ក្រសួងសុខាភិបាល​ច្រានចោល​ការផ្សាយ​ថា បុរស​ជនជាតិ​វៀតណាម​ម្នាក់ វិជ្ជមាន​កូ​វីដ ១៩ ចេញពី​កម្ពុជា

277
ចែករម្លែក

ដោយៈ មេសា​/​ភ្នំពេញៈ សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងសុខាភិបាលកម្ពុជា បាន​បដិសេធថា “ ក្រសួងសុខាភិបាល សូម​ច្រានចោល​ទាំងស្រុង​នូវ​ព័ត៌មាន​ដែល​បាន​ចុះផ្សាយ​ដោយ​កាសែត​វៀតណាម មួយ​ឈ្មោះថា Vietnam News នា​ថ្ងៃទី ១៦ ខែ ឧសភា ឆ្នាំ ២០២០ ស្តីពី​បុរស​ជនជាតិវៀតណាមម្នាក់​ដែល​បាន​ចាក​ចេញពី​កម្ពុជា ថា​មាន​ផ្ទុក​វីរុស​កូ​វីដ ១៩ ។ កម្ពុជាបាន​ចុះ​ស្រាវជ្រាវ​យ៉ាង​ហ្មត់ចត់ និងជាបន្ទាន់ ប៉ុន្តែ​មិនមាន​ឈ្មោះ​ជនជាតិវៀតណាម ដូច​ការផ្សាយ​របស់​កា​សែតវៀតណាម ថា​បុរស​រូបនោះរស់នៅ​ខេត្តសៀមរាបឡើយ ហើយ​ការណ៍​ដែលថា​បុរស​ជនជាតិវៀតណាម រូបនោះ រស់នៅ​ខេត្តសៀមរាប និងមាន​វិជ្ជមាន​វីរុស​កូ​វីដ ១៩ ក៏​មិនមាន​ជា​ការណ៍​ពិត​ដែរ “ ។​


​ក្រសួងសុខាភិបាល អះអាង​បន្ថែម និងវាយតម្លៃថា ប្រព័ន្ធ​រាយការណ៍​ឱ្យ​គ្នា​ទៅវិញទៅមក (EOC) នៃជំងឺឆ្លង​ថ្មី​ក្នុង​បណ្តា​ប្រទេសអាស៊ាន ក៏​មិន​ទទួលបាន​ព័ត៌មាន​ផ្លូវការ​ណាមួយស្តីពី​ករណី​ដូច​ការចុះផ្សាយ​នោះដែរ ។ ដូច្នេះ​បុគ្គល​ជនជាតិ វៀតណាមរូបនោះ គឺ​ឆ្លង​នៅលើ​ទឹកដីវៀតណាមតែម្តង មិនមែន​ឆ្លង​នៅកម្ពុជាឡើយ ។​


​តាមរយៈ​សេចក្តីថ្លែងការណ៍​ដដែល​នេះ ក្រសួងសុខាភិបាល​កម្ពុ​ជា បាន​អំពាវនាវ​ដល់​ភាគី​វៀតណាម​ថា សូម​ភាគី​មិត្ត​វៀតណាម គោរព​តាម​បទដ្ឋាន​បច្ចេកទេស និង គោលការណ៍​នី​យ​ត​កម្ម​អន្តរជាតិ លើ​ករណី​ជំងឺឆ្លង មុននឹង​ស​ន្និ​ស​ដ្ឋា​ន ឬចុះផ្សាយ ដែលជា​ការប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​កម្ពុជា ជាពិសេស​នៅក្នុង​ដំណាក់កាល​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ ១៩ នេះ​ ដើម្បីជា​ផលប្រយោជន៍​ដល់​ប្រជាជន នៃ ប្រទេស​ទាំងពីរ ។​


​មុន​បញ្ចប់​ ក្រសួងសុខាភិបាលកម្ពុជា បានបញ្ជាក់​ពី​គោលជំហរ​របស់ខ្លួន​ថា ក្រសួង​នៅតែ​ប្រកាន់​គោលជំហរ​កិច្ចសហប្រតិបត្តិការ​ល្អ មាន​តម្លាភាព​ជានិច្ច និងបន្ត​ការយកចិត្តទុកដាក់​ស្រាវជ្រាវ ហើយ​ប្រសិនបើ​មាន​ព័ត៌មាន​ថ្មី​ណាមួយ​ដែល​ពាក់ព័ន្ធ​ទៅនឹង​ជំងឺ​កូ​វីដ ១៩ នេះ ក្រសួងសុខាភិបាល​កម្ពុ​ជានឹង​ជម្រាបជូន​សាធារណជន​បាន​ជ្រាប ។ រហូតមកដល់​ថ្ងៃនេះ កម្ពុជាមិនមាន​រកឃើញ​អ្នក​ឆ្លង​ថ្មី នៃជំងឺ​កូ​វីដ ១៩ ឡើយ ប៉ុន្តែ​សូម​សាធារណជន បន្ត​អនុវត្ត​ឱ្យបាន​ខ្ជាប់ខ្ជួន​នូវ​វិធី​ការពារ​ខ្លួន កុំឱ្យ​ឆ្លង​ជំងឺ​កូ​វីដ ១៩ នេះឡើយ ៕ Kh/Ha

ទីតាំងផ្សាយពាណិជ្ជកម្ម