ស្រាវជ្រាវ​ករណី​ស្លាប់​ស្ត្រី​វ័យក្មេង​ក្រោយ​សម្រាលកូន​ដំបូង​នៅ​ស្រុក​ថ្មពួក

3563
ចែករម្លែក

ដោយ​៖​ភ្នំ​ស្វាយ​/​បន្ទាយមានជ័យ​មន្ត្រី​ការងារ​មរណភាព​មាតា​នៃ​មន្ទីរ​សុខាភិបាល​ខេត្តបន្ទាយមានជ័យ​បាន​ចុះ​ស្រាវជ្រាវ​ករណី​ស្លាប់​ស្ត្រី​មាតា​វ័យក្មេង​សម្រាលកូន​ដំបូង​ពី​មន្ទីរពេទ្យបង្អែក​ស្រុក​ថ្មពួក កាលពី​ថ្មីៗ​នេះ ។​ក្រុមការងារ​នោះ​រួមមាន​អ្នកស្រី​យក់ សុ​វុទ្ធី វេជ្ជបណ្ឌិត​សំ ហិ​ម៉ាឡៃ និង​មន្ត្រី គ្រូពេទ្យ​ជាច្រើន​។​

​សូម​រំលឹកថា​ស្ត្រី​មាតា​វ័យក្មេង​ឈ្មោះ​គល់​សយ​អាយុ​១៩​ឆ្នាំរ​សើ​នៅ​អូរ​កំបុត​ភូមិ​បឹង​តា​ស្រី​(​មហោស្រព់​)​ឃុំ​គោក​រមៀត​ស្រុក​ថ្មពួក​។​ស្ត្រី​បាន​ឈឺពោះ​ហើយ​ត្រូវ​ប្តី​និង​ក្រុមគ្រួសារ​បញ្ជូនមក​មន្ទី​រ​ពេទ្យ​បង្អែក​ស្រុក​ថ្មពួក​កាលពី​ល្ងាច​ថ្ងៃទី​៥​ខែឧសភា​ឆ្នាំ​២០២០​ហើយ​បាន​សម្រាល​កូនប្រុស​ម្នាក់​។​

​លុះដល់​ល្ងាច​ថ្ងៃទី​៦​ខែឧសភា​ស្ត្រី​និង​ក្រុមគ្រួសារ​បានស្នើ​សុំ​ហើយ​គ្រូពេទ្យ​(​ឆ្មប​)​បានអនុញ្ញាត​ឱ្យចេញ​ទៅ​ផ្ទះ​។​ប៉ុន្តែ​ដោយ​មិន​ស្រួល​គឺ​ចេះតែ​សន្លប់​ញឹកញាប់​នៅ​ថ្ងៃទី​១៣​ខែឧសភា​ស្ត្រី​នេះ​ត្រូវបាន​បញ្ជូនមក​មន្ទីរ​ពេទ្យ​នេះ​ជាថ្មី ដើម្បីឱ្យ​គ្រូពេទ្យ​ឆ្លុះ​អេកូ​ពិនិត្យ​កម្ទេច​សុក​ដែល​មិន​ស្អាត​។​ដោយ​សម្អាត ដាក់​សេរ៉ូម​ព្យាបាល​ថែទាំ​មន្ត្រី​អាជ្ញាធរ​មន្ត្រី​សុខាភិបាល​គ្រូពេទ្យ​និង​ក្រុមគ្រួសារ​ថា​មុន​ស្លាប់​ស្ត្រី​រងគ្រោះ​មាន​សុខភាព​ល្អ បំបៅកូន​ដោយ​ទឹកដោះ​ធម្មតា ។​

​ប៉ុន្តែ​គ្រាន់តែ​ស្ត្រី​នោះបាន​សម្រាលកូន​រួច ក៏​ចេញទៅ​ផ្ទះ ហើយ​វិល​មក​ពេទ្យ​លើក​ទី​២​ព្រោះ​មិន​ស្រួល ហើយ​ការសម្អាត​សុក​មិន​ស្អាត​។​លោក​វេជ្ជបណ្ឌិត​ញ៉ែម​ភា​រម្យ​ប្រធាន​មន្ទីរពេទ្យបង្អែក​ស្រុក​ថ្មពួក​ប្រាប់​កាសែត​រស្មី​កម្ពុជា​ថ្ងៃទី​១៨​ខែឧសភា​ថា​៖​បើ​ពិនិត្យ​លើក​ឯកសារ​ពេទ្យឆ្មប​ឃើញថា​ស្ត្រី​នេះ​មាន​សុខភាព​មាតា​ទារក​ល្អ​មាន​ស្ថានភាព​ទាក់ទិន​ការ​សម្រាលកូន​ល្អ​ធម្មតា​ទាំង​មុន​។​

