ទង្វើ​របស់​អូស្ត្រាលី អាច​ហៅថា​«​សាច់​មិន​បាន​ស៊ី យក​ឆ្អឹង​ព្យួរក​»

494
ចែករម្លែក

​ចិន​បាន​វាយប្រហារ​រិះគន់ ចំអក​និង​វាយ​ពន្ធ​មហា​ខ្ពស់​លើ​ទំនិញ​ស្រូវ​សាឡី​អូស្ត្រាលី បន្ទាប់​ពី​ប្រទេស​មួយ​នេះ​នៅតែ​ចចេស​រឹងទទឹង​ដឹកនាំ​គេឯង​អោយ​មាន​ការស៊ើបអង្កេត​មួយ​ទៅលើ​វីរុស​កូរ៉ូណា ​ចំ​ពេល​បងធំ​អាម៉េរិក បាន​ចោទប្រកាន់​ចិន​ថា​ជា​អ្នកបង្ក​ជំងឺឆ្លង​ដែល​បានសម្លាប់​ពលរដ្ឋ​អាម៉េរិក​ជាង​៩០០.០០០​នាក់​និង​ប្រុង​ចាប់​អោយ​ចិន​ទទួខុសត្រូវផង​។​

ចិន​ខឹង​នឹង​អូស្ត្រាលី​យូរ​គួរសម​មកហើយ ដោយ​បាន​ចោទប្រកាន់​មន្ត្រី​អូស្ត្រាលី​ថា ស្រែក​តាម​ពួក​មេដឹកនាំ​នៅ​ក្រុង​វ៉ាស៊ីនតោន​

​ការជំរុញ​របស់​អូស្ត្រាលី​អោយ​មាន​ការស៊ើបអង្កេត​រក​ប្រភព​វីរុស​កូរ៉ូ​ណា​នេះ​បាន​នាំ​អោយ​ចិន​ប៉េកាំង​ខឹង និង​នាំអោយ​ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​ទាំង​ពីរ​រង​សម្ពាធ​ខ្លាំង​។​

​មន្ត្រីជាន់ខ្ពស់​អូស្ត្រាលី​បាន​អះអាង​ថា ការ​ដែល​មហាសន្និបាត​របស់​អង្គការ​សុខភាព​ពិភពលោក​អនុម័ត​សំណើ​ស៊ើបអង្កេត​អំពី​កូរ៉ូណា​វីរុស បង្ហាញថា​គោលជំហរ​របស់​រដ្ឋាភិបាល​អូស្ត្រាលី​ពិតជា​ត្រឹមត្រូវ ​តែ​ស្ថានទូត​ចិន​ប្រចាំ​អូស្ត្រាលី​នៅ​ថ្ងៃ​អង្គារ​ទី​១៩​ឧសភា​នេះ​បាន​តប​វិញ​ថា វា​ជា​«​ការនិយាយ​កំប្លែង​»​មួយ​។​

​ចិន​បាន​គាំទ្រ​ការស៊ើបអង្កេត តែ​សេចក្តីសំរេចចិត្ត​របស់​មហាសន្និបាត​របស់​អង្គការ​សុខភាព​ពិភពលោក​(WHA)​អំពាវនាវ​អោយ​មាន​ការ​វាយ​តំលៃ​ពិស្តារ ឯករាជ្យ​មិន​លម្អៀ​តមួយ​អំពី​ចម្លើយ​តប​ចំពោះ​​ជំងឺឆ្លង​សកល​នេះ​។​

​អ្នកនាំពាក្យ​ស្ថានទូត​បាន​និយាយថា «​ពង្រាង​សេចក្តីសំរេចចិត្ត​របស់​WHA​ស្តី​ពី​កូ​វីដ​១៩ ផ្សេង​ទាំងស្រុង​ពី​សំណើ​របស់​អូស្ត្រាលី ដែល​សុំអោយ​មាន​ការពិនិត្យ​សើរើ​មើល​ឡើងវិញ​ដោយ​ឯករាជ្យ​មួយ​។​ការ​​អះអាងថា សេចក្តី​សរេច​ចិត្ត​របស់​WHA​បង្ហាញ​ថា​ជំហរ​របស់​អូស្ត្រាលី ត្រឹមត្រូវ វា​គ្មានអ្វី​ក្រៅតែពី​”​រឿង​កំប្លែង​”​មួយ​ឡើយ​»​។​

