រស់ ស៊ីថា​ត និង កែ ពក​

305
ចែករម្លែក
រស់ ស៊ីថា​ត និង ញ៉ែម នឿន បន្ទាប់ពី​រៀបការ​នៅ​ខេត្តកំពង់ចាម​។
(​បណ្ណសារ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​)

ដោយៈ​សោម ប៊ុនថន /​ភ្នំពេញៈ​ខ្ញុំ​បាន​រៀបការ​ជាមួយ​ប្តី​ឈ្មោះ ញ៉ែម នឿន នៅ​ឆ្នាំ​១៩៦១​។ កាលនោះ​ប្តី​ខ្ញុំ​ធ្វើជា​គ្រូបង្រៀន​។ គាត់​បាន​ប្រលង​ជាប់​បាក់​ឌុប​។ ប្តី​របស់ខ្ញុំ​បានចេញ​ទៅ​ចេញ​បង្រៀន​ជាច្រើន​កន្លែង​។ ក្រោយមក ប្តី​របស់ខ្ញុំ​បាន​ចូល​បម្រើ​បដិវត្តន៍​ខ្មែរក្រហម និង​បាន​ទៅ​បង្រៀន​ខាង​នយោបាយ​ដល់​មនុស្ស​ចាស់ៗ​នៅ​ម្តុំ​ភ្នំ​គូលែន និង​ព្រះ​ដាក់ ក្នុងស្រុក​ស្វាយ​លើ ខេត្តសៀមរាប នៅ​អំឡុង​ឆ្នាំ​១៩៧០​។​
កាលនោះ​ខ្ញុំ និង​កូន​បីនាក់ បានរស់នៅ​ជាមួយ​ប្តី​របស់ខ្ញុំ​។ មាន​យន្ត​ទម្លាក់​គ្រាប់បែក​សន្ធឹកសន្ធាប់​នៅ​ម្តុំ​ប្រដាក ប៉ុន្តែ​មិន​បណ្តាល​ឲ្យ​បាត់បង់​ជីវិត​មនុស្ស ហើយក៏​មិន​ត្រូវចំ​ប្រាសាទ​បូរាណ​ដែរ​។ កាលនោះ កែ ពក គឺជា​អភិបាល (​គណៈ​) ខេត្តសៀមរាប បានមក​លេង​ផ្ទះ​របស់ខ្ញុំ​ដែល​សង់​អំពី​ឈើ និង​ប្រក់​ក្បឿង​ពីរ​ខ្នង​នៅ​ប្រដាក ព្រោះ កែ ពក បាន​ស្គាល់​ប្តី​របស់ខ្ញុំ​នៅពេល​គាត់​ចូល​បម្រើ​ខ្មែរក្រហម​។ កែ ពក បាន​ដើរ​ដោយ​ថ្មើ​ជើង​នៅពេល​មកលេង​ផ្ទះ​ខ្ញុំ និង​មាន​កងការពារ​២​ទៅ​៣​នាក់​ដែលមាន​អាវុធ​នៅជាប់​នឹង​ខ្លួន​មកជា​មួយ​។ កែ ពក និង​កងការពារ​រប​ស់​គាត់​ស្លៀកពាក់​ខោអាវ​ពណ៌​ខ្មៅ​ដូចគ្នា​។ កែ ពក ជា​មនុស្ស​រួសរាយ ប៉ុន្តែ​ម៉ឺងម៉ាត់​។ ពេល​នីរសារ​របស់គាត់​មក​យឺត គាត់​បាន​គំហក និង​សំឡុត​នីរសារ​ទាំងនោះ​។ ខ្ញុំ​មិន​ហ៊ាន​នៅ​ជិត និង​សម្លឹងមុខ កែ ពក ចំ​ទេ ព្រោះ​ខ្ញុំ​ខ្លាច​គាត់ និង​គិតថា​គាត់​គឺជា​អ្នកធំ​។​


​ខ្ញុំ​បាន​ស្ងោរ និង អាំង ត្រី​ឆ្តោ និង​ត្រី​រ៉ស់​ធំៗ ដែល​ខាង​នេសាទ​យកមក​ឲ្យ​ដើម្បី​ទទួល កែ ពក​។ ក្រោយមក កែ ពក បានមក​លេង​ផ្ទះ​របស់ខ្ញុំ​ជា​ញឹកញាប់ គឺ​២​ទៅ​៣​ថ្ងៃ គាត់​បានមក​លេង​ផ្ទះ​ខ្ញុំ​ម្តង និង​បាន​សួរនាំ​ខ្ញុំ​អំពី​បងប្អូន​បង្កើត​។ ខ្ញុំ​បាន​ប្រាប់​គាត់​ថា ខ្ញុំ​មិនមាន​បងប្អូន​ទេ គឺ​ម្តាយ​ខ្ញុំ​មានកូន​តែ​ខ្ញុំ​ម្នាក់​ប៉ុណ្ណោះ​។ កែ ពក ក៏បាន​ផ្តាំ​ខ្ញុំ​ឲ្យ​ឧស្សាហ៍​ទៅលេង​ម្តាយ​របស់ខ្ញុំ​ដែរ​។ គាត់​បានមក​លេង​ផ្ទះ​ខ្ញុំ​តែ​ពេលយប់​ប៉ុណ្ណោះ ហើយ​ពេល​ជួបគ្នា​ម្តងៗ កែ ពក តែង​ហៅ​ខ្ញុំ​ថា «​មិត្ត​ថា​ត ឬ គ្រួសារ​មិត្ត នឿន ឬ ខឿន​» ព្រោះ​ប្តី​ខ្ញុំ​បាន​ប្រើ​ឈ្មោះ​ទាំងពីរ​នេះ​។​


​ខ្ញុំ​បានធ្វើការ​នៅក្នុង​កង​កាត់ដេ​ខោអាវ​ឲ្យ​យោធា​ខ្មែរក្រហម ចំណែក​ប្តី​របស់ខ្ញុំ​គឺជា​គណៈ​ស្រុក​ស្វាយ​លើ​។ ខ្ញុំ​និង​មិត្ត​នារី​នៅក្នុង​កង​កាត់ដេរ​ជាមួយគ្នា ក៏បាន​ជិះ​ម៉ូតូ​ទៅលេង​ម្តាយ​របស់ខ្ញុំ នៅ​ភូមិ​គក​កណ្តាល ឃុំ​តុង​រ៉ុង ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម បាន​ម្តង​ដែរ​។ ខ្ញុំ​បានធ្វើ​ឆៃប៉ូវ​បាន​១០​គីឡូ​យកទៅ​សៀមរាប​វិញ​។ កែ ពក ចូលចិត្ត​ហូប​ឆៃប៉ូវ​។
​នៅពេលនោះ យោធា និង​ប្រជាជនមាន​ការខ្វះខាត​ខោអាវ​ស្លៀកពាក់ ឃើញ​ដូច្នេះ​ខ្ញុំ​ក៏បាន​ស្នើសុំ​ទៅ កែ ពក​។ កែ ពក ក៏បាន​ឲ្យ​ក្រណាត់​១០​កី​មក​ខ្ញុំ ដើម្បី​កាត់​ខោអាវ​ចែក​ឲ្យ​អ្នក​ទាំងនោះ​។


