់ឱ្យ ស៊ុយអែត ត្រឡប់​ចូលក្នុង​សម្ព័ន្ធ​វិញ ប៉ុន្តែ​ស៊ុយអែត​តែងតែ​បង្ហាញ អាកប្បកិរិយា ធ្វើជា​រដ្ឋ​ឯករាជ្យ​ដ៏​ម៉ឺងម៉ាត់ រហូត​បញ្ឆេះ​ជា​ភ្លើងសង្គ្រាម រវាង ដា​ណឺ​ម៉ាក​-​ន័​រវេ​ស និង ស៊ុយអែត ជា​ហូរហែ ដូចជា​សង្គ្រាម ភាគ​ខាងជើង ៧ ឆ្នាំ នា​ឆ្នាំ ១៥៦៣ និង​សង្គ្រាម​កាល់​ម៉ា ជាដើម ដែល​នៅ​ឆ្នាំ​១៦១១ ដា​ណឺ​ម៉ាក បាន​លុកលុយ​កាន់កាប់​ទីក្រុង​កាល់​ម៉ា របស់​ស៊ុយអែត ហើយ ស៊ុយអែត ត្រូវប្រគល់​ទឹកដី​មួយចំនួន ទៅឱ្យ ន័​រវេ​ស និង បង់ប្រាក់​រាប់លាន​សង​រំ​លោះ ទៅឱ្យ ដា​ណឺ​ម៉ាក​។​

​ទឹក​ហោច​ស្រមោច​ស៊ី​ត្រី​
​មិនយូរប៉ុន្មាន បន្ទាប់ពី​សង្គ្រាម​កាល់​ម៉ា​មក សម្ព័ន្ធ​ដា​ណឺ​ម៉ាក​-​ន័​រវេ​សបាន​ជួបនឹង​សង្គ្រាម​ដ៏ សំខាន់​មួយទៀត គឺ​ពួកគេ​និង​រដ្ឋ​ប្រូ​តិ​ស្តង់​នានា ប្រយុទ្ធ​នៅ​អាល្លឺម៉ង់​ខាងជើង ប្រឆាំងនឹង​បណ្តា រដ្ឋ​កាតូលិក ដឹកនាំ​ដោយ​សម្ព័ន្ធ​កាតូលិក អាល្លឺម៉ង់ ។ នៅ​ឆ្នាំ​១៦២៦ ដា​ណឺ​ម៉ាក​បរាជ័យ​យ៉ាង ធ្ងន់ធ្ងរ ។

​បរាជ័យ​ជា​បន្ត​បន្ទាប់មក នៅ​ឆ្នាំ​១៦២៩ ដា​ណឺ​ម៉ាក ត្រូវ​បង្ខំចិត្ត​ចុះសន្ធិសញ្ញា មិន​ធ្វើ​អន្តរាគមន៍ នៅក្នុង​កិ​ច្ចា​នុ​កិច្ច ក្នុងប្រទេស​អាល្លឺម៉ង់ ដែល​បានសេចក្តីថា ដា​ណឺ​ម៉ាក អស់សិទ្ធិ​ធ្វើសង្គ្រាម រវាង​ពួក​រដ្ឋ​កាតូលិក និង​រដ្ឋ​ប្រូ​តិ​ស្តង់ ឬថា ដា​ណឺ​ម៉ាក បាន​ធ្លាក់ខ្លួន​យ៉ាងខ្លាំង ។ ចំណែក ស៊ុយអែត បាន​ជោគជ័យ យ៉ាង​ធំធេង នៅក្នុង​សង្គ្រាម​នោះ ។​

​សង្គ្រាម ស៊ុយអែត ប្រឆាំងនឹង​ដា​ណឺ​ម៉ាក ឬ​សម្ព័ន្ធ​អាណាចក្រ​ភ្លោះ ចេះតែមាន​ជា​បន្តបន្ទាប់ ហើយ​ជា​ញឹកញាប់ ស៊ុយអែត បាន​ជោគជ័យ​ច្រើនជាង រហូតដល់​ពេលខ្លះ ស៊ុយអែត​បាន​ចូល លុកលុយ​អាណាចក្រ​ភ្លោះ ដា​ណឺ​ម៉ាក​-​ន័​រវេ​ស ទៀតផង ។​

