អភិបាលរង​ខណ្ឌមានជ័យ​បើក​វគ្គ​បណ្តុះបណ្តាល និតិ​វិធី​អត្តសញ្ញាណ​កម្ម គ្រួសារ​ក្រីក្រ ក្នុង​សង្កាត់​ទាំង​៧ តាម​ការស្នើសុំ ក្នុងកំឡុងពេល នៃ​ការរីក​រាលដាល​ជម្ងឺ កូ​វីដ ១៩

168
ចែករម្លែក

ដោយៈ សាវ​រក្ស / ភ្នំពេញៈ នា​ព្រឹក​ថ្ងៃទី​១៩ ខែ ឧសភា ឆ្នាំ ២០២០ លោក ឌី រ័ត្ន​ខេ​ម​រុណ អភិបាលរង ខណ្ឌមានជ័យ បាន​អញ្ជើញ​ជា​គណៈអធិបតី ក្នុង​ពិធី​បើក​វគ្គ​បណ្ដុះបណ្ដាល​ស្តីពី និតិ​វិធី​អត្តសញ្ញាណ​កម្ម​គ្រួសារ​ក្រីក្រ ក្នុង​សង្កាត់​ទាំង ៧​តាម​ការស្នើសុំ​ក្នុងអំឡុងពេល​នៃ​ការរីក​រាលដាល​ជម្ងឺ កូ​វីដ​-១៩ នៅ​ថ្នាក់​ខណ្ឌ ។​

​ក្នុង​ពិធី​បើក​វគ្គ​បណ្ដុះបណ្ដាល​ស្តីពី និតិ​វិធី​អត្តសញ្ញាណ​កម្ម​គ្រួសារ​ក្រីក្រ លោក ឌី រ័ត្ន​ខេ​ម​រុណ អភិបាលរង​ខណ្ឌមានជ័យ បាន​លើកឡើងថា រាជរដ្ឋាភិបាល​កម្ពុជា បាន​ប្តេជ្ញាចិត្ត​យ៉ាង​មុតមាំ​ក្នុងការ​កាត់បន្ថយ​ភាពក្រីក្រ និង​គាំទ្រ​យ៉ាង​ពេញទំហឹង​ចំពោះ កម្មវិធី​អត្តសញ្ញាណ​កម្ម​គ្រួសារ​ក្រីក្រ និង​បាន​ចាត់ទុកថា​កម្មវិធី​នេះ​ជា​ឧបករណ៍​ដ៍​មាន​សារៈសំខាន់ ក្នុងការ​ជម្រុញ​ល្បឿន​ការកាត់បន្ថយ​ភាពក្រីក្រ​ឲ្យ​បាន​ឆាប់រហ័ស ដើម្បី​សម្រេចបាន​ជោគជ័យ​ក្នុងការ​អនុវត្ត ។ ដោយសារ​ប្រជាជន​ក្រីក្រ​មិនមែន​រស់​នៅតែ​តំបន់​ជនបទ ដូច្នេះ​ចាប់តាំងពី ឆ្នាំ ២០១៩​មក ការអនុវត្ត​អត្តសញ្ញាណ​កម្ម​គ្រួសារ​ក្រីក្រ នៅតាម​បណ្តា រាជធានី ខេត្ត គោលដៅ​នីមួយៗ​ត្រូវអនុវត្ត​នីតិវិធី ២​ផ្សេងគ្នា​គឺ ៖
១. នីតិវិធី អត្តសញ្ញាណ​កម្ម​គ្រួសារ​ក្រីក្រ​នៅ​ទីជនបទ​
២. នីតិវិធី អត្តសញ្ញាណ​កម្ម​គ្រួសារ​ក្រីក្រ នៅ​ទីប្រជុំជន ។​

