ផលិតករហូលីវូដ “ត្រៀមខ្លួនរួចជាស្រេចដើម្បីធ្វើសក្ខីកម្ម” ប្រឆាំងនឹងអតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី

205
ចែករម្លែក

ផលិតករហូលីវូដនៃភាពយន្តល្បី “The Wolf of Wall Street” មានឆន្ទៈធ្វើសក្ខីកម្មប្រឆាំងនឹងឪពុកចុងរបស់គាត់គឺលោក ណាជីប រ៉ាហ្សាក់ ដែលជាអតីតមេដឹកនាំដ៏អាម៉ាស់របស់ម៉ាឡេស៊ីជុំវិញរឿងអាស្រូវពុករលួយដ៏ធំមួយ។

ព័ត៌មាននេះបានកើតឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះបន្ទាប់ពីការចោទប្រកាន់ត្រូវបានទម្លាក់ចោលដោយមិននឹកស្មានដល់ប្រឆាំងផលិតករឈ្មោះ រីហ្សា អាហ្ស៊ីស ដែលត្រូវបានចោទប្រកាន់ថាបានទទួលប្រាក់ច្រើនសន្ធឹកសន្ធាប់ពីមូលនិធិទ្រព្យសម្បត្តិរដ្ឋ 1MDB របស់ម៉ាឡេស៊ី។

ប្រាក់រាប់ពាន់លានដុល្លារត្រូវបានគេលួចពីមូលនិធិនេះនិងចំណាយលើអ្វីៗគ្រប់យ៉ាងពីនាវាកម្សាន្តរហូតដល់ស្នាដៃសិល្បៈនៅក្នុងការក្លែងបន្លំដ៏ធំមួយ ដែលពាក់ព័ន្ធនឹងលោកណាជីបនិងបក្ខពួករបស់គាត់។

លោកណាជីបបានបាត់បង់អំណាចក្នុងឆ្នាំ ២០១៨ មួយផ្នែកធំគឺដោយសារកំហឹង មហាជនជុំវិញរឿងអាស្រូវ 1MDB ហើយចាប់តាំងពីពេលនោះមកត្រូវបាននាំខ្លួន ទៅកាត់ទោសនៅតុលាការ។

ការចោទប្រកាន់របស់រីហ្សាត្រូវបានទម្លាក់ចោលជាថ្នូរនឹងការយល់ព្រមប្រគល់ទ្រព្យសម្បត្តិជាង ១០០ លានដុល្លារដល់ប្រទេសម៉ាឡេស៊ីវិញ ប៉ុន្តែមានការខឹងសម្បា ជាទូទៅថា គាត់បានរួចផុតពីការជាប់ពន្ធនាគារ។

ទោះយ៉ាងណា មានឆាកល្ខោនថ្មីត្រូវមើលនៅក្នុងរឿងនេះទៀតកាលពី ថ្ងៃអង្គារទី១៩ឧសភា នៅពេលការកាត់ក្តីមួយរបស់ណាជីបបានបន្តនៅឯតុលាការ កំពូលក្រុងគូឡាឡាំពួបន្ទាប់ពីសម្រាកមួយរយៈធំដោយសារតែការរីករាលដាលនៃជំងឺកូវីដ១៩។

រដ្ឋអាជ្ញាឈ្មោះ ហ្គោប៉ាល់ ស្រ៊ីរ៉ាំ បានប្រាប់តុលាការមុនពេលដំណើរការនីតិវិធីថា “រីហ្សា អាហ្ស៊ីស បានបង្ហាញឆន្ទៈរបស់គាត់ក្នុងការផ្តល់ភស្តុតាងសម្រាប់ការ កាត់ក្តីក្នុងករណីនេះ”។

ករណីនេះគឺជារឿងសំខាន់បំផុតមួយក្នុងចំណោមករណីជាច្រើនដែលលោកណាជីបត្រូវប្រឈម ដែលកន្លងមកគាត់តែងបដិសេធការមិនបានធ្វើខុសនោះ។ ករណីនេះ គឺផ្តោតលើការចោទប្រកាន់ថាគាត់បានទទួលប្រាក់ជាង ៥០០ លានដុល្លារពីមូលនិធិ 1MDB ដោយខុសច្បាប់។

ម្ដាយរបស់លោករីហ្សាឈ្មោះ រ៉ូស្មា ម៉ាន់សួ ដែលបានរៀបការជាមួយលោកណាជីប បានក្លាយជារន្ទះកំហឹងរបស់សាធារណជនក្នុងអំឡុងពេលស្វាមីរបស់លោកស្រីចូលកាន់តំណែង ដោយសារតែការស្រលាញ់ការធ្វើដំណើរទៅទិញទំនិញនៅបរទេស និងការជះលុយប្រមូលទិញកាបូបថ្លៃៗជាច្រើន។

លោកស្រីក៏កំពុងប្រឈមការកាត់ទោសពីបទពុករលួយផងដែរ។

លោករីហ្សាត្រូវបានចោទប្រកាន់ពីបទទទួលយកប្រាក់ចំនួន ២៤៨,១៧ លានដុល្លារ ក្នុងឆ្នាំ ២០១១ និងឆ្នាំ ២០១២ នៅក្នុងដំណើរការខុសច្បាប់ជាច្រើន ដែលបានមកពី មូលនិធិ 1MDB ដែលត្រូវបានបញ្ជូនទៅគណនីធនាគាររបស់ក្រុមហ៊ុនផលិតកម្ម ហូលីវូដ Red Granite Pictures របស់គាត់។

ក្រៅពីរឿង “The Wolf of Wall Street” ដែលនិយាយអំពីរឿងអាស្រូវហិរញ្ញវត្ថុដ៏ធំ និងសម្តែងដោយលោក លីអូណាដូ ឌីកាព្រីយ៉ូ ផលិតកម្ម Red Granite ក៏បានផលិតរឿង Dumb and Dumber To” និងរឿង “Daddy’s Home” ផងដែរ។

អ្នកខ្លះមានការងឿងឆ្ងល់ថាតើការសម្រេចចិត្តទម្លាក់ចោលការចោទប្រកាន់ប្រឆាំងនឹងលោករីហ្សាមានជាប់ទាក់ទងនឹងការផ្លាស់ប្តូររដ្ឋាភិបាលនាពេលថ្មីៗនេះដែរឬអត់ ដែលឃើញគណបក្សរបស់លោកណាជីបវិលមកកាន់អំណាចវិញ។ ប៉ុន្តែនាយករដ្ឋមន្រ្តីថ្មីបានទទូចថាលោកមិនបានជ្រៀតជ្រែកក្នុងករណីនេះទេ៕ ដោយ៖ កញ្ញាដាលីស/Ha

ផលិតករហូលីវូដ រីហ្សា អាហ្ស៊ីស មានឆន្ទៈធ្វើសក្ខីកម្មប្រឆាំងនឹងលោកណាជីប

ទីតាំងផ្សាយពាណិជ្ជកម្ម