សង្គ្រាម​ណាប៉ូឡេអុង​-​បញ្ចប់​អាណាចក្រ​ភ្លោះ​
​នា​អំឡុង​សង្គ្រាម​បដិវត្តន៍​បារាំង​( ១៧៨៨-១៧៩២ )​ពីដំបូង អាណាចក្រ​ភ្លោះ ដា​ណឺ​ម៉ាក​-​ន័​រវេ​ស បាន​ព្យាយាម​ឈរ​ជា​កណ្តាល ឬ អព្យាក្រឹត ដើម្បីឱ្យ​ពួកគេ​អាចធ្វើ​ពាណិជ្ជ​កម្មបាន​ទាំង​ជាមួយ បារាំង និង ជាមួយ​ចក្រភព​អង់គ្លេស ។​

​ប៉ុន្តែ​ក្រោយមក ដា​ណូ​-​ន័​រវេ​ស ដែលជា​កងទ័ពជើងទឹក ន័​រវេ​ស បាន​ចូល​ជា​សមាជិក សម្ព័ន្ធ នៃ​កងទ័ព​អព្យាក្រឹត ធ្វើឱ្យ​ចក្រភព​អង់គ្លេស ចាត់ទុក​ទង្វើ​នោះ​ថា ជា​ទង្វើ​អមិត្ត ឬ ជាស​ត្រូវ ញ៉ាំងឱ្យ​អង់គ្លេស បើក​ការវាយលុក ទៅលើ​ទីក្រុង​ខូ​ប៉ិន​ហា​ហ្កិ​ន របស់​ដា​ណឺ​ម៉ាក នា​ឆ្នាំ​១៨០១ និង​បើក​ការវាយលុក​ម្តងទៀត នៅ​ឆ្នាំ​១៨០៧ ។ ពេលនោះ អង់គ្លេស បាន​រឹបអូស​យក​កងទ័ព ជើង​ទឹក (​ផ្នែក​ប្រយុទ្ធ​លើគោក​) ដា​ណូ​-​ន័​រវេ​ស​ទាំងស្រុង​។ នាពេលនោះ​នៅ​អឺរ៉ុប​មានតែ​កងទ័ព ជើង​ទឹក ដា​ណូ​-​ន័​រវេ​ស នោះ​មួយគត់​ដែលមាន​លទ្ធភាព​ប្រយុទ្ធ​តតាំង​នឹង​កងទ័ពជើងទឹក​អង់គ្លេស ។

​ប៉ុន្តែ​ពេលនោះ កងទ័ពជើងទឹក ដា​ណូ​-​ន័​រវេ​ស (​ដែល​នៅសល់​ពី​ការ​រឹបអូស​របស់​អង់គ្លេស​កាលពី​ឆ្នាំ ១៨០៧) ពុំបាន​ត្រៀមលក្ខណៈ​សម្រាប់ ប្រតិបត្តិ​ការប្រយុទ្ធ​ឡើយ គឺ​សំងំ​នៅតែ​ក្នុង​បន្ទាយ ហើយ​ទាហាន​របស់ ដា​ណូ​-​ន័​រវេ​សបាន​ប្រមូល ផ្តុំ​នៅ​តំបន់​Danevirke​ទុកឱ្យ​ទីក្រុង ខូ​ប៉ិន​ហា​ហ្កិ​ន ក្លាយជា​ទីក្រុង​មានការ​ការពារ​ទន់ខ្សោយ ដែលជា​ឱកាស​យ៉ាង​ប្រពៃ​សម្រាប់​ការវាយលុក​របស់​អង់គ្លេស ដែលមាន ស៊ុយអែត ជា​ដៃគូ ។​

