ពលរដ្ឋខ្មែរឆ្លងដែនខុសច្បាប់ត្រូវទាហានថៃបាញ់បង្អើលរត់ចូលបន្លាលួស១៦នាក់

360
ចែករម្លែក
ពលរដ្ឋខ្មែរឆ្លងដែនខុសច្បាប់ត្រូវទាហានថៃបាញ់បង្អើលរត់ចូលបន្លាលួស(រូបសហការី)

ដោយៈមុនីរ័ត្ន/ភ្នំពេញៈប្រជាពលរដ្ឋខ្មែរចំនួន ១៦នាក់ ឆ្លងដែនចូលទឹកដីថៃ ត្រូវទាហានថៃបាញ់បង្អើលដោយភ័យខ្លាំងពេកពួកគាត់រត់ចូលបន្លាលួសដែលរាយតាមបណ្តោយព្រំដែនបណ្តាលឲ្យរងរបួស។ ករណីនេះ កើតនៅចំណុចដើមស្រល់ (ប៉ោយប៉ែត) ខេត្តបន្ទាយមានជ័យ កាលពីវេលាម៉ោងជាង ៥ ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០។

សេចក្តីរាយការណ៍បានឲ្យដឹងថា ប្រជាពលរដ្ឋខ្មែរទាំង ១៦នាក់ ត្រូវបានទាហានថៃចាប់បញ្ជូនមកឲ្យអាជ្ញាធរកម្ពុជា។ ចំពោះការផ្ទុះអាវុធនេះ គឺទាហានឈុតខ្មៅថៃបាញ់ឡើងលើ ។បន្ទាប់ពីលឺសំឡេងផ្ទុះពួកគាត់ភ័យក៏នាំគ្នារត់ទាក់នឹងបន្លាលួស។

ទាក់ទងករណីនេះ លោកអ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានអះអាងថា មិនមានករណីទាហានថៃបាញ់ប្រជាពលរដ្ឋខ្មែរនោះទេ។ ដោយមានប្រជាពលរដ្ឋខ្មែរលួចឆ្លងដែនចូលទៅទឹកដីថៃ ទាហានថៃបានបាញ់ឡើងលើ តែពួកគាត់ភ័យរត់ជាប់លួសបន្លា​​ សរុប១៦នាក់។

គួររំលឹកថា សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០ បាន​បញ្ជា​ឲ្យ​ស្រាវជ្រាវ​ស្វែងរក​និង​តាម​ចាប់ខ្លួន​មេខ្យល់​ដែល​ចលនា​អូសទាញ​ប្រជាពលរដ្ឋ​ខ្មែរ​ឱ្យ​ឆ្លងដែន​ខុសច្បាប់​ចូលទៅ​ប្រទេសជិតខាង​តាម​ច្រករបៀង​នានា និង​បញ្ជា​ឲ្យ​អភិបាលខេត្ត​ជាប់​ព្រំដែន​ជាមួយ​ប្រទេសជិតខាង​ទប់ស្កាត់​ប្រជាពលរដ្ឋ​ខ្មែរ​កុំ​ឲ្យ​ឆ្លងដែន​ដោយ​ខុសច្បាប់​ចូលទៅ​ប្រទេសជិតខាង​តាម​ច្រករបៀង​នានា​។

សម្តេច​ក្រឡាហោម ស ខេង បាន​ប្រាប់​ទៅ​អភិបាលខេត្ត​ជាប់​ព្រំដែន​ជាមួយ​ប្រទេសជិតខាង​តាម​លិខិតផ្លូវការ​កាលពី​ថ្ងៃទី​១៣ ខែឧសភា ថា នាពេល​ថ្មីៗ​នេះ មាន​ប្រជាពលរដ្ឋ​មួយចំនួន ត្រូវបាន​មេខ្យល់​នាំ​ឆ្លងដែន​ខុសច្បាប់​ចូលទៅក្នុង​ប្រទេសជិតខាង ខណៈពេលដែល​ប្រទេសជិតខាង​ទាំងនោះ​កំពុង​ដាក់​ប្រទេស​ក្នុង​គ្រាអាសន្ន​ដើម្បី​បង្ការ​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ ១៩​៕srn/Ha

ទីតាំងផ្សាយពាណិជ្ជកម្ម