ប្រធាន​WHO សន្យា​ធ្វើ​ការស៊ើបអង្កេត​ការឆ្លើយតប​ទៅនឹង​ជំងឺ​រាតត្បាត ” នៅពេល​សមស្រប​ឆាប់ៗ​តាម​ដែល​អាច​”

229
ចែករម្លែក

​ប្រធាន​អង្គការ​សុខភាព​ពិភពលោក (WHO)​បាន​និយាយថា លោក​នឹង​ចាប់ផ្តើម​វាយតម្លៃ​ដោយ​ឯករាជ្យ​នៃ​ការឆ្លើយតប​របស់​ភ្នាក់ងារ​សុខ​ភាព​នៃ​អង្គការ​សហប្រជាជាតិ​ទៅ​នឹង​ការឆ្លង​រាតត្បាត​​នៃ​វីរុស​នេះ នៅពេល​សមស្រប​ឆាប់ៗ​តាម​ដែល​អាច​” ។​

​លោកតេ​ដ្រូ​ស អាដ​ហាណូម ហ្គេ​ប្រេ​យេស៊ូ​ស អគ្គនាយក​អង្គការ​សុខភាព​ពិភពលោក​

​លោកតេ​ដ្រូ​ស អាដ​ហាណូម ហ្គេ​ប្រេ​យេស៊ូ​ស អគ្គនាយក​អង្គការ​សុខភាព​ពិភពលោក​បាន​ធ្វើ​ការសន្យា​នេះ បន្ទាប់​ពី​ក្រុមប្រឹក្សា​ត្រួតពិនិត្យ​ឯករាជ្យ​បាន​ចេញផ្សាយ​របាយការណ៍​បណ្តោះអាសន្ន​ដំបូង​របស់​​ខ្លួន​អំពី​ការឆ្លើយតប​របស់​ភ្នាក់ងារ​នេះ​ចំពោះ​ជំងឺ​ឆ្លងកូរី​ដ​១៩​ចាប់ពី​ខែ​មករា​ដល់​ខែ​មេសា​។​

​របាយការណ៍​ដែល​មាន​១១​ទំព័រ​នេះ​បាន​លើកឡើង​នូវ​បញ្ហា​ជាច្រើន​​​ ដូចជា​តើ​ប្រព័ន្ធ​ព្រមាន​របស់​អង្គការ​សុខភាព​ពិភពលោក​សម្រាប់​ការជូន​ដំណឹង​ប្រុងប្រយ័ត្ន​ដល់​ពិភពលោក​អំពី​ការ​ផ្ទុះ​ឡើង​នៃ​ជំ​​ងឺ​រាតត្បាត​នេះ​គ្រប់គ្រាន់​ដែរឬទេ ហើយ​ស្នើ​ថា​រដ្ឋ​ជា​សមាជិក​អាច​ចាំបាច់​ត្រូវ​ពិចារណា​និង​វាយតម្លៃ តួនាទី​របស់​អង្គការ​សុខភាព​ពិភពលោក​ក្នុង​ការផ្តល់​យោបល់​អំពី​ការធ្វើដំណើរ​ទៅ​កាន់​ប្រទេស​​នានា​។​