​ការវាយលុក​របស់​អង់គ្លេស​ទៅលើ ដា​ណឺ​ម៉ាក បាន​រុញច្រាន​ឱ្យ ដា​ណូ​-​ន័​រវេ​ស​និង​ដា​ណឺ​ម៉ាក -​ន័​រវេ​ស ចូលខ្លួន​ទៅជា​សមាជិក​ក្នុង​សម្ព័ន្ធ ណាប៉ូឡេអុង បារាំង ។ ប៉ុន្តែ​ដា​ណឺ​ម៉ាក​-​ន័​រវេ​ស បាន​បរាជ័យ ហើយ​ទឹក​ដីគោក​របស់​ន័​រវេ​ស ត្រូវបាន​បង្ខំចិត្ត​ប្រគល់​ទៅឱ្យ ស៊ុយអែត នៅក្នុង កិច្ចសន្យា នៅ​ថ្ងៃទី​១៤ ខែមករា ឆ្នាំ​១៨១៤ នាទី​ក្រុង​គៀល ភាគ​ខាងកើត នៃ​ប្រទេស​អាល្លឺម៉ង់​។​

​ដើម្បី​សង្គ្រោះ​ទឹកដី​របស់ខ្លួន កុំឱ្យ​បាត់បង់​ទៅក្នុង​កណ្តាប់ដៃ ស៊ុយអែត ទើប​ន័​រវេ​ស បានរៀបចំ ច្បាប់រដ្ឋធម្មនុញ្ញ របស់ខ្លួន ហើយ​ផ្តាច់ខ្លួន​ពី​អាណាចក្រ​ភ្លោះ ដា​ណឺ​ម៉ាក​-​ន័​រវេ​ស​ហើយ​ប្រកាស ខ្លួនឯង​ថា “ ន័​រវេ​ស គឺជា​អាណាចក្រ​ឯករាជ្យ “ ។ ពិធី​ប្រកាស​នេះ ធ្វើឡើង​នៅ Eidsvoll នា​ថ្ងៃទី​១៧ ខែ​ឩ​សភា ឆ្នាំ​១៨១៤ ដោយបាន​ជ្រើសរើស​ព្រះអង្គម្ចាស់ គ្រី​ស្ទា​ន ហ្វ្រេ​ដឺ​រីក របស់ ដា​ណឺ​ម៉ាក ជា​ក្សត្រ​នៃ​ន័​រវេ​ស ឯករាជ្យ ។

​ស្តេច គ្រី​ស្ទា​ន ហ្វ្រេ​ដឺ​រីក​របស់ ដា​ណឺ​ម៉ាក បាន​ស្វែងរក​ការអន្តរាគមន៍ ដើម្បី​បាន​ទឹកដី​របស់ខ្លួន ពី​ស៊ុយអែត មកវិញ ប៉ុន្តែ​បេសកកម្ម​ការទូត​នោះ បាន​បរាជ័យ ដោយ​ស៊ុយអែត ពុំ​ទទួលស្គាល់ ន័​រវេ​ស ថា​ជា​រដ្ឋ​មាន​អធិបតេយ្យភាព​ឡើយ ពោលគឺ ស៊ុយអែត មិន​ចង់​ប្រគល់​ទឹកដី​ឱ្យ ន័​រវេ​ស វិញ ។

​នៅ​ថ្ងៃទី​២៦ ខែកក្កដា ឆ្នាំ​១៨១៤ កងទ័ព​ស៊ុយអែត បាន​លុកលុយ​ចូល​ទឹកដី ន័​រវេ​ស ។ កងទ័ព ន័​រវេ​ស បាន​វាយបក​យ៉ាងខ្លាំង​ក្លា ប្តូរផ្តាច់​ទៅលើ​កងទ័ព​ស៊ុយអែត ដាក់​សម្ពាធ​ឱ្យ​ស៊ុយអែត ទទួលស្គាល់ ន័​រវេ​ស ថា​ជា​រដ្ឋ​មាន​អធិតេយ្យភាព​ជាតិ​ហើយក៏​បានចាប់ផ្តើម​បើក​ការចរចា ឡើងវិញ ។​

