សុនខ​បង្កើតកូន​ដំបូង​បាន​មួយ​សម្បុក​ធំ​ស្ទើរ​មិនគួរ​ឱ្យ​ជឿ​

202
ចែករម្លែក

សុនខ​(​ឆ្កែ​)​ញី​មួយ​ក្បាល​ឈ្មោះ ណេ​ល​លី (Nellie) ដែល​មកពី​តំបន់​ព្រី​ស្តុ​ន (Preston) រដ្ឋ​វ៉េ​ស វើ​ជី​នៀ (West Virginia) សហរដ្ឋ​អាម៉េរិក បាន​បង្ក​ការភ្ញាក់ផ្អើល​យ៉ាងខ្លាំង បន្ទាប់ពី​វា​បង្កើតបាន កូន​មួយ​សម្បុក​ធំ​រហូតដល់​ទៅ ១៨ ក្បាល​កាលពីពេល​ថ្មីៗ​នេះ​។
​ ​
​សុនខ​ញី​អាយុ ៣ ឆ្នាំនេះ​បាន​បង្កើតកូន​ដំបូង​សុនខ​ទាំងនេះ ក្រោយ​ឈឺពោះ ១៤​ម៉ោង​កាលពី ខែ​មុន​ដែល​ធ្វើឱ្យ​ម្ចាស់​ស្រី​របស់​វា​ឈ្មោះ លូ​អ៊ី​ស ក្លេ​មិន (Louise Clement) ស្រឡាំងកាំង និង​ត្រេកអរ​យ៉ាងខ្លាំង​។
​ ​
​អ្នកស្រី លូ​អ៊ី​ស ក្លេ​មិន និយាយថា “​ពិតជា​អស្ចារ្យ​ណាស់ដែ​លវា​បង្កើតកូន​តា​មធម្ម​ជាតិ​បាន​ច្រើន ខ្លាំង​បែបនេះ​។ ខ្ញុំ​គិតថា​វា​អស់​កូន​ហើយ បន្ទាប់ពី​កើត​បានកូន​ទី​១៥ ព្រោះ​វា​អស់កម្លាំង​ខ្លាំង ហើយ​បិទ​ភ្នែក​បម្រុង​ដេក​។ ប៉ុន្តែ​ស្រាប់តែ​វា​កើតចេញ​កូន​មួយទៀត ហើយ​បន្ទាប់មក​បាន ២ ថែមទៀត​។ ខ្ញុំ​ពិតជា​មាន​មោទនភាព​យ៉ាងខ្លាំង​ចំពោះ​វា វា​អស្ចារ្យ​មែនទែន​”​។

​ទោះជា​យ៉ាងណា ម្ចាស់​ស្រី​វ័យ ៤៦ ឆ្នាំ​រូបនេះ​និយាយថា គាត់​មាន​គម្រោង​ទុក​ចិញ្ចឹម​តែមួយ ក្បាល​ប៉ុណ្ណោះ ។ ចំណែកឯ​កូន ១៧ ក្បាល​ទៀត​គាត់​នឹង​ឱ្យគេ​យកទៅ​ចិញ្ចឹម​៕ ប្រែ​សម្រួលៈ​ខុម​