ចិន​គាំទ្រ​ការស៊ើបអង្កេត​អំពី​វីរុស​កូរ៉ូណា សន្យា​ផ្តល់​ប្រាក់​២​ពាន់​លាន​ដុល្លារ​សម្រាប់​ប្រយុទ្ធ​នឹង​ជំងឺ​កូវី​ដ​១៩​និង​សន្យា​ចែកចាយ​វ៉ាក់សាំង​របស់​ចិន​បើ..

372
ចែករម្លែក

​ប្រធានាធិបតី​ចិន លោក​ស៊ី ជីន​ពីង បាន​មានប្រសាសន៍​កាលពី​ថ្ងៃ​ចន្ទ​ទី​១៨​ឧសភា​ថា ចិន​គាំទ្រ​ការស៊ើបអង្កេត​ពិស្តារ​មួយ​ទៅ​លើ​ចម្លើយ​តប​សកល​ចំពោះ​ជំងឺ​ឆ្លងកូវី​ដ​១៩​និង​បាន​ការពារ​ដំណោះស្រាយ​​របស់​ប្រទេស​លោក​ចំពោះ​ការផ្ទុះ​ជំងឺ​នេះ​ជា​លើកដំបូង​នៅ​ជំនួប​អន្តរជាតិ​។​

​សេចក្តីសម្រេច​ចិត្ត​មួយ ជំរុញ​ដោយ​សហភាព​អឺរ៉ុប​និង​អូស្ត្រាលី ដើម្បី​ពិនិត្យមើល​ឡើងវិញ​ប្រភព​នៃ​ការផ្ទុះ​ជំងឺ និង​ការ​រីកសាយ​វីរុស​កូរ៉ូណា ទទួលបាន​ការគាំទ្រ​ច្រើន​នៅ​កិច្ចប្រជុំ​របស់​អង្គការ​សុខភាព​ពិ​​ភព​លោក​ពេលនេះ នៅ​ពេល​លោក​ស៊ី ថ្លែង​ទៅ​កាន់​មហាសន្និបាត​របស់​អង្គការ​សុខភាព​ពិភពលោក​តាម វីដេអូ​ខន់​ហ្វើ​រិន កាលពី​ថ្ងៃ​ចន្ទ​។​

​ចិន​ពីមុន​ប្រឆាំង​ការអំពាវនាវ​ពី​អាម៉េរិក​និង​អូស្ត្រាលី​ឲ្យមាន​ការស៊ើបអង្កេត​បែបនេះ តែ​លោក​ស៊ី​ កាលពី​ថ្ងៃ​ចន្ទ​បានបញ្ជាក់​ថា​លោក​នឹង​គាំទ្រ​ការស៊ើអង្កេត​ឯករាជ្យ​មួយ​។​លោក​បាន​មានប្រសាសន៍​​ថា​«​ការងារ​ត្រូវ​ផ្អែក​លើ​វិទ្យាសាស្ត្រ​និង​វិជ្ជាជីវៈ​និយម ដឹកនាំ​ធ្វើ​ដោយ​អង្គការ​សុខភាព​ពិភពលោក និង​ធ្វើ​ឡើង​ក្នុង​លក្ខណៈ​ពិត​ មិន​លម្អៀង​»​។​

​លោក​បាន​បន្ថែមថា រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បើកចំហ មាន​តម្លាភាព​និង​ទទួលខុសត្រូវ ហើយ​ប្រញាប់ប្រញាល់​ចែករំលែក​ទិន្នន័យ​សំណុំ​ហ្សែ​ន​នៃ​វីរុស​ជាមួយ​ពិភពលោក គឺ​«​យើង​ធ្វើ​អ្វីៗ​គ្រប់យ៉ាង​ក្នុង​អំ​ណា​ច​របស់​យើង​ដើម្បី​គាំទ្រ​ប្រទេស​នានា​ដែល​ត្រូវការ​ឲ្យជួយ​»​។​

​ក្នុង​សន្និបាត ពួក​មេដឹកនាំ​ពិភពលោក រួមមាន​លោក​ស៊ី បាន​អំពាវនាវ​ឲ្យមាន​កិច្ចសហការ​គ្នា​ធំ​ឡើង​ក្នុងចំណោម​ប្រជាជាតិ​នានា និង​ជួយ​បន្ថែមទៀត​ដល់​ប្រទេស​ងាយ​រងគ្រោះ ដូចជា​ប្រទេស​នៅ​​អាហ្វ្រិក​ដែលមាន​ប្រភព​ធនធាន​មាន​កំហិត​។​

​លោក​ប្រធានាធិបតី​ស៊ី បាន​ប្តេជ្ញា​ថា វ៉ាក់សាំង​ប្រឆាំង​វីរុស​កូរ៉ូណា បើ​ចិន​ផលិត​បាន​ដោយ​ជោគជ័យ នោះ​ខ្លួន​នឹង​បង្កើត​វា​ឡើង​សម្រប់​ផលប្រយោជន៍​សាធារណៈ​សកល ហើយ​នេះ​ជា​ការចូលរួមចំណែករ​បស់​​ចិន​ដើម្បី​ធានា​ថា​ប្រទេស​កំពុងអភិវឌ្ឍន៍​ក៏​អាច​មាន​វ៉ាក់សាំង​ប្រើ​»​។​

​លោក​ស៊ី​ក៏​បាន​សន្យា​ផ្តល់​ប្រាក់​២​ពាន់​លាន​ដុល្លារ ដើម្បី​គាំទ្រ​ចម្លើយ​តប​ប្រឆាំង​នឹង​កូវី​ដ​១៩​នៅ​ទូទាំង​ពិភពលោក​ក្នុង​រយៈពេល​២​ឆ្នាំ​ទៅ​មុខ និង​បង្កើត​មជ្ឈមណ្ឌល​មនុស្ស​ធម៌​អន្តរជាតិ​មួយ​ជាមួយ​​អង្គការ​សហប្រជាជាតិ​នៅ​ចិន ដើម្បី​ធានា​បណ្តាញ​ផ្គត់ផ្គង់​ដ៏​រលូន​សម្រាប់​មុខទំនិញ​ចាំបាច់​៕​ប្រែ​សម្រួល​៖​វាសនា​/Ha

​ប្រធានាធិបតី​ចិន ស៊ី ជីន​ពីង ថ្លែង​ទៅ​កាន់​បណ្តា​មេដឹកនាំ​ពិភពលោក​ក្នុង​សន្និបាត​ប្រចាំឆ្នាំ​របស់​អង្គការ​សុខភាព​ពិភពលោក​កាលពី​ថ្ងៃ​ចន្ទ​

ទីតាំងផ្សាយពាណិជ្ជកម្ម