​ការ​ពិនិត្យ​មើល​ឡើង​វិញ​និង​អនុសាសន៍​របស់​ក្រុមប្រឹក្សា​នេះ​ហាក់ដូចជា​មិន​ធ្វើឱ្យ​រដ្ឋបាល​សហរដ្ឋ​អាម៉េរិក​ដែល​ធ្វើ​ការរិះគន់​ខ្លាំងៗ​ទៅ​លើ​អង្គការ​សុខភាព​ពិភពលោក​នេះស្ងប់ចិត្ត​នោះ​ទេ​។ ក្នុង​​ការរិះគន់​ខ្លាំងៗ​ទៅ​លើ​អង្គការ​សុខភាព​ពិភព លោក ដូ​ណា​ល់​ត្រាំ ប្រធានាធិបតី​អាម៉េរិក និយាយថា​​​ អង្គការ​សុខភាព​ពិភព​បាន​រិះគន់​បម្រាម​ធ្វើ​ដំណើរ​របស់​អាម៉េរិក ដែល​លោក​បាន​បញ្ជា​ឱ្យ​​ដាក់​ទៅលើ​អ្នក​ទាំងឡាយ​ដែល​មកពី​ប្រទេស​ចិន ជា​ទី​ដែល​ការផ្ទុះ​វីរុស​នេះ បាន​កើត​ឡើង​ជា​លើកដំបូង​កាលពី​ចុងឆ្នាំ​មុន​។​

​លោក​ដូណាល់​ត្រាំ​បានបញ្ជាឱ្យ​ផ្អាក​ការផ្តល់​មូលនិធិ​ជា​បណ្តោះអាសន្ន​ដល់​អង្គកា​រ​សុខភាព​ពិភពលោក ពី​សហរដ្ឋ​អាម៉េរិក​ដែល​ជា​ម្ចាស់​ជំនួយ​ដ៏​ធំ​បំផុត​របស់​ភ្នាក់ងារ​សុខាភិបាល​នេះ​ដោយ​រង់ចាំ​​ការ​ពិនិត្យ​មើល​សិន​អំពី​ការឆ្លើយតប​ដំបូង​របស់​អង្គការ​សុខភាព​ពិភពលោក​។ ប៉ុន្តែ ក្រុម​ត្រួតពិនិត្យ ដែល​ធ្វើ​តាម​យោបល់​ពី​ប្រទេស​ជា​ច្រើន​នេះ​បាន​និយាយថា ការ​ពិនិត្យ​ឡើងវិញ​ក្នុង​ឡុ​អំឡុង​​ពេល​ស្ថានភាព​ឆ្លើយតប​ដ៏​លំបាក​បែបនេះ​អាច​ប៉ះពាល់​ដល់​សមត្ថភាពរ​បស់​អង្គការ​សុខភាព​ពិភពលោក​ក្នុង​ការឆ្លើយតប​ចំពោះ​បញ្ហា​នេះ​។​

​កាលពី​ពេលមុន​នេះ សហគមន៍​អឺរ៉ុប​និង​ប្រទេស​ផ្សេងៗ​ទៀត​បាន​អំពាវនាវ​ឱ្យ​មាន​ការវាយតម្លៃ​ដោយ​ឯករាជ្យ​នៃ​ការឆ្លើយតប​របស់​អង្គការ​សុខភាព​ពិភពលោក​ចំពោះ​ជំងឺ​រាតត្បាត​នេះ ដើម្បី​ពិនិត្យ​​មើល​បទពិសោធន៍​ដែល​ទទួល​បាន​និង​ជា​មេរៀន​ដែល​ត្រូវ​ដឹង​”​។

​សេចក្តីសម្រេច​នេះ​មាន​ការគាំទ្រ​ជាង​ពាក់កណ្តាល​នៃ​ប្រទេស​ជា​សមាជិក​របស់​អង្គការ​សុខភាព​ពិភពលោក​នេះ​។​

​ចំណាត់ការ​នេះ​កើតឡើង​ចំ​ពេល​ដែល​ប្រទេស​អូស្ត្រាលី​អំពាវនាវ​ឱ្យ​មាន​ស៊ើបអង្កេត​ដោយ​ឯករាជ្យ​ដើម្បី​រក​ប្រភពដើម​នៃ​ជំងឺ​រាតត្បាត​នេះ​និង​ការឆ្លើយតប​របស់​អង្គការ​សុខភាព​ពិភពលោក​ចំពោះ​វា​៕​ប្រែ​សម្រួល​៖​សុខា​/sn/hA

ទីតាំងផ្សាយពាណិជ្ជកម្ម