ប្រេ​ស៊ីល វ៉ា​ហួស​អង់គ្លេស ក្លាយជា​ប្រទេស​មាន​អ្នក​ឆ្លងកូវី​ដ​១៩​ខ្ពស់​បំផុត​ទី​៣

644
ចែករម្លែក

​ប្រេ​ស៊ីល​បាន​ក្លាយជា​ប្រទេស​ទី​៣​ក្នុង​លោក​ដែល​មាន​អ្នក​ឆ្លងកូវី​ដ​១៩​ច្រើនជាងគេ​បន្ទាប់ពី​អាម៉េរិក​និង​រុស្ស៊ី នេះ​បើ​តាម​តួលេខ​បង្ហាញ​កាលពី​ថ្ងៃ​អង្គារ​ទី​១៩​ឧសភា​។​

​ជាមួយ​នឹង​ករណី​ឆ្លង​ដែល​មាន​ការបញ្ជាក់​ចំនួន​២៥៤.២២០​នាក់ ប្រេ​ស៊ីល​ឥឡូវ​វ៉ា​ហួស អង់គ្លេស អេ​ស្ប៉ាញ និង​អ៊ីតាលី ខាង​ចំនួន​ឆ្លង​ច្រើនជាងគេ ដោយ​នៅ​ពីក្រោយ​តែ​ប្រទេស​អាម៉េរិក​(១,៥​លាន​)​និង​​រុស្ស៊ី​(២៩០.០០០)​។​

​ចំណែក​ការស្លាប់​ដោយកូវី​ដ​១៩​នៅ​ប្រេ​ស៊ីលជាប់​ចំណាត់ថ្នាក់​ទី​៦​នៅក្នុង​លោក​គឺ ១៦.៧៩២​នាក់​។​

​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ធំ​បំផុត​នៅ​អាម៉េរិក​ខាងត្បូង​មួយ​នេះ ត្រូវបាន​ហែកហួ​រ​ដោយ​ជម្លោះ​នយោបាយ​ដោយសារ​តែ វិធី​ដោះស្រាយ​ចំពោះ​វីរុស​ឆ្លង​នេះ​។​ប្រធានាធិបតី ហ្សែ​រ បុល​សូ​ណារ៉ូ បាន​ប្រដូច​​វីរុស​កូរ៉ូ​ណា​នេះ​ទៅ​ណា​កូន​ផ្តាសាយ​មួយ និង​បាន​ថ្កោលទោស​ការនិយាយ​បំប៉ោង​ជុំវិញ​ការផ្ទុះ​ជំងឺ​នេះ ហើយ​បាន​អំពាវនាវ​ឲ្យ​ប្រជាជន​វិល​ទៅ​ធ្វើការ​ដើម្បី​កុំឲ្យមាន​វិបត្តិ​សេដ្ឋកិច្ច​។​

​ទោះជា​យ៉ាងណា អាជ្ញាធរ​រដ្ឋ​និង​មូលដ្ឋាន ក្រោម​ការគាំទ្រ​ពី​តុលាការ​ជាន់ខ្ពស់ បាន​អំពាវនាវ​ឲ្យ​ប្រជាជន​នៅក្នុង​ផ្ទះ និង​អនុវត្ត​គម្លាត​សង្គម ។​

អ្នកជំងឺ​កូវី​ដ​១៩ ដេក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មួយ​ក្នុង​ក្រុង​ម៉ា​ណូស ប្រទេសប្រេ​ស៊ីល​

​លោក​បុល​សូ​ណារ៉ូ ឥឡូវ​ស្វះស្វែង​រក​រដ្ឋមន្ត្រី​សុខាភិបាល​ទី​៣ បន្ទាប់​ពី​២​នាក់​មុន​បាន​ចេញពី​តំណែង​ចាប់តាំងពី​ជំងឺឆ្លង​នេះ​ផ្ទុះ​ឡើង​។​លោក​បាន​បណ្តេញ​រដ្ឋមន្ត្រី​សុខាភិបាល​ទី​១​ដោយសារ​ឈ្លោះ​គ្នា​អំពី​​វិធានការ​ប្រឆាំង​កូវី​ដ​១៩ និង​រដ្ឋមន្ត្រី​ទី​២​បាន​សុំ​លាឈប់​កាលពី​សប្តាហ៍​មុន​ក្រោយ​ចូលកាន់​តំណែង​បាន​មួយខែ​។​ការលាឈប់​នេះ​ត្រូវបាន​គេ​និយាយថា បណ្តាលមកពី​ប្រធានាធិបតី ចចេស​ប្រើ​ឱសថ​​គ្រុនចាញ់​ដែល​នៅ​មិនទាន់​បាន​ការអនុម័ត​ប្រើ​ផ្លូវការ​លើ​អ្នកជំងឺ​កូវី​ដ​១៩​។​

​នៅពេល​ការឆ្លង​បន្ត​កើនឡើង មន្ទីរពេទ្យ​នៅ​តំបន់​ជាច្រើន​កំពុង​ដាក់​អ្នកជំងឺ​ពេញៗ ហើយ​បណ្តា​ទីក្រុង​ដែល​រងគ្រោះ​ខ្លាំង​ជាង​គេ​បាន​ចាប់ផ្តើម​កប់​ជនរងគ្រោះ​នៅ​ផ្នូរ​រួម​ធំៗ​៕​ប្រែ​សម្រួល​៖​វាសនា​/Ha

ទីតាំងផ្សាយពាណិជ្ជកម្ម