យុទ្ធនាការ​ដោះស្រាយ​ការកកស្ទះ​សំណុំរឿង បង្ហាញ​ពី​សមត្ថភាព​របស់ រដ្ឋមន្ត្រី​ថ្មី

456
ចែករម្លែក

យុទ្ធនាការ​ដោះស្រាយ​ការកកស្ទះ​សំណុំរឿង នៅ​តុលាការ​សាលាដំបូង​រាជធានី​ខេត្ត​ត្រូវបាន ប្រកាស​អនុវត្ត កាលពី​ថ្ងៃទី​១៨ ខែឧសភា ឆ្នាំ​២០២០ តទៅ​។ យុទ្ធនាការ ដែលមាន​រយៈពេល​ពី ៦ ទៅ ៩ ខែ​នេះ នឹងចូលរួម​ចំណែក​ដោះស្រាយ​ភាព​ចង្អៀត ណែន នៃ​អ្នក​ជាប់ឃុំ នៅតាម​ពន្ធនាគារ ព្រមទាំង​លើកកម្ពស់​សមត្ថភាព​ស្ថាប័ន​តុលាការ ក្នុងការ ផ្តល់​សេវា​យុត្តិធម៌​ជូន​ដល់​ប្រជាពលរដ្ឋ ឲ្យ​កាន់តែ​ប្រសើរ តាមរយៈ​កា​រព​ន្លឿ​ន ចំណាត់ ការ​សំណុំរឿង​។

​ក្នុង​សន្និសីទកាសែត កាលពី​ព្រឹក​ថ្ងៃទី​១៨ ខែឧសភា លោក កើត រិ​ទ្ធ រដ្ឋមន្ត្រីក្រសួង យុត្តិធម៌ បានប្រកាស​បើក​យុទ្ធនាការ ដោះស្រាយ​ការកកស្ទះ​សំណុំរឿង នៅតាម សាលាដំបូង​រាជធានី ខេត្ត​។ ការដោះស្រាយ​បញ្ហា​កកស្ទះ​សំណុំរឿង ជា​ការងារ​អាទិភាពរ​បស់ ក្រសួងយុត្តិធម៌ បន្ទាប់ពី​លោក កើត រិ​ទ្ធ បាន​ឡើងកាន់តំណែង​ជា​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ កាលពីដើម​ខែមេសា កន្លងទៅ​។​

​លោក កើត រិ​ទ្ធ បាន​បញ្ជាក់ថា ក្នុង​រយៈពេល​ពីរ​ឆ្នាំ​ចុងក្រោយ រាជរដ្ឋាភិបាល បើក​យុទ្ធនាការ ជាច្រើន​ក្នុងនោះ​រួមមានៈ យុទ្ធនាការ​ប្រឆាំង​គ្រឿងញៀន យុទ្ធនាការ​បង្ក្រាប​បទ​ល្មើស​ព្រៃឈើ និង​យុទ្ធនាការ​ភូមិ​ឃុំ​មាន​សុវត្ថិភាព ជាដើម​។ យុទ្ធនាការ​ទាំងនេះ នាំ​ឲ្យ​កើនឡើង​សំណុំរឿង នៅ​តុលាការ និង​កើនឡើង​នូវ​ចំនួន​អ្នក​ជាប់ពន្ធនាគារ​។​លោក​បន្តថា មកដល់ពេលនេះ សំណុំរឿង បាន​កើនឡើង នៅតាម​សាលាដំបូង​រាជធានី​ខេត្ត មាន​ជិត បួន​ម៉ឺន​សំណុំរឿង​។ ក្នុងនោះ​អ្នក ជាប់ឃុំ​នៅក្នុង​សំណុំរឿង​ទាំងនេះ មាន​ប្រមាណ ១២.០០០ នាក់​ក្នុងចំណោម​អ្នកជាប់ឃុំឃាំង សរុប​ជាង​បី​ម៉ឺន​នាក់ នៅ​ទូទាំងប្រទេស​។ ក្នុងនោះ នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​មាន​សំណុំ រឿង​ចាត់ការ​សល់​ពី​ឆ្នាំ​២០១៩ មាន​រហូតដល់ ១២០០០ សំណុំរឿង​។ រីឯ​សំណុំរឿង​ចូល​ថ្មី មាន​ប្រមាណ ៧០០ ទៅ ៩០០ រឿង ក្នុង ១​ខែ​។​

​លោក កើត រិ​ទ្ធ បន្តថា សាលាដំបូង​រាជធានី​ភ្នំពេញ ខិតខំ​ធ្វើ​ការងារ ដោយ​យកចិត្ត ទុកដាក់ និង​ការទទួលខុសត្រូវ​ខ្ពស់​។ ក្នុងនោះ ចៅក្រម​មួយរូប អាច​ចាត់ការ​បាន ១២៩​រឿង ក្នុង​មួយឆ្នាំ ដែលជា​មធ្យម ជា​តួលេខ​ខ្ពស់​ជាងគេ ក្នុងចំណោម​តុលាការ​សាលាដំបូង​រាជធានី​ខេត្ត​។ ប៉ុន្តែ​នៅ តែ​មិនអាច​ឆ្លើយតប និង​មិនអាច​ដោះស្រាយ​នូវ​បញ្ហា​កំណើន​នៃ​សំណុំរឿង បានទេ​។ ដូច្នេះ ចៅក្រម ចាត់ការ​តែ​សំណុំរឿង​ចូល​ថ្មី​។​ដូច្នេះហើយ បានជា​ក្រសួងយុត្តិធម៌ មាន​ភាពចាំបាច់ ត្រូវតែ​ជួយ​ដោះស្រាយ​បញ្ហា​ប្រឈម​នៃ​ការកកស្ទះ​សំណុំរឿង នៅ​សាលាដំបូង​រាជធានី​ខេត្ត តាមរយៈ​ការដាក់ចេញ​នូវ​យុទ្ធនាការ​ដោះស្រាយ​ការកកស្ទះ​សំណុំរឿង ដែល​ត្រូវ​ធ្វើជា​ចាំបាច់ ក្នុង​គោល បំណង​បី​។​ទី ១-​ការបន្ថយ​ការកកស្ទះ​សំណុំរឿង នៅតាម​សាលាដំបូង​រាជធានី​ខេត្ត ដើម្បី​រក​យុត្តិធម៌​ឲ្យ​បាន​ឆាប់​ដល់​ជនរងគ្រោះ ,​ទី​២- បង្កើន​ប្រសិទ្ធភាព​ស្ថាប័ន​តុលាការ និង​ឲ្យ ដំណើរការ​ឆាប់រហ័ស​ជាង​មុន និង​ទី​៣-​កាត់បន្ថយ​ភាព​ចង្អៀត​ណែន នៅតាម​ពន្ធនាគារ​ផង​។​

​ជា​ដំណោះស្រាយ លើ​ការកកស្ទះ​សំណុំរឿង ជំហាន​ដំបូង ក្រសួងយុត្តិធម៌ ស្នើ​ឲ្យ​ព្រះរាជអាជ្ញា និង​ចៅក្រម ធ្វើតាម​ច្បាប់ ដោយ​ចាត់ចែង​សំណុំរឿង ដែលជា​បទ​ម​ជ្ឈឹ​ម​ហើយ​សំណុំរឿង ចប់សព្វគ្រប់ គឺ​ចៅក្រម អាច​ជំនុំជម្រះ​កាត់ក្តី​តែម្តង ដោយ​មិនត្រូវ​ចំណាយពេល​ស៊ើបអង្កេត ដូច​កន្លងមក​ទេ​។ ក្រសួង លើកទឹកចិត្ត​ឲ្យ​ព្រះរាជអាជ្ញា និង​ចៅក្រម​ជ្រើស​រើសយក​ការ​ចោទ ប្រកាន់ បញ្ជូនទៅ​ជំនុំជម្រះ​ផ្ទាល់​។​

​នៅ​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ ត្រូវការ​សាល​សវនាការ​ប្រាំ​។ ពេលនេះ​ដោះស្រាយ បាន​បួន​ហើយ​។ ក្នុងនោះ ករណី​ខ្វះ​ចៅក្រម ក៏​ក្រសួង ចាត់ចែង​ឲ្យ​មានការ​ខ្ចី​ចៅក្រម​ពីសា​លា ដំបូង​ផ្សេងទៀត​បាន​។ នៅ​សាលាដំបូង​ផ្សេងទៀត ក៏ត្រូវ​រៀបចំ​សាល​សវនាការ​ដែល​តាម ប្រសាសន៍​របស់​សម្តេច​តេ​ជោ ហ៊ុន សែន បាន ប្រកាស​រួចហើយ​ថា បើ​ត្រូវ​ជួល​បន្ទប់​សណ្ឋាគារ ដើម្បី​ធ្វើជា​សាល​សវនាការ​កាត់ក្តី ក៏​ក្រសួងយុត្តិធម៌ នឹង​រៀបចំ​ដែរ​។​

