បន្ថែមព័ត៌មានពលរដ្ឋខ្មែរឆ្លងចូលដីថៃ ហើយរបួសទាក់បន្លាលួស ដោយសារទាហានថៃបាញ់បង្អើល

227
ចែករម្លែក
បន្ថែមព័ត៌មានពលរដ្ឋខ្មែរឆ្លងចូលដីថៃហើយរបួសទាក់បន្លាលួសដោយសារទាហានថៃបាញ់បង្អើល

ដោយៈមុនីរ័ត្ន,ឡាយុំ/ភ្នំពេញៈសេចក្តីរាយការណ៍បានឲ្យដឹងថា កាលពីថ្ងៃទី១៩ ខែឧសភា មានប្រជាពលរដ្ឋខ្មែរចំនួន ១៦នាក់ បានឆ្លងដែនពីទឹកដីកម្ពុជាចូលទៅថៃ ត្រង់ចំណុចដើមស្រល់ក្នុងបរិវេណកាស៊ីណូផ្កាយ៥ ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានជួបជាមួយទាហានឈុតខ្មៅថៃ​ហើយព្យាយាមរត់គេចពីការចាប់ខ្លួនរបស់ទាហានថៃ ពេលនោះទាហានឈុតខ្មៅថៃ​បានបាញ់ឡើងលើ ធ្វើឲ្យប្រជាពលរដ្ឋខ្មែរភ័យ​ហើយរត់ទៅទាក់ជាមួយបន្លាលួស​របស់ថៃ​បណ្ដាលឱ្យរបួស។ជនរងគ្រោះត្រូវបានទាហានឈុតខ្មៅថៃបញ្ជូនទៅព្យាបាល​នៅពេទ្យអារញ្ញខេត្តស្រះកែវប្រទេសថៃ។

លោកឧត្តមសេនីយ៍ទោ ឈុន ម៉ៅ មេបញ្ជាការទិសទី១ បន្ទាយមានជ័យ បានឲ្យដឹងថាក្នុងចំណោមពលករទាំង ១៦នាក់ ដែលទាហានថៃឃាត់ខ្លួនបញ្ជូនមកនេះមានម្នាក់ជាមេខ្យល់ឈ្មោះ ឃាន ភៀន ហៅអ៊ូខុង ប្រុស​អាយុ៣០ ឆ្នាំរស់នៅភូមិក្តីស្វិត ឃុំស្រែក្តុក ស្រុកកណ្ដៀងខេត្តពោធិ៍សាត់ ។ លោកកំពុងធ្វើការសាកសួរមេខ្យល់រូបនេះ​នៅច្រកអូរបីជាន់ រួចបញ្ជូនឲ្យសមត្ថកិច្ចចាត់ការ​តាមនីតិវិធីច្បាប់ ហើយពលករទាំង ១៦នាក់ នឹងរៀបចំបញ្ជូនមកធ្វើចត្តាឡីស័កនៅស្រុកអូរជ្រៅ ។

ដោយឡែកនៅយប់ថ្ងៃទី១៩ ខែឧសភា ទាហានការពារព្រំដែនខាងកើតច្រកបឹងត្រកួន បានឃាត់ខ្លួនពលករខ្មែរដែលចាញ់បោកមេខ្យល់នាំឆ្លងដែនខុសច្បាប់ទៅប្រទេសថៃ ចំនួន២៤នាក់និងនៅច្រកភ្នំឆត្របានធ្វើការឃាត់ខ្លួនប្រជាពលរដ្ឋខ្មែរដែលចាញ់បោកមេខ្យល់ទៅធ្វើការនៅប្រទេសថៃចំនួន ២៦នាក់ ហើយអ្នកទាំងនេះត្រូវបានបញ្ជូនទៅធ្វើចត្តាឡឺស័កចំនួនពីរគោលដៅ​ទី១ចត្តាឡីស័កនៅស្រុកថ្មពួក ទី២ចត្តាឡីស័កនៅស្រុកស្វាយចេក ។

លោកឧត្តមសេនីយ៍ទោ ឈុន ម៉ៅ បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរទាំងអស់សូមមេត្តាកុំចាញ់បោកមេខ្យល់ដោយធានានាំឆ្លងដែនខុសច្បាប់ទៅធ្វើការនៅប្រទេសថៃ ព្រោះវាគ្រោះថ្នាក់ខ្លាំងណាស់ក្នុងដំណាក់កាលនេះ​ខណៈដែលប្រទេសថៃនិងប្រទេសកម្ពុជាកំពុងតែរឹតបន្តឹងច្រកព្រំដែនមិនឱ្យប្រជាពលរដ្ឋឆ្លងដែនខុសច្បាប់ចូលទឹកដីថៃទេក្នុងគោលបំណងទប់ស្កាត់ការរីករាលដាលនូវរលកទីពីរនៃជំងឺកូវីត-១៩ ៕សរន/Ha

ទីតាំងផ្សាយពាណិជ្ជកម្ម