គ្រូពេទ្យ​រុស្ស៊ី​ប្រឆាំង​កូ​វីដ​-១៩ ទទួលបាន​ប្រាក់ឧបត្ថម្ភ​តែ ១០ ដុល្លារ​

220
ចែករម្លែក

ក្រុមគ្រូពេទ្យ​នៅ​ប្រទេស​រុស្ស៊ី ទទួលបាន​ប្រាក់ឧបត្ថម្ភ​លើកទឹកចិត្ត​ត្រឹមតែ ១០​ដុល្លារ​ប៉ុណ្ណោះ សម្រាប់​ការ​ប្រថុយ​ជីវិត​នៅ​សមរភូមិ​ជួរមុខ​ក្នុង​សង្គ្រាម​ប្រឆាំង​វីរុស​ផ្លូវដង្ហើម​ប្រភេទ​ថ្មី​ដ៏​កាច​សាហាវ​កូ​រ៉ូ​ណា ឬ​កូ​វីដ​-១៩​។​
​ ​
​ប្រធានាធិបតី វ្ល៉ា​ឌី​មៀ ពូ​ទីន បាន​ថ្លែង​តាម​កញ្ចក់​ទូរទស្សន៍​ជាតិ​កាលពី​ខែមេសា​ដោយ​សន្យា​ផ្ដល់ ប្រាក់រង្វាន់​លើកទឹកចិត្ត​ប្រចាំខែ​យ៉ាងច្រើន​រហូតដល់​ទៅ ១.១០០​ដុល្លារ​សម្រាប់​គ្រូពេទ្យ​ព្យាបាល អ្នកជំងឺ​កូ​វីដ​។​
​ ​
​ទោះជា​យ៉ាងណា នៅពេល​ក្រុមគ្រូពេទ្យ​ទៅ​បើកប្រាក់​ឧបត្ថម្ភ​លើកទឹកចិត្ត​នេះ​សម្រាប់​ខែមេសា ពួកគេ​ភាគច្រើន​ស្រងាកចិត្ត​យ៉ាងខ្លាំង ហើយ​បាន​ថត​សែក​បើក​លុយ​បង្ហោះ​តាម​បណ្ដាញ ទំនាក់ទំនង​សង្គម ដែល​បង្ហាញថា​ទទួលបាន​ច្រើន​បំផុត ១០ ដុល្លារ​ហើយ​ខ្លះ​ទទួលបាន​តិច ជាង​នេះ ឬ​អត់​បាន​មួយ​រៀល​សោះ​ក៏មាន​។

​ទាក់ទិន​បញ្ហា​នេះ នាយករដ្ឋមន្ត្រី មី​ខា​អ៊ី​ល មី​ស៊ូ​ស្ទី​ន (Mikhail Mishustin) ទទួលស្គាល់ថា​ពិតជា មាន​បញ្ហា​បែបនេះ​កើតឡើង​មែន ប៉ុន្តែ​បាន​បន្ទោស​ទៅលើ​អាជ្ញាធរ​តាម​តំបន់​។

​ទន្ទឹមនេះ​ក៏មាន​សេចក្ដីរាយការណ៍​ដែរ​ថា ប្រធាន​មន្ទីរពេទ្យ​ខ្លះ​បាន​បើកប្រាក់​រង្វាន់​លើកទឹកចិត្ត ឱ្យ​គ្រូពេទ្យ​ដោយ​គិត​តាម​អត្រា​នាទី​នីមួយៗ ដែល​គ្រូពេទ្យ​នៅ​ជាមួយ​អ្នកជំងឺ​កូ​វីដ​ហើយ​សេស សល់​ប៉ុន្មាន​ពី​កញ្ចប់​ថវិកា​ជាង ៣៦០.០០០ ដុល្លារ​ចំណាយ​ទៅលើ​អ្វី​ផ្សេង​ដែល​គ្មាន​តម្លាភាព​។​

​ដោយមាន​អ្នក​ឆ្លង​វីរុស​កូ​វីដ​-១៩ ជាង ២៤២.០០០ ករណី និង​កើន​ឡើងជា​បន្តបន្ទាប់ ប្រទេស​រុស្ស៊ី មាន​ចំនួន​អ្នក​ឆ្លង​វីរុស​នេះ​ច្រើន​បំផុត​ទី​២ ក្នុង​ពិភពលោក​៕ ប្រែ​សម្រួលៈ ខុម

ទីតាំងផ្សាយពាណិជ្ជកម្ម