​លោក កើត រិ​ទ្ធ បាន​បញ្ជាក់ថា ក្នុង​យុទ្ធនា​ការដោះស្រាយ​ការកកស្ទះ​សំណុំរឿង គឺ «​លឿន ត្រឹមត្រូវ យុត្តិធម៌ និង​មិន​ពុករលួយ​»​។ ក្នុង​យុទ្ធនាការ​នេះ ក្រសួង ក៏ត្រូវ​ធ្វើ​ដោយ​ម៉ឺងម៉ាត់ និង​តាមច្បាប់​ទាំងអស់​។ ពោលគឺ​ធ្វើ​ដោយ​តម្លាភាព មិនមាន​អំពើពុករលួយ​។​

​ក្រសួងយុត្តិធម៌ បានដាក់​ចេញ​នូវ​អភិក្រម​ពីរ ចំណុច គឺ អភិក្រម​ទី​១-​យុទ្ធនាការ​ដោះស្រាយ ការកកស្ទះ​សំណុំ​រឿងនេះ ត្រូវអនុវត្ត​ដោយ​ផ្អែកលើ​មូលដ្ឋាន​ច្បាប់​ជាពិសេស​ចំណាត់ការ ដោះស្រាយ​សំណុំរឿង ត្រូវមាន​ភាពម៉ឺងម៉ាត់ និង​ត្រូវអនុវត្ត​ឲ្យ​បាន​ត្រឹមត្រូវ​ស្របតាម​ច្បាប់ និង​នីតិវិធី​ជា​ធរមាន​។ បន្ថែម​លើ​ច្បាប់ និង​បទដ្ឋាន​គតិយុត្ត ដែលមាន​ជា​ធរមាន ក្រសួងយុត្តិធម៌ បាន​ដាក់ចេញ​សេចក្តីណែនាំ​ផ្នែក​ផ្លូវច្បាប់ ដើម្បី​ធានា​ដល់​ការអនុវត្ត​អភិក្រម​នេះ​ផងដែរ​។​

​អភិក្រម​ទី​២-​យុទ្ធនាការ​ដោះស្រាយ​ការកកស្ទះ​សំណុំ​រឿងនេះ ត្រូវអនុវត្ត​ដោយ​ផ្អែកលើ​មូលដ្ឋាន នៃ​យុត្តិធម៌ សុចរិត​ភាព និង​ភាពត្រឹមត្រូវ ដោយ​មិនត្រូវ​ឲ្យ​មាន​ជាដាច់ខាត​នូវ​ស្ថានភាព «​ត្រីងៀត​ឆ្លៀត​ពង​» នៅក្នុង​យុទ្ធនាការ​នេះ​។​

