អ្នកវិទ្យាសាស្ត្រចិនជឿថាថ្នាំថ្មីអាចបញ្ឈប់កូវីដ១៩បានដោយមិនចាំបាច់មានវ៉ាក់សាំង

260
ចែករម្លែក

មន្ទីរពិសោធន៍ចិនមួយបាននិងកំពុងផលិតថ្នាំ ដែលខ្លួនជឿថាមានអំណាចក្នុងការបញ្ឈប់ជំងឺកូវីដ១៩។

ជំងឺរាតត្បាតនេះផ្ទុះឡើងដំបូងនៅក្នុងប្រទេសចិនកាលពីចុងឆ្នាំមុន មុនពេលរីករាលដាលពាសពេញពិភពលោក ដោយជំរុញឱ្យមានការប្រណាំងប្រជែងជាអន្តរជាតិដើម្បីស្វែងរកការព្យាបាលនិងវ៉ាក់សាំង។

ក្រុមអ្នកស្រាវជ្រាវចិននិយាយថាថ្នាំដែលកំពុងធ្វើតេស្តដោយអ្នកវិទ្យាសាស្ត្រនៅឯសាកលវិទ្យាល័យប៉េកាំងដ៏ល្បីល្បាញរបស់ចិនមិនត្រឹមតែអាចបំព្រួញពេលវេលានៃការជាសះស្បើយសម្រាប់អ្នកជំងឺប៉ុណ្ណោះទេប៉ុន្តែថែមទាំងផ្តល់នូវភាពស៊ាំមួយរយៈខ្លីពីមេរោគទៀតផង។

លោក ស៊ុននី ស៊ី នាយកមជ្ឈមណ្ឌលច្នៃប្រឌិតទំនើបប៉េកាំងសម្រាប់ហ្សែននៃសាកលវិទ្យាល័យប៉េកាំងបានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ថា ថ្នាំនោះទទួលបានជោគជ័យនៅដំណាក់កាលសាកល្បងលើសត្វ។

លោកស៊ីនិយាយថា “នៅពេលយើងចាក់បញ្ចូលអង្គបដិប្រាណដែលបានបន្សាបទៅក្នុងសត្វកណ្តុរដែលឆ្លងមេរោគ បន្ទាប់ពី ៥ ថ្ងៃបរិមាណមេរោគត្រូវបានកាត់បន្ថយចំនួន ២៥០០ កត្តា។ នោះមានន័យថាថ្នាំដែលពោរពេញដោយសក្តានុពលនេះមានប្រសិទ្ធិភាពព្យាបាល”។

ថ្នាំនេះគឺប្រើអង្គបដិបក្ខបន្សាបដែលផលិតដោយប្រព័ន្ធភាពស៊ាំរបស់មនុស្សដើម្បីការពារកុំឱ្យវីរុសឆ្លងទៅកោសិកា ដែលក្រុមរបស់លោកស៊ីផ្តាច់ចេញពីឈាមរបស់អ្នកជំងឺ ៦០ នាក់ ដែលជាសះស្បើយពីកូវីដ១៩។

ការសិក្សារបស់ក្រុមលោកស៊ី ដែលបោះពុម្ពផ្សាយកាលពីថ្ងៃអាទិត្យទី១៧ឧសភានៅក្នុងទិនានុប្បវត្តិវិទ្យាសាស្ត្រ Cell បានបង្ហាញថា ការប្រើប្រាស់អង្គបដិប្រាណផ្តល់នូវ “ការព្យាបាល” ដ៏មានសក្តានុពលសម្រាប់ជំងឺកូវីដ១៩ និងបំព្រួញពេលវេលានៃការជាសះស្បើយ។

លោកស៊ីនិយាយថា ក្រុមរបស់គាត់បានធ្វើ “ការស្រាវជ្រាវទាំងយប់ទាំងថ្ងៃ” ដើម្បីស្វែងរកអង្គបដិប្រាណបែបនេះ។

លោកបាននិយាយថាថ្នាំនេះគួរតែត្រៀមរួចរាល់សម្រាប់ប្រើប្រាស់នៅចុងឆ្នាំនេះនិងទាន់ពេលវេលាចំពោះលទ្ធភាពផ្ទុះឡើងវិញនៃកូវីដ១៩នារដូវរងា ដែលបានឆ្លងដល់មនុស្សចំនួន ៤,៨ លាននាក់នៅជុំវិញពិភពលោកនិងសម្លាប់មនុស្សជាង ៣១៥.០០០ នាក់៕ ដោយ៖ កញ្ញាដាលីស

ក្រុមអ្នកស្រាវជ្រាវរបស់លោកស៊ីរំពឹងថាថ្នាំថ្មីអាចដាក់លក់លើទីផ្សារនៅចុងឆ្នាំនេះ

ទីតាំងផ្សាយពាណិជ្ជកម្ម