​លោក​អភិបាលរង​ខណ្ឌមានជ័យ​បន្ថែមថា គោលបំណង​នៃ​ដំណើរការ​អត្តសញ្ញាណ​កម្ម​គ្រួសារ​ក្រីក្រ (IDPoor) មានដូចជា អត្តសញ្ញាណ​កម្ម​គ្រួសារ​ក្រីក្រ សំដៅ​ដល់កំណត់​គ្រួសារ​ក្រីក្រ កម្រិត​ភាពក្រីក្រ ។ អត្តសញ្ញាណ​កម្ម​គ្រួសារ​ក្រីក្រ​មាន​គោលបំណង​ផលិត និង​ផ្តល់នូវ​ទិន្នន័យ​គ្រួសារ​ក្រីក្រ​តាម​ភូមិ​នីមួយៗ​។ គ្រួសារ​ក្រីក្រ​ដែលមាន​ឈ្មោះ​ក្នុង​បញ្ជី​គ្រួសារ​ក្រីក្រ​ចុងក្រោយ​និង​ទទួលបាន​ប័ណ្ណ​សមធម៌​សម្រាប់​ធ្វើជា​មូលដ្ឋាន​ក្នុងការ​ស្វែងរក​សេវា និង​ជំនួយ​ផ្សេងៗ​ពី​ភ្នាក់ងារ​ផ្តល់​សេវា​គាំពារ​សង្គម ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា សេវា​ទាំងនេះ​មាន ការផ្តល់សេវា​សុខភាព​ដោយ​មិន​គិតថ្លៃ ការផ្តល់​អាហារូបករណ៍​មាន​លក្ខខណ្ឌ​ដល់​សិស្ស​ក្រីក្រ ការផ្តល់សេវា​កសិកម្ម ការលើកលែង​ការបង់ប្រាក់​ភាគទាន​ផ្សេងៗ ការផ្តល់​សាច់ប្រាក់​ដោយមាន​លក្ខខណ្ឌ​ដល់​ស្ត្រី​មាន​ផ្ទៃពោះ និង​កុមារ​ក្រោម អាយុ​ក្រោម ២ ឆ្នាំ ។​ល​។​
​ទិន្នន័យ​គ្រួសារ​ក្រីក្រ នឹង​ត្រូវធ្វើ​បច្ចុប្បន្ន​រៀងរាល់ ៣​ឆ្នាំ​ម្តង ។ អត្តសញ្ញាណ​កម្ម​គ្រួសារ​ក្រីក្រ​តាម​ការស្នើសុំ និង​ចូលរួម​យ៉ាងសកម្ម​ក្នុងការ​បំពេញបន្ថែម​នូវ​ទិន្នន័យ​គ្រួសារ​ក្រីក្រ​ដែលមាន​នៅក្នុង​ទិន្នន័យ​គ្រួសារ​ក្រីក្រ​អោយ​កាន់តែ​ល្អប្រសើរ​ឡើង ។​

​ជា​ចុងក្រោយ លោក ឌី រ័ត្ន​ខេ​ម​រុណ អភិបាលរង ខណ្ឌមានជ័យ សង្ឃឹម និង ជឿជាក់ថា បន្ទាប់ពី​ឆ្លងកាត់​វគ្គ​បណ្តុះបណ្តាល​នេះ​ហេ​ី​យ សិក្ខាកាម​ទាំងអស់ នឹង​អាច​យក​ចំណេះដឹង​ទាំងនេះ​ទៅ​ផ្សព្វផ្សាយ​បន្ត​ឲ្យ​បាន​កាន់តែ​ទូលំទូលាយ ក៏ដូចជា​ជួយ​ដល់ គ្រួសារ​ក្រីក្រ​ក្នុង​មូលដ្ឋាន​របស់ខ្លួន​ឲ្យ​កាន់​តែមាន​ប្រសិទ្ធភាព​ថែមទៀត ព្រោះថា​បងប្អូន​គឺជា​អ្នក​នៅ​ជិត និង ចុះ​ជាប់​ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ​ក្រីក្រ នៅក្នុង​មូលដ្ឋាន​ជាងគេ​បំផុត​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម