បញ្ចប់​មិន​ឲ្យ​យប់​យូរ​សុបិន​ច្រើន​!

378
ចែករម្លែក

កាលពីដើម​ខែឧសភា​នេះ ព្រះសង្ឃ ឡុង ចន្ថា ត្រូវបាន​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ផ្សព្វផ្សាយ​រឿងអាស្រូវ​សំឡេង​ប្រើពាក្យ​លែបខាយជាមួយនារី​ម្នាក់​។

​ក្រោយ​រឿងអាស្រូវ​នេះ នៅ​ថ្ងៃទី​៤ ខែឧសភា ក៏មាន​កិច្ចប្រជុំ​ថ្នាក់ដឹកនាំ​ព្រះសង្ឃ​ក្នុង​ខេត្តតាកែវ និង​ព្រះសង្ឃ ឡុង ចន្ថា​។ កាលណោះ ភិក្ខុ ឡុង ចន្ថា ដែល​គង់នៅ​វត្តភ្នំ​បូរី ឃុំ​ព្រែក​ផ្ទោល ស្រុក​អង្គរ​បូរី ខេត្តតាកែវ បានធ្វើ​កិច្ចសន្យា​សរសេរ​ផ្ទាល់ដៃ និង​បាន​ផ្តិតមេដៃ​ថា​សំឡេង​បែកធ្លាយតាម​ហ្វេ​ស​ប៊ុ​ក ជាមួយនឹង​ស្ត្រី​ម្នាក់​នោះ នាំ​ឲ្យ​ប៉ះពាល់​ដល់​វិស័យ​ព្រះពុទ្ធសាសនា និង​សង្គមជាតិ តែបើ​គិត​ជា​ទោស​ក្នុង​ព្រះ​វិន័យ មិន​ដល់​ថ្នាក់​សឹក​ទេ​។

​ប៉ុន្តែ​ភិក្ខុ ឡុង ចន្ថា បាន​បញ្ជាក់ថា ដើម្បី​កុំ​ឲ្យ​ខូច​តម្លៃ​ព្រះពុទ្ធសាសនា ព្រះអង្គ សុំ​លាចាក​សិក្ខាបទ នៅ​ថ្ងៃទី​១៤ ខែឧសភា ឆ្នាំ​២០២០​។ ការ​លាចាក​សិក្ខាបទ​នេះ ធ្វើ​ដោយ​ស្ម័គ្រចិត្ត​មិនបាន​បង្ខិតបង្ខំ អ្វី​ទាំងអស់​។​

​យ៉ាងណាក៏ដោយ មកដល់​ថ្ងៃទី​១៤​ឧសភា ព្រះសង្ឃ ឡុង ចន្ថា បាន​សរសេរ​លិខិត ផ្តិត​ដៃ​មួយទៀត ប្រកាសថា ព្រះអង្គ មិន​ព្រម​សឹក​ទេ ដោយ​និស្ស័យ​ព្រះ​ផ្នួស​របស់​ព្រះអង្គ​មិនទាន់​អស់និស្ស័យ​នៅឡើយ​។ តែ​ព្រះអង្គ ទទួលកំហុស និង​សន្យាថា នឹង​ប្រព្រឹត្ត​ឲ្យ​បានល្អ​តាម​ព្រះ​វិន័យ​ឲ្យបានល្អ​ប្រសើរ​ឡើងវិញ​។​

​ប៉ុន្តែ​គណៈសង្ឃ​នាយក ចាត់ទុកថា ភិក្ខុ ឡុង ចន្ថា ជា បុគ្គល​រឹង​រូស មិន​លុះ​ក្នុង​ធម៌​វិន័យ និង​ការ អប់រំ ជា​អ្នក​ប្រទូស្ត​​រ៉ា​យ​សាសនា ជា​អ្នក​មិន​ចម្រើន​ដល់​សាសនា និង​ជា​អ្នក​ទម្លុះរដ្ឋបាលសង្ឃ ពុំ​អាច​ឲ្យ​ស្ថិតនៅក្នុង​ភេទ​ជា​បព្វជិត ក្នុង​ព្រះពុទ្ធសាសនា បន្តទៀត​បានឡើយ​។​

​សម្តេចព្រះ​សង្ឃនាយក ន​ន្ទ ង៉ែត តាមរយៈ​ព្រះលិខិត​ប្រគេន​ព្រះ​មេគណ​ទាំង ២៥ រាជធានី​-​ខេត្ត ឲ្យ​សហការ​ជាមួយ​សមត្ថកិច្ច​ពាក់ព័ន្ធ ចាប់​ផ្សឹក​ភិក្ខុ ឡុង ចន្ថា ក្រោយ​ព្រះសង្ឃ​អង្គ​នេះ​បាន​បំពានកិច្ចសន្យា​របស់ខ្លួន​។​

​សម្តេចព្រះ​សង្ឃនាយក ន​ន្ទ ង៉ែត បានបញ្ជាក់​ក្នុង​ព្រះលិខិត ចុះ​ថ្ងៃទី​១៨​ខែឧសភា ឆ្នាំ​២០២០ ដោយសូម​ព្រះ​មេគណ​គ្រប់​រាជធានី​ខេត្ត ទូទាំងប្រទេស កុំ​ផ្តល់​អាវាស ដល់​បុគ្គល​រូបនេះ ឲ្យ​ស្នាក់​បន្ត ក្នុង​សាសនា​នេះ​តទៅទៀត​។ ផ្ទុយទៅវិញ បើ​ឃើញ​បុគ្គល​រូបនេះ ក្នុង​ដែន​សមត្ថកិច្ច​របស់ខ្លួន ត្រូវ​សហការ​ជាមួយ​អាជ្ញាធរ មាន​សមត្ថកិច្ច​ពាក់ព័ន្ធ ចាត់វិធានការ ឲ្យ​លាចាក​សិក្ខាបទ​តាម​កិច្ចសន្យា​របស់ខ្លួន ដែល​បានធ្វើ​ជាមួយ​សាលា​គណ​ខេត្តតាកែវ​។​