​ពេល​កំពុង​និង​ក្រោយ​សម្រាល​តែ​គាត់​មាន​ជីវភាព​ក្រីក្រ​ណាស់​ខ្វះ​អាហារ​រូប​ត្ថ​ម្ភ​ហើយ​ពេទ្យ​បានផ្តល់​សេវា​ដោយ​ប្រើ​ប័ណ្ណ​ក្រីក្រ​។​ហេតុនេះ​បានជា​ពេទ្យ​អនុញាត​ឱ្យចេញ​តាម​ការស្នើសុំ​របស់​គ្រួសារ​។​លោក​ញ៉ែម​ភារ​ម្យ​បាន​បន្តថា​៖​ប៉ុន្តែ​ពេល​វិល​លើក​ទី​១​ទៅផ្ទះ​វិញ​គ្រួ​សារបាន​ឆ្អើរភ្លើង​ស្ត្រី​នេះ​យូរពេក​ទើប​បណ្តាលឱ្យ​ស្ទះ​និង​សន្លប់​ម្តងៗ​។​លោក​បាន​បន្តថា​៖​ស្ថានភាព​សុខភាព​ស្ត្រី​នេះ​ដែល​ចេញពី​ពេទ្យ​លើក​ទី​១​និង​លើក​ទី​២​គឺ​ល្អ រឹងប៉ឹង​ធម្មតា ។​

​ក្រុមគ្រួសារ​(​ប្តី​និង​ឱ​ពុក​ម្តាយ​)​នៃ​សព​និង​លោក​នៃ​ពៅ​មេឃុំ​គោក​រមៀត​ស្រុក​ថ្មពួក​ប្រាប់​កាសែត​រស្មី​កម្ពុជា​ថ្ងៃទី​១៨​ខែឧសភា​ថា​៖​មន្ត្រី​អាជ្ញាធរ​ស្រុក​ឃុំ​និង​ក្រុមការងារ​ចុះជួយ​មូលដ្ឋាន​បាន​ទៅ​រំលែក​ទុក្ខ​និង​ជួយ​ថវិកា​បុណ្យសព​ដល់​ក្រុមគ្រួសារ​ហើយ ។​

​ប្រភព​ខាងលើ​ថា ក្រោយ​ចេញពី​មន្ទីរពេទ្យ ស្ត្រី​គល់ សយ អាយុ​១៩​ឆ្នាំ មាន​កម្លាំង ហើយ​ដើរ​ភឹល (​ដើរ​ដោយ​ស្វាហាប់​)​មាន​ទឹកដោះ​និង​បំបៅកូន​យ៉ាង​ល្អ​សោះតែ​បែរជា​ស្លាប់ចោល​កូន​ឱ្យុ​នៅ​ម៉ឹម​ទឹកដោះគោ​ដូច្នេះ​សោះ​។​ហេតុ​ការស្លាប់​ស្ត្រី​នេះ ក៏​មិនដឹង​ជា​មូល​ហេតុអ្វី​?

​ប៉ុន្តែ​លោក​យង់​យឺន​អភិបាលរង​ស្រុក​ថ្មពួក​បានឱ្យដឹង​កាលពី​ថ្ងៃទី​១៦​ខែឧសភា​ថា​៖​គួរឱ្យ​ស្តាយ​ដែល​ស្ត្រី​ឈ្មោះ​គល់​សយ​អាយុ​២២​ឆ្នាំ​នៅ​ភូមិ​បឹង​តា​ស្រី​(​អូរ​កំបុត​)​បាន​ស្លាប់​ក្រោយ​សម្រាលកូន​ដំបូង​រួច ចេញពី​មន្ទីរពេទ្យបង្អែក​ស្រុក​ថ្មពួក ៕S/

​រូបថត ៖ ក្រុមការងារ​មរណភាព​មាតា​ចុះ​ស្រាវជ្រាវ​ករណី​ស្លាប់​ស្ត្រី​វ័យក្មេង​ឈ្មោះ​គល់ សយ អាយុ​១៩​ឆ្នាំ សម្រាលកូន​ដំបូង​ពី​មន្ទីរពេទ្យបង្អែក​ស្រុក​ថ្មពួក (​រូប​៖ ភ្នំ​ស្វាយ​)​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