សម្តេចពិជ័យ ៖ ស្តូបនយោបាយឈ្នះឈ្នះនៅកោះកុង ជាខ្ទប់ចំណាយដែល​មកពីមូលនិធិ

183
ចែករម្លែក

ដោយ:សុផានីតា/កោះកុង ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានអះអាងថា រាល់ខ្ទប់ចំណាយថវិកាទៅលើការងារសាងសង់ស្តូបនយោបាយឈ្នះឈ្នះនៅខេត្តកោះកុង គឺមិនជាប់ពាក់ព័ន្ធថវិការដ្ឋនោះទេ ពោលគឺបានមកពីស្មោះចិត្ត និងមូលនិធិគ្រៀងគររបស់សប្បុរសជន។

គម្រោងអនុវត្តស្ថាបនាស្តូបអនុស្សាវរីយ៍នយោបាយឈ្នះឈ្នះនៅខេត្តកោះកុង ដាច់ខាតមិនឱ្យជាប់ពាក់ព័ន្ធនឹងថវិការដ្ឋនោះទេទៅការណែនាំរបស់សម្តេចតេជោ ដោយគណៈកម្មករត្រូវធានាបានថា ប្រភពថវិកាទាំងនោះបានមកពីប្រភពស្មោះចិត្ត និងមូលនិធិ​គៀងគរស្វែងរកពីសប្បុរសជននានា។ ពិសេសអ្នកដែលមានដើមកំណើតរស់នៅនៅក្នុងខេត្តកោះកុងតែម្តង។

សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ គួរបញ្ជាក់​ក្នុងពិធីប្រកាសសមាសភាពអនុគណៈកម្មការសាងសង់ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះឈ្នះកាលពីថ្ងៃព្រឹកថ្ងៃទី១៨ ខែឧសភា ថា ទោះបីជាទំហំនៃគម្រោងស្ថាបនាធំកម្រិតណាក៏ដោយ ចាំបាច់អនុវត្តឱ្យបានជោគជ័យ និងប្រាកដប្រជាច្បាស់លាស់ត្រឹមត្រូវ ពុំអាច​លូកឡំជាមួយថវិកាបានឡើយ។

បន្ថែមលើយន្តការបង្កើតអនុគណៈកម្មការសាងសង់ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះឈ្នះនៅខេត្តកោះកុងរួចមក សម្តេចពិជ័យសេនា ទៀ បាញ់ ក៏ជំរុញឱ្យសមាជិកអនុគណកម្មករ មានឆន្ទះរួមគ្នាសម្របសម្រួលអនុវត្តការងារទៅតាមផែនប្រកបដោយទំនួលខុសត្រូវ តាមរយៈត្រៀមខ្លួនរៀបចំអនុវត្តដំណើរការឡើង។

សម្តេចពិជ័យសេនា រដ្ឋមន្រ្តីក្រសួងការពារជាតិ បានឱ្យដឹងដែរថា គម្រោងសាងសង់ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះឈ្នះ និងតឹកតាងនៃដំណើរជីវិតរបស់ឥស្សរជនសំខាន់ៗដែលបានលះបង់តស៊ូរំដោះជាតិ អំឡុងសម័យសង្រ្គាមក្នុងភូមិសាស្រ្តខេត្តកោះកុង នឹងផ្តើម​បុកគ្រឹះស្ថាបនាជំហានដំបូងនៅថ្ងៃទី៣០ ខែឧសភា ខាងមុខនេះ។ ក្រៅពីការសង់ស្តូប ក៏មានដែលគឺសារមន្ទីរវប្បធម៌សាសនា និងរមណីយដ្ឋានទេសចរណ៍ ដែលនឹងលេចជារូបរាង នៅទល់មុខអាស្រមលោកយាយម៉ៅ តាមបណ្តោយផ្លូវជាតិលេខ៤៨ ស្ថិតនៅភូមិបឹងឃុងឆាង សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ។

តាមគំរូប្លង់គោល ទីតាំងស្តូបអនុស្សាវរីយ៍នយោបាយឈ្នះឈ្នះនេះ មានឃឿនសរុបទទឹង៦៦ម៉ែត្រ បួនជ្រុង និងកម្ពស់៤៣ម៉ែត្រ ដើម្បីរម្លឹកនឹកគុណដល់វីរៈបុរសជំនាន់មុនៗដែលបានបូជាជីវិតបុព្វេហេតុរំដោះជាតិពីភ្លើងសង្រ្គាម ដោយនាំមកសុខសន្តិភាព និងអភិវឌ្ឍន៍រីកចម្រើនមកទល់ពេលបច្ចុប្បន្ន។

ដើម្បីផ្តល់ភាពងាយស្រួល គណៈកម្មការសាងសង់ នឹងរៀបចំទីធ្លារចំណតរថយន្តដ៏ធំមួយ ដោយនឹងទទួលមនុស្សរាប់ម៉ឺននាក់អំឡុងពេលមានពិធីបុណ្យទាន ឬមកលេងកម្សាន្តម្តងៗ។ ចំពោះផ្ទៃដីដែលតម្រូវការស្ថាបនាស្តូបអនុស្សាវរីយ៍នយោបាយឈ្នះឈ្នះ សារមន្ទីរវប្បធម៌ សាសនា និងរមណីយដ្ឋានទេសចរណ៍ គឺសរុបជាង២១៦ហិចតា។ ចំណែកឯខ្ទង់ចំណាយថវិកា និងពេលវេលាស្ថាបនា នៅមិនទាន់អាចកំណត់បានច្បាស់លាស់នៅឡើយទេ។

មុនដំបូងឡើង គម្រោងសង់ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះឈ្នះ គឺគ្រោងធ្វើនៅចំណុចអន្លង់វែងរវាងខេត្តកោះកុង និងខេត្តពោធិសាត់ ប៉ុន្តែដោយមើលទៅស្ថានភាពខុសទម្រង់បន្តិច ទើបក្រោយមកសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជណាចក្រកម្ពុជាចារកំណត់ទីតាំងថ្មីមកកាន់ក្រុងខេមរភូមិន្ទវិញ។ នៅពេលដែលស្តូបអនុស្សាវរីយ៍នយោបាយឈ្នះឈ្នះបញ្ចប់គម្រោងស្ថាបនារួចរាល់ បណ្តាខេត្តផ្សេងៗទៀតក៏នឹងមានស្តូបនេះដូចគ្នាដែរ។

លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង បានបង្ហាញក្តីរំពឹងថា នៅពេលដែលខេត្តរបស់លោកស្រីមានហេដ្ឋារចនាសម្ព័ន្ធថ្មីកកើតជាបន្តបន្ទាប់ ច្បាស់លាស់ថា នឹងមានភាពរីកចម្រើនអភិវឌ្ឍន៍ទាំងវិស័យទេសចរ សេដ្ឋកិច្ច និងអភិរក្សកេរ្តិ៍ដំណែរប្រវត្ថិពីឥស្សរជនជំនាន់បានពុះពារតស៊ូរំដោះជាតិមាតុភូមិយើងនាំមកនូវសន្តិភាព សុខុដុមរមនា និងអភិវឌ្ឍន៍ឥតឈប់ឈរមកដល់សព្វថ្ងៃនេះ៕/B

ទីតាំងផ្សាយពាណិជ្ជកម្ម