​ពេល​ខ្ញុំ​ពរ​ពោះ​កូន​ទី​៤ អង្គការ​បានមក​យកប្តី​ខ្ញុំ​ទៅ​។ ខ្ញុំ​បាន​ទៅតាម​ប្តី​របស់ខ្ញុំ​នៅ​សាលាស្រុក ប៉ុន្តែ​យោធា​ខ្មែរក្រហម​ដែល​ធ្លាប់​ស្គាល់​ខ្ញុំ​បាន​ឃាត់​ខ្ញុំ​មិន​ឲ្យ​ទៅ ដោយ​និយាយថា «​បង​កុំ​ចូលទៅ​!»​។ ប្តី​របស់ខ្ញុំ​បាន​តេ​អូ​មក​ផ្តាំ​ខ្ញុំ​ថា «​ប្រសិនបើ​ឪពុកក្មេក​របស់ខ្ញុំ​ដែល​រស់នៅ​ជាមួយ​ខ្ញុំ​ចង់​វិល​ទៅ​ស្រុក​វិញ​សូម​ឲ្យ​គាត់​ចុះ​»​។ ប្តី​របស់ខ្ញុំ​ក៏​មិនបាន​និយាយ​អ្វី​ទៀត​ដែរ​។ បន្ទាប់មក អង្គការ​បានមក​យក​ខ្ញុំ​ទៅទៀត​ដោយ​ប្រាប់ថា យកទៅ​លត់​ដំ ប៉ុន្តែ​តាមពិត​យក​ខ្ញុំ​ទៅ​សួរចម្លើយ និង​ឃុំ​នៅក្នុង​ផ្ទះ​ហោណាំង​មួយ​ខ្នង នៅ​ប្រដាក​ក្នុងស្រុក​ស្វាយ​លើ​។ កូនប្រុស​ទី​៣​របស់ខ្ញុំ​ម្នាក់​ក៏​ទៅជា​មួយ​ខ្ញុំ​ដែរ លើកលែងតែ​កូនប្រុស​ច្បង​នៅ​ជាមួយ​ម្តាយ​របស់ខ្ញុំ​នៅ​ខេត្តកំពង់ចាម និង​កូនប្រុស​ទី​២​នៅ​ជាមួយ​ឪពុកក្មេក​របស់ខ្ញុំ​នៅក្នុង​កង​សិប្បកម្ម​ធ្វើ​រទេះ នៅ​ស្រុក​ស្វាយ​លើ​។ ឆ្មាំ​គុក​បាន​សួរចម្លើយ​ខ្ញុំ និង​បាន​ចោទ​ខ្ញុំ​ថា គឺជា​អនុ​ធន មិនចេះ​ធ្វើស្រែ និង​មាន​អ្នកបម្រើ​។ ឆ្នាំ​គុក​បាន​សម្លុត និង​យក​ដំបង​បម្រុង​វាយ​ខ្ញុំ ប៉ុន្តែ​ខ្ញុំ​បាន​ចង្អុល និង​ស្តី​ឲ្យ​ឆ្មាំ​គុក​វិញ​ថា «​មិត្តឯង​គិត​មើល​! ប្រ​បើសិន​ធ្វើ​បដិវត្តន៍​ក្បត់​អីចឹង មិត្តឯង​ហ៊ាន​មក​ធ្វើ​ទេ ចោល​ម៉ែ​ចោល​ឪ​!»​។ ចំណែក​កូន​របស់ខ្ញុំ​ភ័យ​រហូត​លេច​អាចម៍ ក្រោយមក​ទើប​ឆ្មាំ​គុក​នោះ​ឈប់​សួរ​។ នៅ​ព្រឹក​ថ្ងៃ​បន្ទាប់ ខ្មែរក្រហម​បាន​បររទេះ​មក​ដឹក​ខ្ញុំ​យកទៅដាក់​នៅក្នុង​ស្រុក​ជីក្រែង​វិញ​។ នៅ​ទីនោះ​ខ្មែរក្រហម​បាន​បញ្ជា​ឲ្យ​ខ្ញុំ​ជីកដី​ធ្វើ​បង្គន់​។ ដី​រឹង​ខ្លាំងណាស់ ព្រោះ​នៅក្នុង​ខែមេសា (​រដូវប្រាំង​)​។ ខ្ញុំ​កាប់​មួយ​ចប​បាន​ជម្រៅ​មួយ​ថ្នាំងដៃ​តែប៉ុណ្ណោះ​។ ខ្ញុំ​ហូប​តែ​បបរ​ដែលមាន​សុទ្ធតែ​ដី​នៅក្រោម​បាត​ចាន​នៅពេល​ជិត​សម្រាលកូន​។ ថ្ងៃមួយ កែ ពក បាន​ទៅដល់​កន្លែង​ឃុំឃាំង​របស់ខ្ញុំ​។ ពេល​កូន​ខ្ញុំ​ឃើញ កែ ពក ក៏​ស្រែកប្រាប់​ខ្ញុំ​ថា «​ម៉ែៗ​! នោះ​អ៊ំ​មក​»​។ កូន​របស់ខ្ញុំ​បាន​ស្គាល់ និង​ចំណាំ កែ ពក ព្រោះ កែ ពក បាន​ពរវា​តាំងពី​នៅ​តូចៗ​។ កែ ពក ក្រឡេកឃើញ​ខ្ញុំ​ភ្លាម