​លោក​រដ្ឋមន្ត្រី ក៏បាន​ព្រមាន​ដល់​ចៅក្រម ព្រះរាជអាជ្ញា ដែល​ប្រព្រឹត្ត​កំហុស ក្នុង​យុទ្ធនាការ​នេះ នឹងត្រូវ​កត់ត្រា ហើយ​ក្រសួងយុត្តិធម៌ ត្រូវដាក់​ចេញ​នូវ​វិធានការ​លើ​ចៅក្រម​ព្រះរាជអាជ្ញា ទាំងនោះ​។ យុទ្ធនាការ​នេះ ក៏មាន​កិច្ចសហការ​ជាមួយ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ផងដែរ​។​
​ ​
​នោះ​គឺ​ចៅក្រម ព្រះរាជអាជ្ញា ក្រឡាបញ្ជី ឬ​តួអង្គ​ពាក់ព័ន្ធ​ផ្សេងទៀត​ដែល​បាន​ចូលរួម​អនុវត្ត យុទ្ធនាការ បាន​ត្រឹមត្រូវ និង​ទទួលបាន​លទ្ធផល​ល្អ​នឹង​ត្រូវបាន​កត់ត្រា​ទុកជា​គុណសម្បត្តិ ការងារ​។ ប៉ុន្តែ​ផ្ទុយ​មកវិញ ចៅក្រម ព្រះរាជអាជ្ញា ក្រឡាបញ្ជី ឬ​តួអង្គ​ពាក់ព័ន្ធ​ផ្សេងទៀត ដែល​បាន​ប្រព្រឹត្ត​ខុសច្បាប់ ឬ​បាន​ឆ្លៀត​យក​ឱកាស​នៃ​យុទ្ធនាការ​នេះ​ដើម្បី​ស្វែងរក​ផល ប្រយោជន៍​ផ្ទាល់ខ្លួន តាមរបៀប «​ត្រីងៀត​ឆ្លៀត​ពង​» នឹងត្រូវ​កត់ត្រា​ទុកជា​កំហុស​ដែល​នឹងត្រូវ ឆ្លើយតប​យ៉ាង​ម៉ឺងម៉ាត់ ជាមួយនឹង​ការទទួលខុសត្រូវ ទាំង​ផ្នែក​វិជ្ជាជីវៈ ទាំង​ផ្នែក​ផ្លូវច្បាប់​។​
​ ​
​ក្នុងពេល​អនុវត្ត​យុទ្ធនាការ​ដោះស្រាយ​ការកកស្ទះ​សំណុំរឿង នៅ​តុលាការ​នេះ ក្រសួង យុត្តិធម៌ ក៏បាន​ប្រកាសថា បើ​មាន​អំពើពុករលួយ និង​ភាពមិនប្រក្រតី «​ត្រីងៀត​ឆ្លៀត​ពង​» បងប្អូន​ប្រជា ពលរដ្ឋ អាច​រាយការណ៍​មក​ខាង​ក្រសួង តាមរយៈ​ហ្វេ​ស​ប៊ុ​ក​ផេ​ក និង​ទៅកាន់​អង្គភាព​ប្រឆាំង អំពើពុករលួយ​។​
​ ​
​យុទ្ធនាការ​នេះ ត្រូវបាន​ប្រកាសឡើង បន្ទាប់ពី​លោក កើត រិ​ទ្ធ ទើបតែ​ឡើងកាន់ តំណែង ជា​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ បាន​ជាង​មួយខែ​ប៉ុណ្ណោះ​។ ដូច្នេះ​យុទ្ធនាការ​នេះ គឺជា​ការបង្ហាញ​ពី សមត្ថភាព​របស់​រដ្ឋ​មន្ត្រី​វ័យក្មេង ដែល​ពោរពេញ​ដោយ​សមត្ថភាព និង​ចំណេះដឹង​ផ្លូវច្បាប់ មកពី​ប្រទេស​បារាំង​។
​ ​
​ជាការ​ពិត​សមត្ថភាព​របស់លោករ​ដ្ឋ​មន្ត្រី កើត រិ​ទ្ធ ត្រូវបាន​បង្ហាញ​រួចមកហើយ តាម រយៈ​ការងារ នៅ​ក្រសួងយុត្តិធម៌​អស់​ជាច្រើន​ឆ្នាំ ពិសេស​គឺ​ការតាក់តែង​ច្បាប់ក្រម​ព្រហ្មទណ្ឌ​ក៏ដូចជា​ការ ចូលរួម​ចរចា​នយោបាយ​ជាមួយ​អតីត​គណបក្សប្រឆាំង កាលពី​ឆ្នាំ​២០១៣ ជាដើម​។ ជាង​នេះ ទៅទៀត បើសិនជា​លោក កើត រិ​ទ្ធ មិនមាន​សមត្ថភាព ក៏​សម្តេច​តេ​ជោ ហ៊ុន សែន មិន​ឧទ្ទេសនាម ជា​បេក្ខជន​រដ្ឋមន្ត្រី ដើម្បី​ស្នើ​សូម​រដ្ឋសភា បោះឆ្នោត​ផ្តល់​សេចក្តីទុកចិត្ត​ឲ្យ​កាន់ការ​ជា​រដ្ឋមន្ត្រី ក្រសួងយុត្តិធម៌​នោះទេ​៕ ដោយ​: ម៉េង​ឆៃ​

ទីតាំងផ្សាយពាណិជ្ជកម្ម