​ការចរចា បានចាប់ផ្តើម​នៅ​ថ្ងៃទី​៧ ខែសីហា ឆ្នាំ​១៨១៤ នោះ ហើយ​ស្តេច ខាល ចូ​ហាន់ របស់ ស៊ុយអែត ក៏បាន​ទទួលស្គាល់​អធិប​តេ​យ្យ​ច្បាប់​ធម្មនុញ្ញ​របស់ ន័​រវេ​ស ។ បទ​យុទ្ធសន្តិភាព ឬ​បទ ឈប់​ធ្វើសង្គ្រាម​នឹង​គ្នា បានបញ្ចប់​នៅ​ថ្ងៃទី​១៤ ខែកក្កដា ឆ្នាំ​១៨១៤ នាទី​ក្រុង​ម៉ូ​ស្ស នៃ​ប្រទេស ន័​រវេ​ស ។ ប្រវត្តិសាស្ត្រ បាន​ហៅ​ដំណើរការ​ស្វែងរក​សន្តិ​ភាព​នោះ​ថា “​បទ​អន្តរាគមន៍ ទីក្រុង ម៉ូ​ស្ស “ ។​

​ប្រការនេះ បានសេចក្តីថា សុពលភាព នៃ​សន្ធិសញ្ញា​ទីក្រុង​គៀល ដែល​ន័​រវេ​ស​បាត់បង់​ទឹកដី ទៅឱ្យ ស៊ុយអែត នោះ ត្រូវបាន​បន្សាប ហើយ​ការចរចា​ថ្មី​មួយ​ក្នុង​លក្ខណៈ​ស្មើភាព​គ្នា​ត្រូវបាន ចាប់ផ្តើម ។ នៅ​ទីបំផុត ន័​រវេ​ស ត្រូវបាន​បង្ខំ​ឱ្យ​រួបរួម​បញ្ចូល​ជា​សហភាព​ផ្ទាល់ រវាង ស៊ុយអែត និង ន័​រវេ​ស ដោយ ន័​រវេ​ស អាច​រក្សាទុក​នូវ​សេរីភាព​ធម្មនុញ្ញ និង ស្ថាប័ន​ឯករាជ្យ ដែល​បានសេចក្តីថា ស៊ុយអែត ទទួលស្គាល់ ន័​រវេ​ស ថា ជា​រដ្ឋ​ឯករាជ្យ ឬ ថា ស៊ុយអែត ត្រូវប្រគល់​ទឹកដី​ដែល ស៊ុយអែត​យក​ពី ន័​រវេ​ស នៅក្នុង​សន្ធិសញ្ញា ទីក្រុង គៀល នោះ មកឱ្យ ន័​រវេ​ស វិញ លើកលែងតែ កិច្ចការបរទេស ដែលជា​អំណាច​របស់​ស៊ុយអែត ។ គ្រី​ស្ទា​ន ហ្វ្រេ​ដឺ​រីក ដែលជា​អតីត​ព្រះអង្គម្ចាស់ ដា​ណឺ​ម៉ាក ត្រូវ​បណ្តេញ​ចេញពី ន័​រវេ​ស ។ សហភាព ស៊ុយអែត​-​ន័​រវេ​ស ត្រូវបាន​រំលាយ​នៅ​ឆ្នាំ ១៩០៥ ។​

​ប្រជាពលរដ្ឋ ន័​រវេ​ស បាន​ហៅ​ថ្ងៃទី ១៧ ខែ ឩ​សភា ឆ្នាំ ១៨១៤ ដែលជា​ថ្ងៃ​ប្រកាស​រដ្ឋធម្មនុញ្ញ ដើម្បី​ប្រកាសថា ន័​រវេ​ស ជា​រដ្ឋ​ឯករាជ្យ នោះ​ថា​ជា “ ទិវា រដ្ឋធម្មនុញ្ញ ន័​រវេ​ស “ រហូតមក ។​

ទិវា​រដ្ឋធម្មនុញ្ញ ន័​រវេ​ស​
​ទិវា​ធម្មនុញ្ញ​ន័​រវេ​ស គឺជា​ទិវា​ជាតិ និង​ជា​ថ្ងៃ​សម្រាក​របស់​ជាតិ ។ ប្រជាពលរដ្ឋ​ន័​រវេ​ស ខ្លះ បាន​ហៅ​ទិវា​រដ្ឋធម្មនុញ្ញ​ន័​រវេ​ស នេះ​ថា ថ្ងៃទី​១៧ ខែ​ឩ​សភា ហើយ​ការ​ប្រារព្ធ​ទិវា​រដ្ឋធម្មនុញ្ញ ន័​រវេ​ស នេះ បានចាប់ផ្តើម​ពី​សង្គម​សិស្ស និស្សិត មុនគេ ។​

