នាំ​អំណោយ​សម្តេច​ក្រឡាហោម​ស ខេង ទៅ​ចែកជូន​ជនក្រីក្រ​ខ្លាំង​ចំនួន ៥០​គ្រួសារ​មកពី​៣​ឃុំ​នៅក្នុង​ស្រុក​សង្កែ

189
ចែករម្លែក

ដោយ​: គ្រញូង / បាត់ដំបង​: នៅក្នុង​បរិវេណ​វត្ត​ព្រៃ​រកា​ស្ថិតក្នុង​ភូមិ​បោះ​ពោធិ៍​ឃុំ​អូរ​ដំបង​១​ស្រុក​សង្កែ ខេត្តបាត់ដំបង កាលពី​រសៀល​ថ្ងៃទី​១៨ ខែឧសភា ឆ្នាំ​២០២០ លោក ងួន រតនៈ អភិបាលខេត្ត​បាត់ដំបង លោក សឿ​ម ប៊ុន​រិ​ទ្ធ អភិបាលរង​ខេត្ត និង​អាជ្ញាធរ​ស្រុក ឃុំ​បាន​នាំយក​អំណោយ​មនុស្សធម៌​ជា​គ្រឿងឧបភោគ បរិភោគ​របស់​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ យកទៅ​ចែកជូន​ប្រជាជន​ខ្វះខាត​ជីវភាព​ចំនួន​៥០​គ្រួសារ មកពី​៣​ឃុំ​នៅក្នុង​ស្រុក​សង្កែ​ខេត្តបាត់ដំបង​។​

​លោក ងួន រតនៈ អភិបាលខេត្ត​បាត់ដំបង មានប្រសាសន៍ថា ថ្មីៗ​នេះ​ដោយសារ​មាន​ជំងឺ Covide-19 បាន​ឆ្លង​រីក​រាលដាល​នៅលើ​ពិភពលោក ដោយឡែក​នៅ​ប្រទេស​កម្ពុជា​ក៏មាន​អ្នក​ឆ្លង​ជំងឺ​នេះ​នាំចូល​ពី​ក្រៅប្រទេស​ដែរ​។ ប៉ុន្តែ​បច្ចុប្បន្ន​ប្រទេស​យើង​បានជា​សះស្បើយ​អស់ហើយ តែ​វា​ធ្វើ​ឲ្យ​មានការ​ប៉ះពាល់​សេដ្ឋកិច្ចជាតិ​និង​ជីវភាព រស់នៅ​របស់​ប្រជាពលរដ្ឋ​នៅតាម​មូលដ្ឋាន​គ្រប់​ទីកន្លែង​ផងដែរ​។​

​លោក​អភិបាលខេត្ត​បាន​បញ្ជាក់ថា ដោយមាន​បញ្ហា​ប៉ះពាល់​ជីវភាព​រស់នៅ​នេះហើយ ទើប​សម្តេច​ក្រឡាហោម ស ខេង បានប្រគល់​ស្បៀងអាហារ​មួយចំនួន​ឲ្យ​រដ្ឋបាលខេត្ត ទុក​សម្រាប់​ចែកជូន​ដល់​ប្រជាពលរដ្ឋ​ដែលមាន​ជីវភាព​ខ្វះខាត​សម្រាប់​ដោះស្រាយ​ជីវភាព​ប្រចាំថ្ងៃ​។​

​លោក​អភិបាលខេត្ត​បាន​បញ្ជាក់ថា អំណោយ​ដែល​បាន​ចែកជូន​នាពេលនេះ ទោះ​ជាមាន​ចំនួន​តិចតួច​មែន​តែ​វា​ចាំបាច់​ខ្លាំង​សម្រាប់​ជួយ​អ្នកក្រីក្រ​ដោះស្រាយបាន​មួយរយៈ​ពេល​ដែរ​។ អំណោយ​ដែល​បាន​ចែកជូន​ទាំង​៥០​គ្រួសារ នាពេលនេះ​ក្នុង​១​គ្រួសារៗ ទទួលបាន​អង្ករ​២៥​គីឡូក្រាម សាប៊ូ​២​ដុំ និង​ថវិកា​មួយចំនួន​។ ដោយឡែក​ថវិកា​ចំនួន​៤០​ម៉ឺន​រៀល​បាន​ប្រគេន​ព្រះចៅអធិការ​វត្ត​ព្រៃ​រកា សម្រាប់​កសាង​សមិទ្ធផល​ក្នុង​បរិវេណ​វត្ត​ផងដែរ​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម