ភ្នាក់ងារ​របស់ ម៉ូ​ហា​ម៉េ​ដ សាឡា ថា សំណើ​ផ្ទេរ​ពីរ Real Madrid គឺ​ពិតជា​ល្អ​

212
ចែករម្លែក

​ខ្សែប្រយុទ្ធ ម៉ូ​ហា​ម៉េ​ដ សាឡា (Mohamed Salah) មិន​បដិសេធ​សំណើ​របស់​ក្លឹប Real Madrid នោះទេ​កាលពី​ខែមីនា​ឆ្នាំ​២០១៨ នេះ​បើតាម​ភ្នាក់ងារ​របស់​កីឡាករ​ឆ្នើម​រូបនេះ​។​
​ ​
​លោក ហា​នី រ៉ា​ម​ហ្ស៊ី (Hany Ramzy) ជា​អតីត​ជំនួយការ​របស់​អ្នកចាត់ការ​ក្រុម​ជម្រើសជាតិ អេ​ហ្ស៊ី​ប​បាន​អះអាង​កាលពី​ចុង​សប្តាហ៍​ថា សាឡា បាន​ពិភាក្សា​សំណើ​ពី​ក្លឹប​យក្ស​អេ​ស្ប៉ា​ញ ជាមួយ​លោក អំឡុងពេល​ហ្វឹកហាត់​ជាមួយ​ក្រុម​ជម្រើសជាតិ​មុនពេល​ប្រកួត​វើ​ល​ខាប់​នៅ ប្រទេស​រុស្ស៊ី​។​
​ ​
​លោក រ៉ា​ម​ហ្ស៊ី បាន​និយាយថា “​នៅពេល​ខ្ញុំ​ធ្វើ​ការងារ​ជាមួយ​លោក ហិ​កទ័រ គូ​ព័រ យើង​មាន​ជំរុំ ហ្វឹកហាត់​នៅ​ប្រទេស​ស្វ៊ី​ស​។ ខ្ញុំ​បាន​ជជែក​ជាមួយ សាឡា ហើយ​គាត់​បាន​ប្រាប់​ខ្ញុំ​ថា ក្លឹប Real Madrid បាន​បញ្ជូន​សំណើ​ទៅ​គាត់​”​។​
​ ​
​លោក​បន្តថា សំណើ​នេះ​ល្អ​ណាស់ ប៉ុន្តែ សាឡា បាន​ពិភាក្សា​រឿងនេះ​ជាមួយ​លោក និង​លោក គូ​ព័រ ហើយ សាឡា សម្រេចចិត្ត​បន្ត​នៅ​ជាមួយ​ក្រុម Liverpool ពីព្រោះ​ខ្លួន​ពេញចិត្ត​នៅ​ទីនោះ​។​
​ ​
​នៅពេលនោះ សាឡា ខិត​ទៅរក​ដំណាច់​នៃ​រដូវ​កាល​ទី​១​របស់ខ្លួន​ជាមួយ​ក្លឹប Liverpool ដែល កីឡាករ​រូបនេះ​រកបាន​៤៤​គ្រាប់​ក្នុង​បង្ហាញមុខ​៥២​លើក​។​
​ ​
​ប៉ុន្តែ​យុទ្ធនាការ​នៅពេលនេះ​បានបញ្ចប់​ដោយ​ការឈឺ​ចិត្ត​នៅពេល​កីឡាករ​រូបនេះ​រងរបួស​ដៃ​ដោយសារតែ​ការ​ទាញ​ដោយ​ខ្សែការពារ សឺ​ជី​អូ រ៉ា​ម៉ូ​ស (Sergio Ramos) របស់​ក្លឹប Real Madrid ធ្វើ​ឲ្យ​កីឡាករ​រូបនេះ​ត្រូវ​ប្តូរ​ចេញ អំឡុងពេល​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​ឆេ​ម​ពាន​លី​កនៅ​ទីក្រុង​កៀវ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

ខ្សែប្រយុទ្ធ ម៉ូ​ហា​ម៉េ​ដ សាឡា (Mohamed Salah)

ទីតាំងផ្សាយពាណិជ្ជកម្ម