​ទោះយ៉ាងណា កាលណោះ ន័​រវេ​ស ស្ថិតនៅក្នុង​សហភាព​ជាមួយ ស៊ុយអែត​ទើប​អស់​រយៈ ពេល​ជាច្រើន​ឆ្នាំ ស្តេច​ស៊ុយអែត និង​ស្តេច​ន័​រវេ​ស មាន​ភាពស្ទាក់ស្ទើរ​ក្នុងការ​អនុញ្ញាតឱ្យ ប្រារព្ធ​ទិវា​រដ្ឋធម្មនុញ្ញ​ន័​រវេ​ស​នោះ ។ ប៉ុន្មាន​ឆ្នាំ នៅក្នុង​ទសវត្សរ៍ ១៩២០ ការ​ប្រារព្ធ​ទិវា​នេះ ត្រូវបាន​ស្តេច ខាល​ចូ​ហាន់​របស់​ស៊ុយអែត​ហាមឃាត់​ជាដាច់ខាត ដោយ​យល់ថា ការ​ប្រារព្ធ ពិធី​បែប​នោះ គឺជា​ទម្រង់​ម្យ៉ាង នៃ​ការប្រឆាំង​តវ៉ា និង​ជាការ​មិន​គោរព​ថែមទាំង​ជាការ​ធ្វើ​បដិវត្តន៍ ប្រឆាំងនឹង​ការរួបរួម​របស់ ស៊ុយអែត​-​ន័​រវេ​ស ។​

​ប៉ុន្តែ​នៅ​ឆ្នាំ​១៨២៩ មានការ​ទាមទារ​ប្រារព្ធ​ទិវា រដ្ឋធម្មនុញ្ញ​ន័​រវេ​ស នោះ​រហូត​បង្កើតបានជា ច​ល​ច​ល​យ៉ាងខ្លាំង ទើប​ទីបំផុត ស្តេច​ខាល​ចូ​ហាន់ អនុញ្ញាតឱ្យ​ប្រារព្ធ​ទិវា​នេះ​ឡើងវិញ ដោយ​ឱ្យ​ប្រារព្ធ​មាន​កម្រិត រហូតដល់​ឆ្នាំ​១៨៣៣ ទើប​ពិធី​នេះ​ត្រូវបាន​ប្រារព្ធ​ជា​សាធារណៈ​។​

​ទិវា​នេះ ក៏​ត្រូវបាន​ប្រារព្ធ​កាន់តែ​ច្រើនឡើង បន្ទាប់ពី​មាន​ក្បួនព្យុហយាត្រា​របស់​កុមារ ហើយ​គឺ ជា​ក្បួន​ហែ​ដែលមាន​សុទ្ធតែ​កុមារា​ទាំងអស់ នៅ​ឆ្នាំ ១៨៦៤ ។​លុះដល់​ឆ្នាំ ១៨៩៩ ទើប​កុមារី ត្រូវបាន​អនុញ្ញាត​ឱ្យចូល​រួម ក្នុង​ក្បួនព្យុហយាត្រា​បែប​នោះ ។ ប៉ុន្តែ​ក្រោយពី​ឆ្នាំ ១៩០៥ ជា​ពេល ដែល​ការរួបរួម រវាង ន័​រវេ​ស និង ស៊ុយអែត ត្រូវបាន​រំលា​យមក​ទើប​រាជវង្ស​ចេញមក​សាទរ ពិធី​ហែ​នេះ ៕

ក្បួន​ហែ​របស់​កុមារ​នា​ទិវា រដ្ឋធម្មនុញ្ញ ន័​រវេ​ស
ផែន​ត្រែទ័ព​នៅក្នុង​ក្បួន​ដង្ហែ​របស់​កុមារ​នា​ទិវា រដ្ឋធម្មនុញ្ញ ន័​រវេ​ស
​រាជធានី អូ​ស្លូ នៃ ព្រះរាជាណាចក្រ ន័​រវេ​ស

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