គាត់​ក៏​យំ ហើយ​ខ្ញុំ​ក៏​យំ​ដែរ​។ កែ ពក បាន​សួរ​ខ្ញុំ​ថា ពី​ណា​យក​ឯង​មក​? ខ្ញុំ​ក៏​ឆ្លើយថា «​បើ​បង​មិន​បញ្ជា​មក គេ​មិន​យក​ខ្ញុំ​មក​ទេ ខ្ញុំ​គ្រប់​ខែ​ហើយ​»​។ កែ ពក តប​មក​ខ្ញុំ​វិញ​ថា «​គាត់​មិនបាន​បញ្ជា​ទេ គាត់​សុំ​ស្បថ​»​។ ខ្ញុំ​បាន​សួរ​គាត់​បន្តថា ប្តី​របស់ខ្ញុំ មិត្ត​នឿន ស្លាប់ ឬ រស់​? សូម​បង​ប្រាប់​ខ្ញុំ​ឲ្យ​ត្រង់​មក​? កែ ពក បាន​ប្រាប់​ខ្ញុំ​ថា អត់​ស្លាប់​ទេ គឺ​នៅ​ជាមួយ​គាត់ ហើយ​គាត់​ក៏​សួរ​ខ្ញុំ​វិញ​ថា តើ​មាន​ខោអាវ​ទេ​? ខ្ញុំ​ឆ្លើយថា ខ្ញុំ​អត់​មាន​ទេ ខ្ញុំ​មាន​មួយ​កំ​ប្លេ​តែប៉ុណ្ណោះ​។ កែ ពក បាន​បញ្ជា​ឲ្យ​កូនចៅ​របស់គាត់​យក​ខោអាវ​៤​កំ​ប្លេ មុង ភួយ អង្ករ និង​ត្រីងៀត​មក​ឲ្យ​ខ្ញុំ ហើយ​នៅ​ថ្ងៃ​បន្ទាប់​ខ្ញុំ​ក៏​កើត​បានកូន​ស្រី​ទី​៤​។ បន្ទាប់មក កែ ពក បាន​ឲ្យ​ថ្នាំលេប ថ្នាំ​កូនខ្ចី មក​ខ្ញុំ​ផឹក និង​បាន​ផ្តាំ​អ្នកជិតខាង​កុំ​ឲ្យ​ច្រណែន​ខ្ញុំ នៅពេល​ឃើញ​ខ្ញុំ​ដាំបាយហូប​។
​នៅពេល​កូនស្រី​របស់ខ្ញុំ​អាយុ​បាន​៧​ខែ កងទ័ព​វៀតណាម​ក៏​វាយ​ចូលមក​ដល់​ខេត្តសៀមរាប​ខ្ញុំ​ក៏​ទៅយក​កូន និង​ឪពុកក្មេក​របស់ខ្ញុំ​នៅ​ស្រុក​ស្វាយ​លើ​ត្រឡប់​ទៅ​ខេត្តកំពង់ចាម​វិញ​។
​ដំបូង​ខ្ញុំ​ខឹង កែ ពក ខ្លាំងណាស់​នៅពេល​យកប្តី​របស់ខ្ញុំ​ទៅ​។ ប៉ុន្តែ​នៅពេល​បាន​ជួប​គាត់​នៅ​ជីក្រែង ហើយ​គាត់​បាន​ស្បថ​ជាមួយ​ខ្ញុំ​ថា​មិនបាន​បញ្ជា​ឲ្យ​ចាប់​ប្តី​របស់ខ្ញុំ ទើប​ខ្ញុំ​រសាយកំហឹង​។ ចាប់តាំងពី​ពេលនោះ​មក​ខ្ញុំ​មិនដែល​បាន​ជួប កែ ពក ទៀត​ទេ​។ ខ្ញុំ​បានឮ​ដំណឹង​ពី​ជីដូនមួយ​របស់ខ្ញុំ​ដែល​រស់នៅ​អន្លង់វែង​ថា កែ ពក បាន​ស្លាប់​ហើយ​។ ខ្ញុំ​មិន​ខឹង​នឹង កែ ពក ទេ​ព្រោះ​ខ្ញុំ​កាន់សីល​ជាង​៣០​ឆ្នាំ​មកហើយ​។ ខ្ញុំ​តែង​តែង​ធ្វើបុណ្យ​ឧទ្ទិស​ឲ្យ​ប្តី​របស់ខ្ញុំ​៕សរន

កូន​របស់ រស់ ស៊ីថា​ត ឈ្មោះ ណា​ល់ សុធី និង​ម្តាយ​ឈ្មោះ យៀប នៅ​អំឡុង​ឆ្នាំ​១៩៧៣​។
(​បណ្ណសារ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​)
រស់ ស៊ីថា​ត និង ញ៉ែម នឿន បន្ទាប់ពី​រៀបការ​នៅ​ខេត្តកំពង់ចាម​។
(​បណ្ណសារ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​)

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