អាជ្ញាធរក្រុងចាប់រថយន្តដឹកថ្ម ខ្សាច់៣គ្រឿងដែលបើកបរបំពាន ផ្លូវហាមឃាត់

171
ចែករម្លែក

ដោយ:វណ្ណៈ/ព្រះសីហនុ ៖ អាជ្ញាធររដ្ឋបាលក្រុងព្រះសីហនុ បានឃាត់ចាប់រថយន្តធំ(ដឹកដី,ដឹកខ្សាច់) ចំនួន៣គ្រឿង យកទៅរក្សាទុកនៅសាលាក្រុង កាលពីរសៀលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០នេះ ដោយចោទថាបើកបរបំពានបំរាមលើផ្លូវហាមឃាត់ប្រឈមគ្រោះថ្នាក់ចរាចរណ៍។

មន្ត្រីសាលាក្រុងព្រះសីហនុ បានឲ្យដឹងថា អ្នកបើកបរ រថយន្តធំៗទាំងនោះមិនគោរពតាមសេចក្តីជូនដំណឹង និងការណែនាំរបស់រដ្ឋបាលក្រុង-ខេត្ត នៅតែបន្តបើកបរឡើង ចុះតាមផ្លូវបេតុង (ឧកញ៉ាគុយណាត) ពីស្ថានីយ៍ប្រេងតូតាល់ឃ្លាំងលើមកសង្កាត់ លេខ ៤) ដែលអាជ្ញាធរហាមឃាត់មិនអោយរថយន្តធំបើកបរឆ្លងកាត់ ដោយសារតែជាផ្លូវចំណោតកើតមានគ្រោះថ្នាក់រថយន្តធំដាច់ហ្វ្រាំង បង្កគ្រោះថ្នាក់ជាបន្តបន្ទាប់កន្លងមក។

បើតាមមន្ត្រីសាលាក្រុងបានបញ្ជាក់ប្រាប់ថា រថយន្តធំដែលអាចឆ្លងកាត់ផ្លូវនេះបាន លើកលែងតែមានការអនុញ្ញាតក្នុងករណីពិសេស ដូចជារថយន្តដឹកសំរាមឬដឹកសម្ភារៈសំណង់ជាដើមដែលចេញ ចូលជិតៗ ដើមផ្លូវ ដោយមិនអនុញ្ញាតអោយបើកបរឆ្លងកាត់ផ្លូវចំណោតនេះទាំងស្រុងឡើយ។

រថយន្តធំៗទាំង០៣គ្រឿងកំពុងស្ថិតនៅកណ្តាប់រដ្ឋបាល ក្រុងព្រះសីហនុនៅឡើយ ដោយរង់ចាំការសម្រេចរបស់អាជ្ញាធរ៕/B

ទីតាំងផ្សាយពាណិជ្ជកម្ម