​ជាការ​ពិត​ក្នុង​ទំនៀមទម្លាប់​ខ្មែរ​យើង ដែល​គោរព​ព្រះពុទ្ធសាសនា គឺ​បើកាលណា​ក្លាយជា ព្រះសង្ឃ​ហើយ មិនអាច​ទៅ​ទំនាក់ទំនង​ស្ត្រី​ក្នុងន័យ​ស្នេហា​បានទេ​។ ករណីនេះ ព្រះសង្ឃ ឡុង ចន្ថា ក៏​ទទួលស្គាល់​ហើយ​ថា ទង្វើ​របស់​ព្រះអង្គ នាំ​ឲ្យ​ប៉ះពាល់​ដល់​វិស័យ​ព្រះពុទ្ធសាសនា និង​សង្គមជាតិ​។ ដូច្នេះហើយ បានជា​ព្រះអង្គ បាន​សរសេរ​ក្នុង​កិច្ច​សន្យាថា ដើម្បី​កុំ​ឲ្យ​ខូច​តម្លៃព្រះពុទ្ធសាសនា ព្រះអង្គ​សុំ​លាចាក​សិក្ខាបទ ដោយ​ស្ម័គ្រចិត្ត មិនបាន​បង្ខិតបង្ខំ​អ្វី​ទាំងអស់ នៅ​ថ្ងៃទី​១៤ ខែឧសភា ឆ្នាំ​២០២០​។

​បើ​គិត​តាម​ធម៌​វិន័យ​គឺ​គ្រាន់តែ​អ្នក​កាន់​នូវ​សីលប្រាំ​ដែល​មិនអាច​និយាយ​ភូតភរ​កុហក​សោះ នោះឡើយ​។ ចុះ​ទម្រាំ​ជា​បព្វ​ជិត អ្នកបួស ជា​ព្រះសង្ឃ ដែល​កាន់​ដល់​សីល ១០ ហើយ​នៅមានធម៌​វិន័យ​ច្រើន​ទៀត​ដែល​ត្រូវ​ប្រតិបត្តិ​នោះ ក៏​កាន់តែ​រឹងរឹត​ម៉ឺងម៉ាត់​ថែមទៀត​។​

​គេ​អាច​ចាំបាន​ថា​កាលពី​ឆ្នាំទៅ​មិញ​មាន​ករណី​សង្ឃ​នៅ​ខេត្តបន្ទាយមានជ័យ​ឆាន់​ពោត​ជាមួយ​នារី​ក្មេង​ម្នាក់​ហើយ​បែកធ្លាយ​តាម​បណ្តាញ​សង្គម​។​បន្ទាប់មក​សង្ឃ​អង្គ​នោះ​ក៏​ត្រូវបាន​ផ្សឹក​។​

​ខាងលើនេះ​គឺ​គ្រាន់តែ​ជា​ឧទាហរណ៍​មួយ​ក្នុងចំណោម​ករណី​ច្រើន​គួរសម​ដែល​ធ្លាប់បាន​កើតឡើង​នៅ​កម្ពុជា​។​គ្រាន់តែ​ករណីខ្លះ​មិន​ល្បី​ខ្ចរ​ខ្ចាយ​ដូច​ករណី​ព្រះ​ភិក្ខុ ឡុង ចន្ថា​។​ព្រះ​ភិក្ខុ ឡុង ចន្ថា ត្រូវបាន​គេ​មនុស្ស​ជាច្រើន​បាន​ស្គាល់​និង​ស្តា​ល់​ការសម្តែង​ធម្មទេសនា​របស់​ព្រះអង្គ​នៅក្នុង​បណ្តាញ​ទំនាក់ទំនង​សង្គម​យូ​ធូប​។​ព្រះអង្គ​មាន​ប្រជាប្រិយភាព​គួរសម​។​មាន​ទាំង​អ្នក​ស្រឡាញ់​និង​អ្នក​មិន​គាំទ្រ​។​ដូចនេះ​ក្នុងករណី​របស់​ព្រះអង្គ​ក៏មាន​ការជជែក​គ្នា​ក្នុងចំណោម​អ្នកប្រើប្រាស់​បណ្តាញ​សង្គម​យ៉ាង​វី​វក់​។​ក្នុងនោះ​មាន​ទាំង​មនុស្ស​ធម្មតា​និង​ភេទ​ជា​បព្វជិត​ផង​។​

​ការសម្រេច​យ៉ាងណា​នោះ ​ព្រះលិខិត​របស់​សម្តេច​ស​ង្ឃ​នាយក ន​ន្ទ ង៉ែត គឺអាច​និយាយបានថា ”​ចប់សព្វគ្រប់​ហើយ​” ។​ព្រះអង្គ​បានបញ្ចប់​ភាពយប់​យូរ​សុបិន​ច្រើន​ក្នុងករណីនេះ​៕ ដោយ​:​ម៉េង​ឆៃ/Ha

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