​តាមពិត​ចិន​ខឹង​នឹង​អូស្ត្រាលី​យូរ​គួរសម​មកហើយ ដោយ​បាន​ចោទប្រកាន់​មន្ត្រី​អូស្ត្រាលី​ថា ស្រែក​តាម​ពួក​មេដឹកនាំ​នៅ​ក្រុង​វ៉ាស៊ីនតោន​ដែលថា ចិន​ជា​ប្រភព​បង្ក​ជំងឺឆ្លង​បច្ចុប្បន្ន​និង​ទាមទារ​អោយមាន​​ការស៊ើបអង្កេត​ឯករាជ្យ​មួយ​នោះ​។​មន្ត្រី​ចិន​ថែមទាំង​បាន​លើកឡើង​បែប​គំរាមថា ជំហរ​របស់​អូស្ត្រាលី​នឹង​នាំអោយ​ប្រជាជន​ចិន​គិត​ឡើង​វិញ​អំពី​ការប្រើ​ទំនិញ សាលារៀន​អូស្ត្រាលី និង​ដំណើរ​ទេសចរណ៍​​នៅ​ទីនោះ​។​

​ដូច​ការព្រមាន​មែន ចិន​នៅ​ថ្ងៃ​១៩​ឧសភា បាន​យក​ពន្ធ​លើ​ស្រូវ​សាឡី​អូស្ត្រាលី​ប្រមាណ​៨០​ភាគរយ នៅ​ពេល​តែ​១​សប្តាហ៍​គត់​ក្រោយ​ចិន​ហាមឃាត់​ការនាំ​ចូល​សាច់គោ​ពី​ទីសត្តឃាត​ធំៗ​ចំនួន​៤​របស់​អូស្ត្រាលី​។​​ទោះជា​យ៉ាងណា ក្រសួង​ពាណិជ្ជកម្ម​ចិន​អះអាងថា ចំណាត់ការ​របស់​ខ្លួន​ស្របតាម​ច្បាប់​ពាក់ព័ន្ធ​នឹង​ច្បាប់​របស់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​។​

​ករណី​ពន្ធ​លើ​ស្រូវ​សាឡី នាំ​អោយ​អូស្ត្រាលី​ខាតបង់​ប្រមាណ​៥០០​លាន​ដុល្លារ​ក្នុង​មួយឆ្នាំ​។​

​ការដែល​នាយករដ្ឋមន្ត្រី​អូស្ត្រាលី​សុខចិត្ត​លះបង់​សេដ្ឋកិច្ច​ដើម្បី​ធ្វើ​យ៉ាងណា​មាន​ការស៊ើបអង្កេត​ឯករាជ្យ​មួយ​អំពី​វីរុស​កូរ៉ូណា នាំ​អោយ​ពួក​ក្រុមប្រឆាំង​ក្នុងស្រុក​គិតថា​លោក​ស្កត់ ម័រ​រី​សុនកំពុង​ប្រើប្រាស់​​យុទ្ធនា​ការស៊ើបអង្កេត​នេះ​ដើម្បី​បង្វែរ​ការចាប់អារម្មណ៍​ពី​បរាជ័យ​ក្នុងស្រុក​របស់​លោក​តាំង​ពី​ដំណោះស្រាយ​ភ្លើងព្រៃ​ដ៏​ហិនហោច​ជា​ប្រវត្តិសាស្ត្រ និង​កូវី​ដ​១៩​នៅ​ដំណាក់កាល​ដំបូង ហើយ​សម​តាម​បំណង​​មែន​អត្រា​គាំទ្រ​លោម័រ​រី​សុន​បានកើនឡើង​ចាប់តាំ​ង​ពី​លោក​ប្រកាស​គំនិត​ស៊ើបអង្កេត​នេះ​។​

​ពង្រាង​សេចក្តីសំរេចចិត្ត​មិន​បាន​និយាយ​អំពី​ចិន​ទេ តែ​អាម៉េរិក​ពី​ដំបូង​បាន​ជំរុញ​អោយ​បញ្ជូល​ពាក្យសម្តី​ខ្លាំងៗ ដូចជា​ដាក់​ពាក្យ​ក្រុង​វូ​ហាន និង​ស្នើសុំ​អោយ​ស៊ើបអង្កេត​រក​ស្នូល​នៃ​ជំងឺ​នេះ​៕​ដោយ​៖​វាសនា​